ជាតិ
វិញ្ញាសាប្រឡងរើសមន្រ្តីកសិកម្មឃុំ នឹងធ្វើភ្លាម ប្រឡងភ្លាម ក្នុងថ្ងៃតែមួយ!
09, Dec 2023 , 11:31 am        
រូបភាព
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម។ រូបភាពពីក្រសួងមុខងារសាធារណៈ
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម។ រូបភាពពីក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូនេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ​ដើម្បីធានាតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជន វិញ្ញាសាប្រឡង នឹងត្រូវរៀបចំឡើងភ្លាមៗ គ្មានការរៀបចំទុកមុននោះឡើយ។

 
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអះអាងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៤ ធ្នូថា វិញ្ញាសាប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំនេះ នឹងត្រូវធ្វើភ្លាមៗ ក្នុងថ្ងៃតែមួយ ដោយមិនមានការរៀបចំរយៈពេលវែងនោះទេ។ «ដូចជាវិញ្ញាសាជាដើម រហូតមកដល់ពេលនេះ មិនទាន់មានវិញ្ញាសាទេ។ វិញ្ញាសាគឺធ្វើភ្លាម ចេញភ្លាម មិនធ្វើទុកមុនទេ ព្រោះមិនចង់ឱ្យបែកទៅណា»។ នេះជាការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួងមុខងារសាធារណៈ
 
ក្រសួងមុខងារសាធារណៈ ជាស្ថាប័នទទួលបន្ទុករៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំលើកដំបូងនេះ ជាមួយនឹងការទុកពេល៧ថ្ងៃ ឱ្យបេក្ខជនតវ៉ា ក្រោយការប្រកាសលទ្ធផល ដើម្បីធានាភាពជឿទុកចិត្ត តម្លាភាព និងយុត្តិធម៌ ។ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ការប្រឡងនេះ នឹងជ្រើសរើសមន្រ្តីកសិកម្មដែលមានសមត្ថភាពពិតប្រាកដ ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់»។
 
នៅក្នុងការប្រឡងនៅថ្ងៃទី១៧ធ្នូខាងមុខនេះ មានបេក្ខជនចូលរួមចំនួន ៣ ៣២៩នាក់ ដែលជាបេក្ខជនមានលក្ខណៈសម្បត្តិពេញលេញដែលជ្រើសចេញពីក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងជាង ១ម៉ឺននាក់។ ក្នុងចំណោមបេក្ខជនជាង ៣ពាន់នាក់នេះ ក្រសួងនឹងជ្រើសរើសយកតែ ២៥០នាក់ប៉ុណ្ណោះ ហើយពួកគេនឹងត្រូវចុះជួយកសិករនៅឃុំចំនួន ២៥០ឃុំ ក្នុងខេត្តចំនួន១៧។


 
វិញ្ញាសាប្រឡងរួមមាន វិញ្ញាសាសរសេរជំនាញកសិកម្ម ភាសាអង់គ្លេសនិងវិញ្ញាសាពហុចម្លើយដែលទាក់ទងនឹងជំនាញកសិកម្មចំណេះដឹងទូទៅពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ មុខងារសាធារណៈ ក្រមសីលធម៌គណិតសាស្រ្ត ព័ត៌មានវិទ្យា និងភូមិសាស្រ្តជាដើម។
 
សូមបញ្ជាក់ថា ក្នុងឆ្នំា២០២៤ខាងមុខ ក្រសួងកសិកម្ម នឹងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន ៨០០នាក់ និងឆ្នំា២០២៥ ជ្រើសរើសចំនួន ៥៥០នាក់។ បេក្ខជនដែលប្រឡងជាប់ នឹងទទួលបានប្រាក់បៀវត្សទាបបំផុតចំនួន ១លាន៤០ម៉ឺនរៀល ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចំាខែ ចំនួន១៦ម៉ឺនរៀល រួមទំាងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្រ្តីរាជការស៊ីវិល៕
 


Tag:
 មន្ត្រីឃុំ
  ប្រឡង
  កសិកម្ម
  មុខងារសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com