ជាតិ
ក្រសួងបរិស្ថាន បន្តគាំទ្រគម្រោងស្ដារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី វ៉ាន់នីសា ហឺរេន មូញូ ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី។ រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបន្តគាំទ្រដល់គម្រោងស្ដារ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីព្រៃ កោងកាង និងការអភិរក្សខ្លាត្រី។ ការបន្តគាំទ្រនេះ នឹងផ្ដោតសំខាន់នៅតំបន់ដែនជម្រក សត្វព្រៃពាមក្រសោប តំបន់ជីវចម្រុះកំពង់ស្មាច់ តំបន់បឹងឆ្មារ៉ាមសារ និងតំបន់រ៉ាមសារ ស្ទឹងត្រែង។
ក្នុងជំនួបជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកស្រី វ៉ាន់នីសា ហឺរេន មូញូ ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើការបន្តការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី។ តាមរយៈជំនួបខាងលើ រដ្ឋមន្រ្តីបរិស្ថាន អះអាងថា ក្រសួង នឹងគាំទ្រលើការស្តារ និងពង្រឹងឡើងវិញនូវ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវយុទ្ធនាការបឋមចំនួន២ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយុទ្ធនាការដាំ និងស្តារព្រៃឈើឡើងវិញ។ សូមបញ្ជាក់ថា ការបន្តស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី នឹងធ្វើនៅតាមតំបន់គោលដៅមួយចំនួនរួមមាន ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ជីវចម្រុះកំពង់ស្មាច់ តំបន់បឹងឆ្មារ៉ាមសារ និងតំបន់រ៉ាមសារស្ទឹងត្រែង។
Cambodian Fishing Cat Project បានចុះបញ្ជីជាផ្លូវការជាសហគ្រាសអេកូឡូស៊ី ខ្លាត្រី ខូអិលធីឌី ដែលមានបេសកកម្ម ការពារ ស្តារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដីសើមនៅកម្ពុជា ដើម្បីធានាការអភិរក្សជីវចម្រុះ សុខភាពល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការគាំទ្រភាពសុខដុមរមនានៃធម្មជាតិ និងមនុស្ស។ នេះបើតាមក្រសួងបរិស្ថាន៕
រូបភាពពីក្រសួងបរិស្ថាន
Tag:
បរិស្ថាន
ព្រៃកោងកាង
ខ្លាត្រី
© រក្សាសិទ្ធិដោយ thmeythmey.com