ជាតិ
អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តសន្ទនាជាមួយរដ្ឋាភិបាល ដើម្បីសមភាពច្បាប់អាពាហ៍ពិពាហ៍
07, Dec 2023 , 12:19 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងបណ្ដាញអង្គការសង្គមស៊ីវិល បានរៀបចំកិច្ចសន្ទនាជាមួយតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់គូស្រករភេទដូចគ្នានៅកម្ពុជា។


 
សមភាពច្បាប់អាពាហ៍ពិពាហ៍ គឺជាអាទិភាពចម្បង ដែលបានកំណត់ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីធានានូវការមិនរើសអើង សមភាពពេញលេញ និងបរិយាប័ន្នសង្គម សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព «មិនទុកនរណាម្នាក់ចោល»។ 
 
ក្នុងកិច្ចសន្ទនា ដែលរៀបចំកាលពីថ្ងៃទី៤ ខែធ្នូកន្លងទៅ មានអ្នកចូលរួមប្រមាណ២០០នាក់ រួមមានតំណាងពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ក្រសួងមហាផ្ទៃ, អាជ្ញាធរមូលដ្ឋាន, សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមកពី២០រាជធានី/ខេត្ត ឪពុកម្តាយ-សមាជិកក្រុមគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នា និងតំណាងអង្គការសង្គមស៊ីវិល។ ក្នុងកិច្ចសន្ទនាខាងលើ ក៏មានការចូលរួមពីតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ និងបណ្ដាស្ថានទូតមួយចំនួនប្រចាំប្រទេសកម្ពុជា។


 
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលធ្វើការច្រើនជាមួយអ្នកស្រឡាញ់ភេទដូចគ្នា បានសម្ដែងការគាំទ្រដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ លោក កែវ រ៉េមី សង្កេតឃើញពីការបញ្ហាប្រឈមរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា និងអំពាវនាវឱ្យចេះអត់ធ្មត់។ «ជាចំណុចសំខាន់ តស៊ូអត់ធ្មត់ បង្ហាញសមត្ថភាព ភាពប៉ិនប្រសព្វរបស់ខ្លួន និងចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីបង្ហាញចំណេះដឹងរបស់ខ្លួន»។ នេះជាការផ្ដាំផ្ញើរបស់លោក កែវ រ៉េមី ទៅកាន់អ្នកស្រឡាញ់ភេទដូចគ្នា។ 
 
ទន្ទឹមនឹងនេះ លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានគាំទ្រឱ្យមានការចុះសំបុត្រអាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ ឯកអគ្គរាជទូតអង់គ្លេសរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«ខ្ញុំមកទីនេះ ដើម្បីបង្ហាញការគាំទ្ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា យើងជឿយ៉ាងខ្លាំងថា អ្នកស្រឡាញ់ភេទដូចគ្នាគួរតែមានសិទ្ធដូចគ្នា»។
 
ក្នុងកិច្ចសន្ទាននេះ សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានចែករំលែកសាច់រឿងរបស់ខ្លួន និងបានបន្ដកំណត់យកការទទួលបានសិទ្ធិសមភាពច្បាប់អាពាហ៍ពិពាហ៍ គឺជាអាទិភាពចម្បង ដើម្បីការពារសិទ្ធិស្មើគ្នា ក្នុងផ្នែកអាពាហ៍ពិពាហ៍ និងគ្រួសារ។ ការណ៍នេះ នឹងធានាបាននូវបរិយាប័ន្នសង្គម ការទទួលបានការការពារតាមប្រព័ន្ធច្បាប់ក្នុងនាមជាសហព័ន្ធ និងសមាជិកគ្រួសារ  ក៏ដូចជាចូលរួមចំណែកកាត់បន្ថយ និងលុបបំបាត់នូវការរើសអើងកម្រិតខ្ពស់ ដែលពួកគេជួបប្រទះ។  


 
លោក ទុយ រស្មី បុគ្គលិកផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជា បានលើកឡើងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងបានសង្កេតឃើញថាមានការកើនឡើងនូវការយល់ដឹង និងការគាំទ្រសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នាក្នុងប្រទេសកម្ពុជា។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ការចូលរួមជារឿយៗរបស់ក្រសួងពាក់ព័ន្ធក្នុងកិច្ចពិភាក្សាដ៏មានអត្ថន័យជាមួយនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ចាប់តាំងពីឆ្នាំ២០១៩មក ស្តីពីវឌ្ឍនភាពសមភាពច្បាប់អាពាហ៍ពិពាហ៍»។ 
 
លោក រស្មី សង្ឃឹមថានឹងមានក្រុមការងារចម្រុះ ដែលជាយន្តការមួយច្បាស់លាស់ ក្នុងការបន្តកិច្ចពិភាក្សាយ៉ាងផុសផុល ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីសម្រេចបានជំហានបន្ទាប់ក្នុងការសិក្សានិងពិនិត្យទិដ្ឋភាពផ្នែកផ្លូវច្បាប់ ដើម្បីទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់គូស្រករភេទដូចគ្នានៅកម្ពុជា។   


 
គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ មានប្រទេស និងដែនដីចំនួន៣៥ នៅលើសកលលោក បានទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា។  បទពិសោធនៃបណ្តាប្រទេសទាំងនោះបានបង្ហាញថា ការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍ មានផលវិជ្ជមានចំពោះការកសាងគ្រួសារ កាត់បន្ថយការរើសអើសប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា មានបរិយាប័ន្ន ព្រមទាំងសុខដុមរមនាក្នុងសង្គម៕




រូបភាពពីលោក IM Manith

 

Tag:
 អ្នកស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com