ជាតិ
សង្គមជាតិ
ទិវាមនុស្សចាស់១តុលា! ជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា
× ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែតុលាក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។ សម្រាប់ទិវានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារាចរណែនាំនាថ្ងៃ២៩ ខែកញ្ញា ឱ្យមានការចូលរួមយ៉ាងផុសផុលក្នុងការរំលឹកគុណូបការៈរបស់មនុស្សវ័យចាស់ ដែលបានសាង និងបន្សល់ទុកនូវកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
ប្រមុខរដ្ឋាភិបាល ណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវ សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ រួមគ្នាអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានអធិកអធម។
«រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ដោយជំរុញឱ្យមានការផ្សព្វផ្សាយទូលំទូលាយពីសារសំខាន់នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០។
សម្រាប់មនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង សម្តេចលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ បន្តជួយគាំទ្រកម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់ ហើយគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនា។
ចំពោះក្រសួងអប់រំ យុវជន និងកីឡា សម្តេចបានជំរុញឱ្យមានចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ រីឯក្រសួងធម្មការ និងសាសនាត្រូវធ្វើការណែនាំចលនាតាមវត្តអារាម វិហារសាសនាទូ តាមរយៈ បព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជាពិសេសអាចឱ្យពួកគាត់ស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ និង អាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com