អន្តរជាតិ
ថៃ អាចអនុញ្ញាតឱ្យអ្នកមានភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ស្របច្បាប់បាន
21, Nov 2023 , 9:59 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
គណៈរដ្ឋមន្រ្តីថៃ បានអនុម័តសេចក្តីស្នើច្បាប់អនុញ្ញាតឱ្យភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយស្របច្បាប់បាន។ នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន បានបញ្ជាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ថាសេចក្ដីស្នើនេះ នឹងត្រូវដាក់ទៅកាន់សភាដែលចាប់ផ្តើមកិច្ចប្រជុំក្នុងខែធ្នូ។

 
ថៃ ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបើកចំហចំពោះសហគមន៍ស្រលាញ់ភេទដូចគ្នា និងគាំទ្របុគ្គលដែលចង់កែភេទ។ តាមការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល សេដ្ឋា ថាវីស៊ីន គណៈរដ្ឋមន្រ្តី បានអនុម័តសេចក្តីស្នើច្បាប់ ដែលទទួលស្គាល់តាមផ្លូវច្បាប់លើការរៀបអាពាហ៍ពិពាហ៍សម្រាប់មនុស្សមានភេទដូចគ្នា។ សេចក្តីស្នើច្បាប់មួយនេះ នឹងបញ្ជូនទៅសភា ដែលចាប់ផ្តើមកិច្ចប្រជុំនៅក្នុងថ្ងៃទី១២ ខែធ្នូខាងមុខ។ 
 
ប្រសិនបើសេចក្តីស្នើច្បាប់នេះ អាចក្លាយទៅជាច្បាប់មែន ថៃនឹងក្លាយជារដ្ឋទីបី ដែលអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។ កន្លងមក តៃវ៉ាន់ និងនេប៉ាល់ បានអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍បែបនេះ។ 
 
សេចក្តីស្នើច្បាប់មួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយបក្សឆ្ពោះទៅមុខ ហើយត្រូវបានឆ្លងកាត់ដំណាក់កាលការអានលើកទីមួយ នៅឆ្នាំ២០២២។ យ៉ាងណាមិញ សេចក្តីស្នើច្បាប់ខាងលើ ត្រូវព្យួរទុកសិនមុនការបោះឆ្នោតក្នុងខែឧសភា កន្លងទៅ។ 
 
លោកនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា រដ្ឋាភិបាលថៃ កំពុងពិចារណាលើសេចក្តីព្រាងច្បាប់ឱ្យប្រជាជនថៃអាចប្តូរការកំណត់ភេទរបស់ខ្លួន និងសេចក្តីព្រាងច្បាប់លែងកំណត់ពេស្យាចារជាបទល្មើសព្រហ្មទណ្ឌ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។ 
 
ស្របគ្នានេះ រដ្ឋាភិបាលរបស់លោកសេដ្ឋា ក៏បានដាក់សំណើក្នុងការរៀបចំព្យុហយាត្រាអ្នកស្រឡាញ់ភេទដូចគ្នា  World Pride នៅក្នុងឆ្នាំ២០២៨ ដែរ។ ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតកន្លងមក បក្សភឿថៃ និងបក្សឆ្ពោះទៅមុខ បានបង្ហាញពីការគាំទ្រចំពោះអ្នកស្រលាញ់ភេទដូចគ្នា៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com