អន្តរជាតិ
អុីស្រាអែលឯកភាពបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីរំដោះចំណាប់ខ្មាំង៥០នាក់
22, Nov 2023 , 9:52 am        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល នៅមហាសន្និតបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា។ រូបភាព AFP
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល នៅមហាសន្និតបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា។ រូបភាព AFP
រដ្ឋាភិបាលអុីស្រាអែល នៅថ្ងៃទី២២ ខែវិច្ឆិកា បានអះអាងថា ខ្លួនបានឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងហោចណាស់រយៈពេល ៤ថ្ងៃ ជាថ្នូរការដោះដូរនឹងចំណាប់ខ្មាំង៥០នាក់ដែលភាគច្រើនជាកុមារ និងស្រ្តី។ អុីស្រាអែល បានដាក់លក្ខខណ្ឌបន្តបទឈប់បាញ់រយៈពេល១ថ្ងៃបន្ថែម ដើម្បីដោះដូរនឹងចំណាប់ខ្មាំង ១០នាក់ទៀត។

 
បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់កាតា និងអាម៉េរិកជាច្រើនថ្ងៃ រដ្ឋាភិបាលអុីស្រាអែល និងហាម៉ាស បានឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់លើកដំបូង ចាប់តាំងពីមានការប៉ះទង្គិចនៅក្នុងថ្ងៃទី៧ ខែតុលា។ 
 
ក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី២២ ខែវិច្ឆិកា រដ្ឋាភិបាលអុីស្រាអែល បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងដោះលែងចំណាប់ខ្មាំងរហូតដល់៥០នាក់ ជាលើកដំបូង ដែលភាគច្រើនជាកុមារ និងស្រ្តី។ បទឈប់បាញ់នេះ នឹងមានរយៈពេល យ៉ាងហោចណាស់រយៈពេល៤ថ្ងៃ។ ចំណាប់ខ្មាំង ត្រូវបានរំពឹងថា អាចត្រូវបានដោះលែងជាក្រុមចន្លោះពី១២ទៅ១៣នាក់ក្នុងមួយថ្ងៃ។ 
 
ទន្ទឹមនេះ អុីស្រាអែល បានដាក់លក្ខខណ្ឌសម្រាប់ក្រុមហាម៉ាសផងដែរ ដោយបន្តបទឈប់បាញ់រយៈពេល១ថ្ងៃបន្ថែម ដើម្បីជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងចំនួន ១០នាក់។ ចាប់តាំងពីជម្លោះផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានចាប់ខ្លួនមនុស្សច្រើនជាង ២០០នាក់ ធ្វើជាចំណាប់ខ្មាំង។ 
 
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ឡើយ ថាតើបទឈប់បាញ់នឹងចាប់ផ្តើមអនុវត្តនៅពេលណា។ បើតាមរដ្ឋាភិបាល កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោយមានការបោះឆ្នោតគាំទ្រ។ 
 
បើទោះឯកភាពលើបទឈប់បាញ់រយៈពេលខ្លី ប៉ុន្តែរដ្ឋាភិបាលក្រុង Tel Aviv មិនបានបោះបង់ការប្តេជ្ញារបស់ខ្លួនក្នុងការតាមកម្ទេចក្រុមហាម៉ាសនោះទេ។ តាមសេចក្តីថ្លែងការណ៍ដដែល អុីស្រាអែល នឹងបន្តសង្រ្គាមដើម្បីនាំចំណាប់ខ្មាំងត្រលប់មកវិញ បោសសម្អាតក្រុមហាម៉ាស និងធានាថាតំបន់កាហ្សា នឹងមិនមានការគំរាមកំហែង។ 
 
ស្របគ្នានេះ​ អុីស្រាអែល ក៏បានឯកភាពក្នុងការរំដោះប្រជាជន និងអនីតិជនប៉ាឡេស្ទីន ដែលជាប់ឃុំឱ្យត្រលប់ទៅផ្ទះរបស់ខ្លួនវិញផង។ ប្រជាជនទាំងនោះភាគច្រើន រស់នៅក្នុងតំបន់ត្រើយខាងលិច (West Bank) និងក្រុងហ្សេរុយសាឡិមខាងកើត។ ប៉ុន្តែរដ្ឋាភិបាលអុីស្រាអែល មិនបានបញ្ជាក់ពីចំនួនលម្អិតឡើយ។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Al Jazeera រដ្ឋមន្រ្តីមួយរូបរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) និយាយថា អនីតិជនចំនួន៣៥០នាក់ និងស្រ្តី៨២នាក់ នឹងត្រូវដោះលែងចេញពីការឃុំខ្លួននៅអុីស្រាអែល ដើម្បីជាការដោះដូរនឹងចំណាប់ខ្មាំង។ 
 
លើសពីនេះ អុីស្រាអែល បានអនុញ្ញាតឱ្យមានការនាំចូលជំនួយមនុស្សធម៌ និងប្រេង ក្នុងចំនួនដ៏ច្រើនទៅក្នុងតំបន់កាហ្សា ដើម្បីជាផ្នែកមួយកាត់បន្ថយវិបត្តិមនុស្សធម៌។ អុីស្រាអែល​បានបិទច្រកចូលទៅក្នុងតំបន់កាហ្សាចាប់តាំងពីមានជម្លោះកើតមាននៅក្នុងថ្ងៃទី៧ ខែតុលា។ 
 
កន្លងមក អុីស្រាអែល បានដោះលែងមនុស្ស៤នាក់រួចមកហើយ ក្រោមហេតុផលមនុស្សធម៌៕ 

Tag:
 អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com