ជាតិ
ក្រសួងកសិកម្ម​ប្រកាស​រើសមន្ត្រី​សម្រាប់​តំណែង​ប្រធាននាយកដ្ឋាន
06, Oct 2023 , 11:29 am        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ប្រកាសជ្រើសរើស​មន្ត្រីក្រោមឱវាទសម្រាប់មុខតំណែងជាប្រធាន នាយកដ្ឋានរដ្ឋបាល ផែនការ​ គណនេយ្យ ​និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម។



សេចក្តីជូនដំណឹងចុះ​ថ្ងៃទី​៥ ខែតុលា បាន​បញ្ជាក់ពី​លក្ខខណ្ឌ​បេក្ខជន គឺត្រូវតែជា​មន្ត្រីក្របខណ្ឌ​ «ក» នៃក្រសួងកសិកម្ម​ផ្ទាល់ ដោយមាន​សញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើង ជាមួយ​នឹង​ជំនាញផ្នែករដ្ឋបាលសាធារណៈ ឬ ជំនាញចាំបាច់ពាក់ព័ន្ធ។
 
លើសពីនេះ បេក្ខជន ត្រូវមានអតីតភាពការងារយ៉ាងតិច៥ឆ្នាំ គិតចាប់តាំងពី​ពេលតាំង​ស៊ប់ រួមទាំងមាន​សមត្ថភាព​ប្រើប្រាស់ភាសាអង់គ្លេស និងព័ត៌មានវិទ្យា។​ បេក្ខជនដែលដាក់ពាក្យសុំយកតំណែងខាងលើ ត្រូវមានការងារបច្ចុប្បន្នជាប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ឬប្រធាននាយកដ្ឋាន។
 
ជាមួយគ្នានេះ ក្រសួង​ក៏តម្រូវឱ្យ​បេក្ខជនបញ្ជាក់ឱ្យបានច្បាស់លាស់ពីមូលហេតុនៃការស្នើសុំយកតំណែងនេះ ព្រមទាំងចក្ខុវិស័យសម្រាប់នាយកដ្ឋាន ផងដែរ។
 
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​ប្រកាស​រៀបចំ​យន្តការ​ថ្នាក់​ជាតិ​មួយ ក្នុងការរៀបចំ​ឱ្យ​មាន​ការ​ប្រឡង​យន្តការ​ថ្នាក់​កណ្ដាល ដែល​សហការ​ជាមួយ​ក្រសួង​ជំនាញ ដើម្បី​ធានា​បាន​នូវ​សង្គត​ភាព ភាព​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌។ ជាពិសេស ​ធានា​ឱ្យ​បាន​អ្នកចេះ ​គឺ​ជាប់។
 
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី៩កញ្ញា សម្ដេច បាននិយាយយ៉ាងដូច្នេះ៖ « ដើម្បី​ឱ្យ​កិច្ចការ​កំណែទម្រង់​មាន​ប្រសិទ្ធភាព ត្រូវ​មាន​ការ​ដាច់ខាត ប្ដេជ្ញា​ធ្វើ​ទាំងអស់​គ្នា ហើយ​បង្ហាញ​ឱ្យឃើញ​ពី​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ ហ៊ាន​អារកាត់ ហ៊ាន​វះកាត់ ហើយ​ជាពិសេស​ហ៊ាន​អនុវត្ត​គោល​នយោបាយ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច»។
 
អ្វីដែលនាយករដ្ឋមន្ត្រីបានលើកឡើង​នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បានប្តេជ្ញាអនុវត្តគោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កែទម្រង់​វិស័យ​មុខងារ​សាធារណៈ និង​ធ្វើ​យ៉ាងណា​ខំ​ពន្លឿន​យន្តការ​ដ៏​មាន​សារៈសំខាន់​នេះ ឱ្យសម្រេច​បាន​កាន់តែ​ឆាប់រហ័ស​។ នា​ឱកាស​​សំណេះ សំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ថ្ងៃ​ទី១១​កញ្ញា លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ៖ «​ កំណែ​ទម្រង់​ការ​ប្រឡង​ក្របខណ្ឌ​មន្ត្រីរាជការ ​មិន​ចាំបាច់​ត្រូវ​ស្គាល់​អ្នកធំ មិន​ចាំបាច់​ត្រូវ​មាន​ខ្សែ តែ​ត្រូវ​មាន​សមត្ថភាព»៕​
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com