ជាតិ
លោក ស៊ុយ កុកធាន៖ គុណភាពស្វាយចន្ទីនៅកម្ពុជា គ្មានប្រទេសណាប្រៀបបាន
30, Nov 2023 , 9:09 am        
រូបភាព
ស្វាយចន្ទី ជាប្រភេទដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។

 

បេីតាមលោក ស៊ុយ កុកធាន គុណភាពស្វាយចន្ទីកម្ពុជា គឺល្អជាងគេ។ អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បន្តបែបនេះ៖ «អ្វីដែលខ្ញុំរំពឹងទុក គឺគុណភាពស្វាយចន្ទីរបស់ប្រទេសកម្ពុជាយេីង គឺនៅលេីពិភពលោក មិនមាននរណាប្រៀបបានទេ»។ 
 
កម្ពុជា មានគោលដៅក្លាយជា«អធិរាជគ្រាប់ស្វាយចន្ទី»។ កាលពីខែមីនា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចេញខេត្តពោធិ៍សាត់ដូច្នេះ៖«ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី។ ឥឡូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់។ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។»
 
សូមបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» ដែលមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទី ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ៕
 

Tag:
 ស្វាយចន្ទី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com