RFI
អន្តរជាតិ
ចិនអះអាងថា​ ការ​ចរចា​រវាង​របបសិកភូមានិង​ក្រុមឧទ្ទាម​នៅខាងជើង បាន​​លទ្ធផល​​វិជ្ជមាន
12, Dec 2023 , 6:59 pm        
រូបភាព
ដោយ៖ ម៉ម ពិសី /RFI
 
រូបភាព​ផ្តល់​ឲ្យ​ដោយ Kokang online media៖ កម្លាំងរបស់​ក្រុមឧទ្ទាម សមាជិកនៃ​ Three Brotherhood Alliance កំពុងពិនិត្យ​គ្រឿងសព្វាវុធដែលកងទ័ពភូមា​បោះបង់ចោល ក្រោយ​ប្រយុទ្ធចាញ់ នៅ​ក្នុងរដ្ឋហ្សាន ថ្ងៃទី ២៤ វិច្ឆិកា ២០២៣ ។ រូបពីAP។



នៅក្នុងសន្និសីទកាសែត ព្រឹកថ្ងៃចន្ទទី​១១ធ្នូ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន បាន​លើកឡើងថា ចិនមានសេចក្តីត្រេកអរ រីករាយ ដែល​ឃើញភាគីជម្លោះនៅភាគខាងជើង​ភូមា អាច​ឈានចូលតុ ចរចាសន្តិភាព និងបានទទួលលទ្ធផល​វិជ្ជមាន​ថែមទៀត។ លោកស្រី​បន្ថែម ភាគីចិនសន្យា​នឹងបន្តជួយភូមា ​ដើម្បីឈានទៅសម្រេច​កម្មវត្ថុនេះ​។
 
លោកស្រីម៉ៅ នីង បានពន្យល់ថា បើស្ថានការណ៍​នៅភាគខាងជើងភូមា ឈានទៅ​រកភាពស្ងប់ស្ងាត់ មានសន្តិសុខ នោះវានឹងផ្តល់​អត្ថប្រយោជន៍​ដល់​ភាគីទាំងអស់នៃប្រទេសនេះ​ ហើយវាក៏ញ៉ាំងឲ្យ​មាន​សុខសុវត្ថិភាព​ នៅតាមបណ្តោយ​ព្រំដែន រវាង​ចិននិងភូមាដែរ​។
 
ដោយឡែក​ អ្នកយកព័ត៌មានបារាំង មិនអាចទទួល​បានការបញ្ជាក់ណាមួយ​ ពីភាគី​រដ្ឋាភិបាល​របបសិកភូមាបានទេ ទាក់ទិននឹងលទ្ធផល​វិជ្ជមាន​នៃការចរចាគ្នា ដែលភាគីចិនបានលើកឡើងខាងលើ។ កាលពីសប្តាហ៍​កន្លងទៅ កាសែត Global New Light of Myanmar បានចុះផ្សាយ​ថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបសិកភូមា និង​លោក​លេខារងគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តយូណាន បានជួបប្រជុំគ្នានៅក្រុងគួនមីង។ យោងតាមកាសែតភូមានេះ ក្នុងពេលប្រជុំភាគីទាំង២បាននិយាយគ្នាអំពី​ បញ្ហាសន្តិភាព​ស្ថិរភាព នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំង​២។​
 
គួររំលឹកថា អស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមឧទ្ទាមជាច្រើនក្រុមនៅភាគខាងជើងភូមា បាន​បើកការប្រយុទ្ធ​តទល់​ជាមួយ​កងទ័ពរបបសិកភូមា។ កាលពីចុងខែតុលា ​ក្រុមឧទ្ទាម៣ក្រុមនៅរដ្ឋហ្សាន ​​បាន​ដណ្តើម​គ្រប់គ្រង ច្រកព្រំដែនសំខាន់ៗមួយចំនួនរវាងភូមានិងចិន ដែលសុទ្ធតែជាផ្លូវឆ្លងកាត់ នៃការដឹកជញ្ជូនទំនិញរវាងចិននិងភូមា​។ ផ្អែកតាម​ មន្ត្រីអង្គការសហប្រជាជាតិ យ៉ាងហោចណាស់ មានប្រជាជនស៊ីវីលចំនួន​២៥០នាក់ បានស្លាប់​ដោយសារការប្រយុទ្ធគ្នាចាប់ពីខែតុលា និងមានមនុស្ស​នប្រមាណ​៥សែននាក់ ដែលត្រូវបង្ខំចិត្ត​ភៀសខ្លួនពីផ្ទះសម្បែង។
 
ប្រឈមនឹងការវាយ​ប្រយុទ្ធ​ព្រមៗគ្នា ពីគ្រប់ទិសទី ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិចភូមា គេសង្កេតឃើញថា របបសិកភូមា ហាក់បានធ្លាក់ដៃទប់លែងជាប់។ អ្នកវិភាគជាច្រើន យល់​ឃើញថា បញ្ហានេះអាច​ជា​ការគំរាម​ដ៏ធំបំផុត ដល់អាយុជីវិតនៃរបបសិកភូមា របស់លោក មីន អ៊ុងឡាំង។ អន្តរាគមន៍របស់ចិននៅក្នុងរឿងនេះ គឺស្តែងឲ្យឃើញអំពី​ការព្រួយ​បារម្ភរបស់ចិន ព្រោះថាសង្គ្រាមផ្ទុះអាវុធនៅតាមព្រំដែនភូមា បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញរបស់ចិន។ បន្ថែមពីនេះ ចិន​មិនចង់ឃើញរបបសិកភូមាដួលរលំទេ ព្រោះរបបសិកភូមា​ គឺជាបង្អែក​មួយដ៏សំខាន់ អនុញ្ញាតឲ្យចិនមាន​ច្រកផ្លូវ​​ឆ្លងកាត់ ពីខេត្តយូណាន ឆ្ពោះមកកាន់​មហាសមុទ្ទឥណ្ឌា​ ដោយ​មិន​ចាំបាច់ឆ្លងកាត់​អាស៊ីអាគ្នេយ៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com