ជាតិ
គ្រប់វិទ្យាល័យ នឹងមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ជាមួយអ៊ីនធឺណិតល្បឿនលឿន
09, Oct 2023 , 7:39 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍(ស្តាំ) ចុះMOU ជាមួយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេស  នៅទីស្តីការក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី៩តុលា​។ រូបថត៖ ពត សែមតារារដ្ឋ (MPTC) ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍(ស្តាំ) ចុះMOU ជាមួយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេស នៅទីស្តីការក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី៩តុលា​។ រូបថត៖ ពត សែមតារារដ្ឋ (MPTC) ។
ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ​រួមគ្នាបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(Community Tech Center) ដែលមានអ៊ីនធឺណិតល្បឿនលឿននៅតាមវិទ្យាល័យទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលសិស្ស និងពលរដ្ឋមូលដ្ឋានលើជំនាញបច្ចេកវិទ្យាឌីជីថល។ គម្រោងនេះ មានរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមអនុវត្ត ចេញពីខេត្តតាកែវ។​

 
វិទ្យាល័យ ហ៊ុន សែន ១មិថុនា នៅស្រុកបាទី ខេត្តតាកែវ ក្លាយជាសាលារៀនដំបូងគេ ដែលក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ និង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចធ្វើមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។ បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ រដ្ឋាភិបាលបានអនុញ្ញាតឱ្យសង់មជ្ឈមណ្ឌលនេះនៅខេត្តតាកែវ ដើម្បីធ្វើជាគំរូសាកល្បងលើការបណ្តុះបណ្តាលសិស្ស និងពលរដ្ឋរស់នៅមូលដ្ឋាន ដោយក្រសួង នឹង​សាងសង់មជ្ឈមណ្ឌលនេះ​នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ទៅ។ 
 
«ក្នុងដំណាក់កាល២ យើងនឹងសាងសង់មជ្ឈមណ្ឌលនេះនៅទូទាំងប្រទេស ដែលគម្រោងយើងមានរយៈពេល៥ឆ្នាំ»។​  លោក ជា វ៉ាន់ដេត ថ្លែងបែបនេះក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ស្តីពី ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ នាព្រឹកថ្ងៃទី៩តុលា ដោយបញ្ជាក់ថា ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ដើម្បីលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល​​ ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលរបស់កម្ពុជា។​
 
តួនាទីសំខាន់របស់មជ្ឈមណ្ឌលនេះ គឺបង្រៀនសិស្សឱ្យចេះ​បច្ចេកវិទ្យាឌីជីល​ថល​ ដោយបង្រៀនចេញពីរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ។  បច្ចុប្បន្ន ក្រសួងក្រសួងប្រៃសណីយ៍ បានរៀបចំកម្មវិធីសិក្សាតាមអនឡាញ(E-Learning Platform)រួចហើយ។ លើសពីនេះ ក្រសួងតាមរយៈមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងបណ្តុះបណ្តាលគ្រូតាមសាលារៀននីមួយៗលើជំនាញព័ត៌មានវិទ្យា ដើម្បីឱ្យនៅជាមួយសិស្សក្នុងការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងការសិក្សាបច្ចេកវិទ្យាឌីជីថល។ 
 
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បន្តរៀបរាប់​ថា មជ្ឈមណ្ឌលនេះ ក៏បើកចំហសម្រាប់សិស្សដែលទំនេរពីការសិក្សាមកស្វែងយល់ ឬ មើលពីការបង្រៀនរបស់គ្រូល្បីៗលើជំនាញនានានៅរាជធានីភ្នំពេញតាមប្រព័ន្ធអនឡាញបានផងដែរ។ «ពីព្រោះ គ្រប់មជ្ឈមណ្ឌលយើង គឺមានកុំព្យូទ័រ និងមានអ៊ីនធឺណិតល្បឿនលឿនសម្រាប់បម្រើដល់ការសិក្សារៀនសូត្ររបស់សិស្ស និងគ្រូ»។ នេះជាការអះអាងរបស់លោក ជា វ៉ាន់ដេត។​
 
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក៏ជាកន្លែងសម្រាប់បណ្តុះបណ្តាលជំនាញឌីជីថលដល់អាជ្ញាធរមូលដ្ឋាន ដែលមានបំណងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ រួមទាំងជាកន្លែងសម្រាប់ប្រជាពលរដ្ឋមកស្វែងរកព័ត៌មាន​ពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងៗទៅ តម្រូវការជាក់ស្តែង។​ បើតាមលោក ជា វ៉ាន់ដេត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ជាប្រព័ន្ធអេកូឡូស៊ីមួយដែលក្រសួងប្រៃសណីយ៍​ ប្រឹងរៀបចំឡើង ដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា​របស់កម្ពុជាឱ្យក្លាយជាពលរដ្ឋឌីជីថល​។​  
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានសាទរនូវគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍របស់ក្រសួងប្រៃសណីយ៍ ដែលពិតជារួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជា ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ។ លោក ជឿជាក់ថា មជ្ឈមណ្ឌលនេះ មិនត្រឹមជួយលើកកម្ពស់គុណភាពអប់រំរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ជួយពង្រីកសមត្ថភាព និងគុណវុឌ្ឍិនៃការបង្រៀនរបស់គ្រូ ផង​ដែរ។ 
 
« នៅក្នុងសតវត្សទី២១ គ្រូបង្រៀនដែលល្អ ដែលឆ្នើម គឺត្រូវតែមានចំណេះដឹងទូលំទូលាយ។  គ្រូបង្រៀន ត្រូវតែចេះប្រើបច្ចេកវិទ្យា។ គ្រូបង្រៀន ត្រូវតែមនសិកា ក្រមសីលធម៌ និងវិជ្ជាជីវៈ»។ ក្នុងន័យនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍​ នឹងផ្តល់ឱកាសឱ្យអ្នកគ្រូលោកគ្រូ ទទួលបាននូវចំណេះដឹងថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ។ 
 
រដ្ឋមន្ត្រីអប់រំបន្តនិយាយយ៉ាងដូច្នេះ ៖ « ប្រសិនបើ បច្ចេកវិទ្យាមិនត្រូវបានប្រើប្រាស់នៅក្នុងការកម្មវិធីបង្រៀនទេ យើងក៏មិនអាចទទួលបាននូវគុណភាពអប់រំបានល្អប្រសើរ ផងដែរ។  ដូច្នេះ! យើងនឹងចាប់ផ្តើមចុះគាំទ្រដល់សាលារៀនគោលដៅ ដើម្បីសម្រេចបាននូវស្តង់ដារសាលារៀនគំរូ លើវិស័យបច្ចេកវិទ្យាឌីជីថល»៕ 
 

Tag:
 បច្ចេកវិទ្យាឌីជីថល
  CTC
© រក្សាសិទ្ធិដោយ thmeythmey.com