សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ពាណិជ្ជកម្មសកលធ្លាក់ចុះ ៥ភាគរយ ដោយសារទំនិញឡើងថ្លៃ កំពង់ផែ Ningbo-Zhoushan របស់ចិន ។ រូបភាព ៖ Xinhua
× ទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មពិភពលោកត្រូវបានព្យាករថា នឹងកើនត្រឹម ៣០,៧ទ្រីលានដុល្លារក្នុងឆ្នាំនេះ។ តួលេខនេះ ធ្លាក់ចុះ៥ភាគរយបើធៀបឆ្នាំមុន ដោយសារថ្លៃទំនិញបានកើនថ្លៃ ក្រោយរងផលប៉ះពាល់ពីកើនឡើងអតិផរណាខ្ពស់លើប្រទេសនាំចេញ។ ពិសេសជម្លោះពាណិជ្ជកម្មដ៏រ៉ាំរៃរវាងអាម៉េរិក និងចិន។
ពាណិជ្ជកម្មសកលនៅឆ្នាំនេះនឹងថយចុះប្រហែល ៥ភាគរយបើធៀបឆ្នាំមុន។ ការធ្លាក់ចុះនេះ ដោយសារប្រទសធំៗបានដំឡើងអត្រាការប្រាក់ ដើម្បីធ្វើឲ្យសម្ពាធអតិផរណាធូរស្រាល។ ជាពិសេសលើការដាក់ទណ្ឌកម្មគ្នារវាងអាម៉េរិក និងចិន ដែលនាំឱ្យមានការផ្លាស់ប្ដូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ទិន្នន័យខាងលើត្រូវបានផ្តល់ឱ្យនៅក្នុងរបាយការណ៍នៃសន្និសីទពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ យោងតាមរបាយការណ៍នេះ ទំហំពាណិជ្ជកម្មពិភពលោកលើទំនិញ និងសេវាកម្មនឹងកើនត្រឹម ៣០,៧ទ្រីលានដុល្លារនៅឆ្នាំនេះ បើធៀបនឹង ៣២,២ទ្រីលានដុល្លារក្នុងឆ្នាំ ២០២២។
ក្នុងនោះតម្លៃពាណិជ្ជកម្មទំនិញបានធ្លាក់ចុះ ២ទ្រីលានដុល្លារ ស្មើនឹងការថយចុះ ៨ភាគរយ។ ផ្ទុយទៅវិញ តម្លៃនៃពាណិជ្ជកម្មសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងចំនួន ៥០០ពាន់លានដុល្លារនៅឆ្នាំនេះ ដែលកើនឡើងប្រហែល ៧ភាគរយបើធៀបឆ្នាំមុន។
នៅឆ្នាំនេះតម្លៃទំនិញភាគច្រើនបានឡើងថ្លៃ នៅពេលអតិផរណាកើនខ្លាំងកាលពីឆ្នាំមុន។ ការឡើងថ្លៃទំនិញនេះ ជាហេតុផលមួយដែលធ្វើឲ្យទំហំពាណិជ្ជកម្មទំនិញសកលបានធ្លាក់ចុះ។ បើតាម UNCTAD ទោះបីជាមានការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មសរុបពិតមែន តែបរិមាណទំនិញនៅក្នុងពាណិជ្ជកម្មសកលឆ្នាំនេះបានកើនឡើងបន្តិច ដោយសារតម្រូវការសកលដ៏រឹងមាំសម្រាប់ផលិតផលនាំចូល។
បើតាមរបាយការណ៍ខាងលើ សូចនាករសេដ្ឋកិច្ចមួយចំនួនចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្មឱ្យប្រសើរឡើង។ ប៉ុន្តែភាពតានតឹងភូមិសាស្ត្រនយោបាយ កម្រិតបំណុលហក់ឡើងខ្ពស់ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មសកល៕
© រក្សាសិទ្ធិដោយ thmeythmey.com