អន្តរជាតិ
កូរ៉េខាងជើងជោគជ័យក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅគន្លងផែនដី ក្រោយរុស្ស៊ីសន្យាជួយ
22, Nov 2023 , 11:59 am        
រូបភាព
លោកគីម ជុងអ៊ុន (ក្នុងរង្វង់) ឈរមើលការបាញ់គ្រាប់រ៉ុក្កែតនាំផ្កាយរណបចារកិច្ច Malligyong-1 ទៅក្នុងគន្លងរបស់ផែនដី នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា។ រូបភាព KCNA
លោកគីម ជុងអ៊ុន (ក្នុងរង្វង់) ឈរមើលការបាញ់គ្រាប់រ៉ុក្កែតនាំផ្កាយរណបចារកិច្ច Malligyong-1 ទៅក្នុងគន្លងរបស់ផែនដី នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា។ រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី២២ ខែវិច្ឆិកា បានអះអាងថា ខ្លួនទទួលបានជោគជ័យ ក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី ក្រោយបរាជ័យចំនួន ២លើក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២២ ខែវិច្ឆិកា។ ភាពជោគជ័យនេះ ធ្វើឡើងក្រោយមេដឹកនាំរុស្ស៊ីបានសន្យាជួយកូរ៉េខាងជើង ក្នុងការកសាងផ្កាយរណប។

កូរ៉េខាងជើង នៅថ្ងៃទី២១ ខែវិច្ឆិកា បានបាញ់ផ្កាយរណបចារកិច្ច Malligyong-1 តាមរយៈគ្រាប់រ៉ុក្កែត Chollima-1 ពីមជ្ឈមណ្ឌល Tongchang-ri នៅឆ្នេរខាងលិច នៅម៉ោងប្រមាណ ១០ និង៤២នាទីយប់ (ម៉ោងក្នុងស្រុក)។ ក្នុងភាពជោគជ័យនេះ កូរ៉េខាងជើង បានប្រើរយៈពេលយ៉ាងខ្លីប៉ុណ្ណោះ ក្នុងការដាក់ផ្កាយរណបទៅក្នុងគន្លងរបស់ផែនដី។ 
 
«គ្រាប់រ៉ុក្កែត 'Chollima-1 បានហោះយ៉ាងត្រឹមត្រូវ ក្នុងគន្លងរបស់ខ្លួន ហើយបានដាក់ផ្កាយរណប Malligyong-1 ក្នុងគន្លងផែនដីនៅម៉ោង ១០ និង៥៤នាទី។ វាប្រើរយៈពេលត្រឹម ៧៥០វិនាទីប៉ុណ្ណោះ បន្ទាប់ពីការបាញ់»។ ទីភ្នាក់ងារ KCNA បានចុះផ្សាយបែបនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា។ 
 
នេះជាជោគជ័យលើកដំបូងរបស់កូរ៉េខាងជើងក្នុងការបាញ់ផ្កាយរណបក្រោយបរាជ័យចំនួន ២លើករួចមកហើយ។ ជាការពិត ការអាចដាក់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងផែនដីនេះ ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាជួយកូរ៉េខាងជើង ក្នុងការកសាងផ្កាយរណប ក្នុងអំឡុងទស្សនកិច្ចរបស់លោកគីម ជុងអ៊ុន នៅមជ្ឈមណ្ឌលអវកាសរុស្ស៊ី Vostochny Cosmodrome ក្នុងខែកញ្ញាកន្លងទៅ។ 
 
ពាក់ព័ន្ធនឹងការបាញ់ផ្កាយរណបនេះ មន្រ្តីកូរ៉េខាងត្បូង បានចាត់ទុកថា ទទួលបានភាពជោគជ័យជាក់ស្តែង នៅពេលផ្កាយរណប បានធ្វើដំណើរជុំវិញផែនដី។ កូរ៉េខាងត្បូង និងអាម៉េរិក បានចាត់ទុកវាជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ 
 
បន្ថែមពីនេះ រដ្ឋាភិបាលក្រុងសេអ៊ូល​ បានព្រមានចាប់ផ្តើមស៊ើបការណ៍ និងឃ្លាំមើលសកម្មភាពនៅតំបន់ព្រំដែនអន្តរកូរ៉េឡើងវិញ រួមទាំងសន្យាចាត់វិធានការ ដើម្បីព្យួរផ្នែកមួយចំនួន ដែលមានចែងក្នុងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ដែលត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែន។ 
 
យ៉ាងណាមិញ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានអះអាងថា ការបាញ់ផ្កាយរណបចារកិច្ចលើកចុងក្រោយនេះ ជាសិទ្ធិស្របច្បាប់ ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន ហើយបានសន្យាបាញ់ផ្កាយរណបចារកិច្ចបន្ថែមទៀត។ 
 
ការបាញ់ផ្កាយរណបនេះ ធ្វើឡើងចំពេលនាវាដឹកយន្តហោះចម្បាំងអាម៉េរិក USS Carl Vinson បានទៅដល់កំពង់ផែទ័ពជើងទឹកក្នុងក្រុងប៊ូសាន។ 
 
សូមបញ្ជាក់ថា ផ្កាយរណបចារកិច្ចយោធា សុទ្ធតែស្ថិតក្នុងអាទិភាពរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលចង់អភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ កូរ៉េខាងជើង ក៏ធ្លាប់បានប្តេជ្ញាអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីបប្រើប្រាស់ឥន្ធនៈរឹង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផង៕

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com