ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ លោក ឃួង ស្រេង​ ត្រៀមឡានក្រុង៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតឥតគិតថ្លៃ​
05, Oct 2023 , 5:32 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងបញ្ចេញឡានក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ​​ នាពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១២ដល់១៧តុលា ឆ្នាំ២០២៣។ បើតាមសេចក្តីជូនដំណឹងរបស់អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥តុលានេះ រថយន្ត ៦០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋនៅភ្នំពេញ និង៣៩៥គ្រឿងទៀត  សម្រាប់ដឹកពលរដ្ឋពីភ្នំពេញ ទៅកាន់ខេត្តនានា។

 
អភិបាលរាជធានីភ្នំពេញបានរៀបរាប់ថា សម្រាប់ឡានក្រុងពីភ្នំពេញ-កណ្តាល, ព្រៃវែង-ភ្នំពេញ, ស្វាយរៀង-ភ្នំពេញ មានចំនួន២០គ្រឿង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ១។ ឡានក្រុងធ្វើដំណើរតាមផ្លូវជាតិលេខ២មាន៥គ្រឿង សម្រាប់ដឹកពលរដ្ឋភ្នំពេញ-កណ្តាល និងតាកែវ-ភ្នំពេញ និង២០គ្រឿងសម្រាប់ដឹកអ្នកដំណើរតាមផ្លូវជាតិលេខ៣។ 
 
ឡានក្រុង១៥គ្រឿង សម្រាប់ដឹកពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកំពង់ស្ពឺ និងព្រះសីហនុ។ រីឯ អ្នកធ្វើដំណើរតាមផ្លូវលេខ៥ មានរថយន្ត១៥០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។​ ផ្លូវទៅខេត្តសៀមរាប គឺមានរថយន្ត១២០គ្រឿង ខណៈផ្លូវទៅកំពង់ធំ មានឡាន១០គ្រឿងផងដែរ។ 
 
ចំពោះ ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់ខេត្តកំពង់ចាម និងត្បូងឃ្មុំ មានឡានក្រុងសម្រាប់ដឹកជញ្ជូនចំនួន៣០គ្រឿង ​និង២៥គ្រឿង គឺសម្រាប់ដឹកពលរដ្ឋទៅក្រចេះ និងស្ទឹងត្រែង តាមផ្លូវជាតិលេខ ៨ និង១៣។ 
 
ជាមួយនឹងការត្រៀមបញ្ចេញឡានសាធារណៈនេះ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល។ ពោល គឺមិនមានការតម្លើងថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរឡើយ ដើម្បីរួមចំណែកជាមួយអាជ្ញាធរ ដូចជារដ្ឋាភិបាល ក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ 




© រក្សាសិទ្ធិដោយ thmeythmey.com