សង្គមអន្តរជាតិ​
អន្តរជាតិ
UN ៖ មីយ៉ាន់ម៉ាផលិតអាភៀនច្រើនជាងគេលើពិភពលោក
12, Dec 2023 , 4:39 pm        
រូបភាព
បច្ចុប្បន្នមីយ៉ាន់ម៉ាជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយសារអស្ថិរភាពក្នុងស្រុក និងការធ្លាក់ចុះនៃការដាំដុះនៅអាហ្វហ្កានីស្ថាន។ នេះបើតាមរបាយការណ៍អង្គការសហប្រជាតិ (UN)។

 
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅថ្ងៃទី១២ ខែធ្នូ បានចេញផ្សាយរបាយការណ៍មួយថា មីយ៉ាន់ម៉ាផលិតអាភៀនបាន ១០៨០តោនក្នុងឆ្នាំ២០២២ - ២០២៣ ពោលគឺច្រើនជាងអាហ្វហ្កានីស្ថាន៣ដងក្នុងរយៈពេលដូចគ្នា។
 
ការ​ដាំដុះ​អាភៀន​នៅ​អាហ្វហ្កានីស្ថាន​បាន​ថយ​ចុះ៩៥ភាគរយ បន្ទាប់​ពី​រដ្ឋាភិបាល​តាលីបង់​ដាក់​បម្រាម​គ្រឿងញៀន។ ការផ្គត់ផ្គង់សកលលើទំនិញអាភៀន បានធ្លាក់ទៅលើមីយ៉ាន់ម៉ាដែលជាប្រទេសប្រឈមនឹងភាពអសន្តិសុខបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។
 
ប្រាក់ចំណូលរបស់អ្នកដាំអាភៀនមីយ៉ាន់ម៉ាបានកើនឡើង ៧៥ភាគរយនៅពេលដែលតម្លៃទំនិញនេះកើនឡើងដល់៣៥៥ដុល្លារក្នុងមួយគីឡូក្រាម។ បើតាម UNODC តំបន់ដែលស្ថិតដាំដុះអាភៀនបានកើនឡើង ១៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពី៤០១០០ហិចតា ទៅ៤៧០០០ហិចតា។ 
 
លោក Jeremy Douglas អ្នកតំណាងប្រចាំតំបន់របស់ UNODC បាននិយាយថា អស្ថិរភាពបន្ទាប់ពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាបានជំរុញឱ្យកសិករនៅតំបន់ដាច់ស្រយាលដាំអាភៀនដើម្បីចិញ្ចឹមជីវិត។
 
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ តំបន់ដែលកំពុងដាំអាភៀនបានកើនឡើងច្រើនជាងគេ គឺនៅតំបន់ព្រំដែនភាគខាងជើងមីយ៉ាន់ម៉ា រួមមានរដ្ឋ Shan , Chin និង Kachin។ 
 
លោក Douglas បានព្រមានថា ការបង្កើនកម្លាំងប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចអាចជំរុញឱ្យមានការដាំដុះអាភៀនកាន់តែច្រើន។ ការណ៍នេះនឹងជំរុញឲ្យមានការផលិត និងការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ជាដើម៕

Tag:
 អាភៀន
  មីយ៉ាន់ម៉ា​
 
© រក្សាសិទ្ធិដោយ thmeythmey.com