ស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកផ្លាស់ប្ដូរយេនឌ័រ អ្នកប្ដូរភេទ ត្រូវបានគេហៅថាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាកោសិការបស់សង្គម ដែលត្រូវការការលើកទឹកចិត្ត ផ្ដល់តម្លៃ ជាជាងការរើសអើង។ តើអ្នកស្រឡាញ់ភេទដូចគ្នា ធ្វើឱ្យបាត់បង់ធនធានមនុស្ស ឬយ៉ាងណា? កញ្ញា លី ពិសី អ្នកសម្របសម្រួលនៃសហគមន៍ឥន្ទធនូកម្ពុជា ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានThmeyThmey 25 ថា មិនមែនជាការពិតទេ។
«ឧទាហរណ៍ថាអ្នកស្រឡាញ់ទាំងពីរភេទ បុរសផង ស្រ្តីផង។ បើជួបគូជាបុរស ក៏អាចមានលទ្ធភាពបន្តពូជបានដែរ។ ដូច្នេះមិនបានប៉ះពាល់ដល់លទ្ធភាពនៃការបន្តពូជទេ»។ នេះជាការបកស្រាយរបស់កញ្ញា ពិសី ដោយបន្តថា បច្ចុប្បន្នជាសម័យទំនើប និងបច្ចេកវិទ្យា ដែលអាចបង្កកំណើតបាន។
ក្រៅពីដំណោះស្រាយទាំងនេះ ក៏មានដំណោះស្រាយជាច្រើន ដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នាបានជួយសង្គម និងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការស្មុំតាមប្រពៃណី និងតាមផ្លូវច្បាប់ពីមណ្ឌលកុមារកំព្រា។ កញ្ញា ពិសី បន្តបែបនេះ៖ «យើងបានរួមចំណែកជួយចិញ្ចឹម និងថែរក្សាកុមារជាច្រើន ដែលដៃគូភេទផ្ទុយគ្នាបានបង្កើត ហើយឪពុកម្ដាយបានស្លាប់ដោយជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»។
បើតាមអ្នកសម្របសម្រួលនៃសហគមន៍ឥន្ទធនូកម្ពុជារូបនេះ ការធ្វើឱ្យមានធនធានមនុស្សសម្រាប់កម្ពុជា គឺមិនមែនដោយសារការបង្កកំណើតមួយមុខនោះទេ។ បច្ចុប្បន្នសមាជិកនៃសហគមន៍ឥន្ទធនូប្រមាណ ៣ពាន់នាក់ សុទ្ធសឹងតែមានការងារធ្វើ ទៅតាមវិស័យ និងជំនាញនីមួយៗ។ កញ្ញា លី ពិសី បានឱ្យដឹងថា ក្នុងសហគមន៍ឥន្ទធនូ មានទាំងកសិករ កម្មករ វិនិយោគិនធំៗ អាជីវករ និងមេធាវី ហើយមិនមែនមានតែវិស័យសិល្បៈប៉ុណ្ណោះទេ។ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានេះ មានជំនាញរបស់ពួកគេច្បាស់លាស់ និងមានអ្នកខ្លះជាអ្នកច្នៃម៉ូតដ៌ល្បីផងដែរ។
កុំមើលមនុស្សតែសម្រកក្រៅ! ក្នុងនាមជាអ្នកសម្របសម្រួលនៃសហគមន៍ឥន្ទធនូកម្ពុជា កញ្ញា ពិសី មិនចង់ឃើញសង្គមរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ដោយមើលត្រឹមភេទ ឬយេនឌ័ររបស់ពួកគេ។ លើសពីនេះ ចំណេះដឹង ជំនាញ បទពិសោធ សីលធម៌ ជាកត្តាដ៏សំខាន់ និងគុណតម្លៃរបស់មនុស្ស។
សូមបញ្ជាក់ថា សហគមន៍ឥន្ទធនូកម្ពុជា ដែលហៅកាត់ថា រ៉ក់ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩។ ចក្ខុវិស័យរបស់សហគមន៍ឥន្ទធនូកម្ពុជា ចង់ឃើញកម្ពុជា ជាទីកន្លែងដែលពលរដ្ឋ អ្នកស្រឡាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនឯង និងរស់នៅប្រកបដោយ សុភមង្គល ដោយមានការការពារសិទ្ធ៕