ជាតិ
សង្គមជាតិ
សម្តេច ពិន សែម ស្នើព្រះសង្ឃក្នុងតំបន់អង្គរគោរពច្បាប់អាជ្ញាធរជាតិអប្សរា
10, Sep 2023 , 7:59 am        
រូបភាព
ព្រះមហាវិមលធម្ម ពិន សែម (កណ្ដាល) ក្នុងសិក្ខាសាលាស្ដីពីវត្តអារាមនៅវត្តរាជបូណ៌ នាថ្ងៃទី១ កញ្ញា។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ព្រះមហាវិមលធម្ម ពិន សែម (កណ្ដាល) ក្នុងសិក្ខាសាលាស្ដីពីវត្តអារាមនៅវត្តរាជបូណ៌ នាថ្ងៃទី១ កញ្ញា។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ សម្តេច ពិន សែម ​​ព្រះចៅអធិការវត្តរាជបូណ៌ បានស្នើឱ្យព្រះសង្ឃគង់តាមវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ មុននឹងរៀបចំធ្វើអ្វីមួយ ត្រូវ គោរពច្បាប់បេតិកភណ្ឌ ដែលមានអាជ្ញាធរជាតិអប្សរាជាអ្នកគ្រប់គ្រង។ តាមបន្ទូល សម្តេច ពិន សែម ការមិនគោរពច្បាប់ គឺដូចកំពុងបំផ្លាញបេតិកភណ្ឌជាតិដូច្នេះដែរ។

 
ព្រះសង្ឃតំណាងវត្តអារាមទាំង៦១ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចូលរួមក្នុងសិក្ខាសា លាស្ដីពី «វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា» ដែលធ្វើឡើងនៅវត្តរាជបូណ៌ នាថ្ងៃទី១ ខែកញ្ញា កន្លងទៅ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងបំណងបណ្តុះគំនិតស្រឡាញ់ ថែរក្សា និងអភិរក្សឧទ្យានអង្គរ ដែលជាតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក តាមរយៈការចូលរួមពីវត្តអារាម និងការកែ ប្រែចំណុចអវិជ្ជមានមួយចំនួនទៅភាពល្អប្រសើរឡើងវិញ។
 
មានសង្ឃដីការនាពេលនោះ សម្ដេចព្រះ​ព្រហ្មរតនមុនី ពិន សែម បានលើក ពីការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក៏ដូចជារតនសម្បត្តិ ជាតិដទៃទៀត ចូលក្នុងបញ្ជើ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រះអង្គ ពន្យល់ថា បុគ្គលគ្រប់រូបមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សាសម្បត្តិទាំងនោះ ឱ្យគង់វង្ស ជានិរន្ត។ យ៉ាងណា តួនាទីទាំងនោះ មិនមែនត្រឹមជាភារកិច្ចរបស់ជនជាតិខ្មែរទេ តែសម្រាប់ មនុស្សជាតិទាំងមូល ក្រោយសម្បត្តិទាំងនោះ ត្រូវាបនដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ។ 
 
ចំពោះមុខសម្ដេចសង្ឃ និងព្រះសង្ឃច្រើនអង្គ សម្តេច ពិន សែម មានសង្ឃដីការដូច្នេះថា៖« យើងគ្រប់រូបគប្បី ថែរក្សាកេរដំណែលរបស់ដូនតា ដែលជាបេតិកភណ្ឌជាតិ តែបច្ចុប្បន្ន រាជរដ្ឋាភិបាលបានយកវត្ថុទាំងនោះ ចុះជាសម្បត្តិមនុស្សជាតិលើពិភពលោក។ ពីមុនរបស់ ខ្មែរ តែឥឡូវជារបស់សកលលោក»។
 
ក្រៅពីលើកពីករណីប្រាសាទដែលត្រូវថែទាំ ក្នុងនោះសម្ដេច ពិន សែម ក៏លើកពីវត្តអារាម ដែលសង់ក្នុងតំបន់ប្រាសាទ ឬតំបន់រមណីយដ្ឋានទាំងនោះផងដែរ។ ព្រះអង្គថា វត្តទាំង នោះ ក៏ចាត់ចូលក្នុងរតនវត្ថុ និងទេសភាពវប្បធម៌ ដែលត្រូវរៀបចំ និងអភិរក្សដូចគ្នា ដូច្នេះ ការសង់សំណង់ថ្មី ត្រូវបានហាមប្រាម ហើយការវាយសំណង់ចាស់ចោលដោយឯកឯង ក៏ ខុសច្បាប់ដែរ។ សំណង់បុរាណទាំងនោះ ត្រូវការកែលម្អ និងជួសជុលទៅតាមលំនាំដើមវិញ ដោយគោរពតាមច្បាប់បេតិកភណ្ឌ។ នេះជាការពន្យល់របស់សម្ដេច ពិន សែម ដោយ លើកករណីដែលអាជ្ញាធរជាតិអប្សរា ជួយជួសជុលសាលារៀន និងព្រះវិហារនៅក្នុងវត្ត រាជបូណ៌។ ព្រះអង្គយល់ថា ការងារនេះ ស្របតាមគោលគំនិតរបស់លោកដែរ ដែល ស្រឡាញ់ និងចង់ថែរក្សាបុរាណវត្ថុទាំងនោះ ដោយមិនចង់បាត់បង់ស្នាដៃពីបុរាណ។ ព្រះអង្គ ពិន សែម បន្ថែមថា៖ «ឃើញវត្តខ្លះរើវិហារចាស់សង់ថ្មី អស់អាលីង មកពីព្រះអង្គ មិនយល់តម្លៃ»។
 
បន្ថែមពីនេះ ព្រះអង្គ ពិន សែម ក៏រំឭកពីការងាររៀបចំរំកិលកុដិ វត្ត នៅវត្តលលៃចុះមក ក្រោម ដែលសង់លើខឿនប្រាសាទ និងការរៀបចំបរិស្ថានឡើងវិញ ឱ្យសមនឹងតម្លៃ តំបន់បេតិកភណ្ឌ។ ព្រះអង្គចាត់ទុកកាយវិការរបស់គណៈសង្ឃគ្រប់គ្រងនៅទីនោះ ថា បានរួមចំណែកធំធេងក្នុងការការពារតម្លៃបេតិកភណ្ឌបង្ការកុំឱ្យមានការគំរាមដកចេញ ពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ 
 
សម្ដេច​ ពិន សែម មានសង្ឃដីការថា៖« អង្គការយូណេស្គូចេះតែបន្ទោស និងថាធ្វើម៉េចដកវាចេញទៅ [រំកិលកុដិ វត្តចុះក្រោមខឿនប្រាសាទ] ព្រោះវាខុសច្បាប់ បេតិកភណ្ឌបុរាណ។ យើងក៏ព្យាយាម ដែលមានអាជ្ញាធរអប្សរា ហើយនឹងគណៈសង្ឃ មេគណទាំងអស់ បានពន្យល់លោក ប្រជុំប៉ុន្មានដងឱ្យយល់ពីបេតិកភណ្ឌមនុស្សជាតិ ដោយចុងក្រោយ យើងមានវិធីមួយចុងបញ្ចប់ដែលត្រូវធ្វើ យើងរៀបចំជាកម្មវិធី ទស្សនកិច្ច សិក្សា និងបាននិមន្តលោកទៅប្រទេសថៃ មើលពីការរៀបចំរបស់គេ ទើបលោកភាគច្រើន យល់ព្រម»។ 
 
សម្តេច ពិន សែម ស្នើដល់ព្រះសង្ឃទាំងអស់ គង់នៅវត្តនារមណីយដ្ឋានអង្គរត្រូវយល់ ដឹងពីបញ្ហាទាំងអម្បាលម៉ាន ដោយមិនត្រូវសាងសង់ និងរុះរើសំណង់ចាស់ៗ តាមតែចិត្ត ចង់បានសំណង់ថ្មីឡើយ គឺត្រូវគោរពច្បាប់អាជ្ញាធរជាតិអប្សរាជាធំ ទោះខ្លួនឯងជា ព្រះ សង្ឃក៏ដោយ។ ព្រះអង្គលើកឡើងដូច្នេះថា៖ «សុំឱ្យព្រះសង្ឃយើងទាំងអស់ ដែលមានវត្ត អារាមក្នុងតំបន់ សូមឱ្យគោរពច្បាប់ ព្រោះយើងទាំងអស់គ្នាឈ្មោះថា សាមណៈ ប្រែថាអ្នក ដែលស្ងប់។ អ្នកដែលស្ងប់បានដោយសារធម៌វិន័យ។ អ្នកដែលគោរពច្បាប់ សាសនា និងជាតិ»។
 
ថ្លែងក្នុងពិធីនោះដែរ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានចាត់ទុកសិក្ខា សាលាលើកទី២ នៅពេលនោះ ថាមានតម្លៃ និងគុណប្រយោជន៍ជាច្រើន សម្រាប់ការ ចូល រួមរបស់វិស័យពុទ្ធសាសនា ក្នុងការថែរក្សាបេតិកភណ្ឌ។ លោកបន្តថា កន្លងមកវត្តមួយ ចំនួនបានសហការយ៉ាងល្អជាមួយអាជ្ញាធរជាតិអប្សរា តែខ្លះទៀតក៏មិនទាន់បានល្អ ដូចជា សាងសង់សំណង់ខុសពីច្បាប់បញ្ញត្តិ ធ្វើឱ្យប៉ះពាល់តម្លៃលេចធ្លោ នៅក្នុងរមណីយដ្ឋាន អង្គរ។ 
 
ក្រៅពីសំណង់វត្តអារាម ក្នុងនោះលោក ហង់ ពៅ ក៏ចង់ឱ្យមានការចូលរួម របស់ព្រះសង្ឃ ក្នុងការគិតគូរលើ បញ្ហាអនាម័យ សណ្ដាប់ធ្នាប់ សោភ័ណភាពក្នុងវត្តផងដែរ ដែលលោក ចាត់ទុកថា បញ្ហាទាំងនេះគួរមានការយកចិត្តទុកដាក់ ដ្បិតជាទីតាំងសក្ការៈបូជា ពី ពុទ្ធ បរិស័ទ។ ម្យ៉ាងទៀត ការរៀបចំវត្តអារាមឱ្យមានសោភ័ណភាព ក៏ទាក់ទាញភ្ញៀវទេសចរ ផងដែរ៕

Tag:
 ពិន សែម
  វត្តក្នុងតំបន់អង្គរ
  សៀមរាប
  ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com