ជាតិ
ត្រីបបែលយក្ស «បូរណ៌មី» ជាប់ក្នុងកំណត់ត្រាពិភពលោក ចំនួន២
14, Nov 2023 , 8:59 pm        
រូបភាព
លោក យីប ជុងវៃ តំណាង Guinness World Records ប្រគល់វិញ្ញាបនបត្រត្រីទឹកសាបធំបំផុតលើពិភពលោក  ដល់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម  នៅថ្ងៃទី១៤ វិច្ឆិកា។
លោក យីប ជុងវៃ តំណាង Guinness World Records ប្រគល់វិញ្ញាបនបត្រត្រីទឹកសាបធំបំផុតលើពិភពលោក ដល់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម នៅថ្ងៃទី១៤ វិច្ឆិកា។
ភ្នំពេញ៖ ត្រីបបែកយក្សញីមួយក្បាល ដែលក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា «បូរណ៌មី» បានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ចំនួន២ គឺត្រីទឹកសាបធំបំផុតលើពិភពលោក និង សំណាកត្រីញីធំជាងគេលើពិភពលោក។



បូរណ៌មី មានទម្ងន់៣០០គីឡូក្រាម ហើយត្រូវបានគេប្រទះឃើញដោយចៃដន្យកាលពីខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន បបែលមួយក្បាលនេះ កំពុងបន្តរស់នៅក្នុងអន្លង់ដែលអ្នកនេសាទចាប់បានកន្លងមកដដែល។ 
 
លោក យីប ជុងវៃ តំណាងស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) បង្ហាញការសាទរចំពោះកំណត់ត្រាដ៏អច្ឆរិយរបស់ «បូរណ៌មី» នៅពេលនេះ។ លោក ជឿថា ទន្លេមេគង្គនៅមានត្រី និងសត្វកម្រជាច្រើនប្រភេទទៀត ដែលនឹងទទួលបានកំណត់ត្រាពិភពលោក ពី Guinness ប្រសិនបើ សុខភាពទន្លេល្អប្រសើរ។  
 
តំណាង Guinness World Records រូបនេះ មិននិយាយច្រើនពាក់ព័ន្ធនឹងគុណភាពទឹកនោះទេ។ ប៉ុន្តែ ចំពោះមុខ លោកចង់ឱ្យមនុស្សទូទាំងពិភពលោកដឹងថា កម្ពុជាមានត្រីទឹកសាបធំជាងគេលើពិភពលោក។
 
លោក ជុងវៃ ថ្លែងដូច្នេះថា៖« អ្វីដែលសំខាន់បំផុតមិនមែនត្រឹមតែប្រជាជនកម្ពុជានោះទេ ដែលគួរទទួលបានព័ត៌មានថា ប្រទេសខ្លួនជាប់កំណត់ត្រាត្រីទឹកសាប់ធំជាងគេលើពិភពលោក។ ប៉ុន្តែ ខ្ញុំក៏ចង់ឱ្យពិភពលោកបានដឹងដែរ ដូច្នេះ វិញ្ញាបនបត្រនេះនឹងបញ្ជាក់ថា កម្ពុជាមានត្រីធំជាងគេលើពិភពលោក ហើយពិភពលោកក៏អាចដឹងបានដូចគ្នា»។
 
បបែលយក្ស «បូរណ៌មី» ត្រូវបានស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) វាយតម្លៃតាំងពីខែមិថុនា ឆ្នាំ២០២២ តាមរយៈតាក់តាងមួយចំនួន ដូចជា រូបថត វីដេអូ និងរបាយការណ៌នានា ដែលផ្ដល់ដោយក្រុមអ្នកស្រាវជ្រាវ។ 
 
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ «ត្រីទឹកសាបធំបំផុតពីកំណត់ត្រាពិភពលោក» នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួន២ របស់បបែលយក្ស «បូរណ៌មី» នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា។ 
 
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ជឿជាក់ថា ទន្លេមេគង្គក្នុងភូមិសាស្រ្តកម្ពុជាមានត្រីបបែលច្រើនជាងនេះ។ ដូច្នេះ ក្រសួង ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់កំពុងបន្តសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកនូវប្រភេទត្រី និងសត្វកម្រ ផ្សេងៗទៀត។
 
ក្នុងឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបចំនួន៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រីបបែលយក្ស ដោយទី១មាន ទម្ងន់ ១៨០គីឡូក្រាម ទី២ ទម្ងន់១៤៣ គីឡូក្រាម និងត្រីបបែលយក្សទី៣ ទម្ងន់៣០០គីឡូក្រាម។ ក្នុងចំណោមនោះ មានតែត្រីបបែលយក្សទី៣ ឈ្មោះថា បូរណ៌មីប៉ុណ្ណោះ ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក។
 
ទន្ទឹមនឹងភាពសប្បាយរីករាយ លោក ហាស់ សារ៉េត បានណែនាំឱ្យមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយ ពលរដ្ឋ ជាពិសេស ប្រជាសហគមន៍នេសាទទាំងអស់ ក្នុងការជំរុញឱ្យមានការអភិរក្ស និងការពារធនធានធម្មជាតិកម្រ រួមគ្នា។ 
 
ចាប់ពីឆ្នាំ២០២០ មក រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ចំនួន ១៦,២៣៦ក្បាល ចូលក្នុងដែនទឹកធម្មជាតិវិញ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីប្រាធំ ក្នុនោះត្រីបបែលយក្ស ៣ក្បាល ។



សូមបញ្ជាក់ថា ត្រីបបែលយក្សប្រភេទនេះ នាពេលបច្ចុប្បន្ន ឃើញមានរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។​ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្រ្ត (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕

Tag:
 ត្រីបបែលយក្ស
  បូរណ៌មី
  Guinness world record
© រក្សាសិទ្ធិដោយ thmeythmey.com