ជាតិ
បុណ្យអុំទូក
ទូកនារី កាន់តែខ្សត់ខ្សោយ!
27, Nov 2023 , 2:37 pm        
រូបភាព
ទូកអុំ និងទូកចែវនារី កាន់តែខ្សត់ខ្សោយហើយ ពីមួយឆ្នាំទៅមួយឆ្នាំ។ កីឡាការិនី អឿ សុភាព ដែលអុំទូកឈ្មោះ«ដូនពេញសែនជ័យបារមីសារាវ័នតេជោ» ចង់ឃើញវត្តមាននារី ចូលរួមប្រកួតប្រណាំងទូកឱ្យកាន់តែច្រើនឡើងវិញ នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នេះ។

សម្រាប់ពិធីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកអុំ និងទូកចែវនារី តែ៣ទូកប៉ុណ្ណោះ ចូលរួមប្រកួតប្រជែង។ ក្នុងនោះមានទូកនារីគូអន្តរជាតិ «ដូនពេញសែនជ័យបារមីសារាវ័នតេជោ», «សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ» នៃរាជធានីភ្នំពេញ និងទូកចែវ «ព្រះពៃស្រពណ៍» មកពីខេត្តកំពង់ឆ្នាំង។
 
កីឡាការិនី អឿ សុភាព ដែលអុំទូកឈ្មោះ«ដូនពេញសែនជ័យបារមីសារាវ័នតេជោ» បារម្ភខ្លាចបាត់វត្តមានទូកអុំ និងទូកចែវនារី ក្នុងព្រឹត្តិការណ៍ជាតិ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បើសិនជាស្រ្តីទាំងអស់លែងយកចិត្តទុកដាក់ក្នុងការចូលរួម។ «ពីមុនទូកនារីច្រើន តែចាប់តាំង២០១០មក ទូកនារី ចេះតែខ្សត់ខ្សោយទៅ»។ នេះបើតាមកីឡាការិនី អឿ សុភាព។
 


កីឡាការិនី ដែលមានបទពិសោធន៍ក្នុងការប្រកួតជាង១០ឆ្នាំមកនេះ បាននិយាយថា ដ្បិតឆ្នាំនេះ មានទូកនារីចូលរួមតិចមែន តែវាបង្ហាញឱ្យឃើញពីក្លាហានរបស់ស្តី្រ ដែលមិនចាញ់បុរសឡើយ។ តែយ៉ាងណាកីឡាការិនីរូបនេះ ចង់ឃើញទូកនារី ចូលរួមប្រកួតឱ្យបានច្រើនឡើងវិញ នាឆ្នាំក្រោយៗទៀត។ «នាងខ្ញុំមានការបារម្ភច្រើន ហើយបើតាមគោលការណ៍ចិត្ត ចង់ឱ្យមានទូកនារីចូលរួមច្រើន។ ឥឡូវមានតែទូកនារី២ទូក និងទូកចែវនារី១ទូក ឃើញថាខ្សត់ណាស់»។ នេះជាអារម្មណ៍របស់កីឡាការិនី ទូក«ដូនពេញសែនជ័យបារមីសារាវ័នតេជោ» នៃរាជធានីភ្នំពេញ។
 
មូលហេតុដែលនាំ​ឱ្យទូកនារីខ្សត់ខ្សោយនេះ អាចមកពីកត្តាខកខានរៀបចំពិធីបុណ្យអុំទូក ដែលនាំឱ្យពិបាកក្នុងការរកនារី មកជួយទូក។ ម្យ៉ាងទៀត នារីៗបច្ចុប្បន្ន ហាក់ដូចជាមិនសូវចាប់អារម្មណ៍ចូលរួមជាចំណុះទូកក្នុងការប្រកួតប្រជែងនេះ។ មិនត្រឹមតែជាកីឡាការិនីទេ សូម្បីតែអ្នករាំក្បាលទូកបច្ចុប្បន្ននេះ ក៏លែងសូវមាននារីដូចមុនដែរ។
 
 
 

Tag:
 អកអំបូក
© រក្សាសិទ្ធិដោយ thmeythmey.com