RFI
សុខភាព
អន្តរជាតិ
ការប្រែប្រួល​អាកាសធាតុ ជះ​ឥទ្ធិពល​លើ​សុខភាពយ៉ាងណា ?
15, Dec 2023 , 6:59 pm        
រូបភាព
ការប្រែប្រួលអាកាសធាតុ ប៉ះពាល់ដល់សុខភាពយ៉ាងណា ។ ASSOCIATED PRESS
ការប្រែប្រួលអាកាសធាតុ ប៉ះពាល់ដល់សុខភាពយ៉ាងណា ។ ASSOCIATED PRESS
ដោយ៖អៀង សុខម៉ិញ/RFI
 
ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេ​ចជំងឺ​ថ្មី ... សកម្មភាព​របស់​មនុស្ស​បាន​និង​កំពុង​បំផ្លាញ​​ប្រព័ន្ធ​អេកូសាស្ត្រ ​ជីវចម្រុះ​ខ្លាំង​ណាស់ និង ធ្វើ​ឱ្យអាកាសធាតុ​ប្រែប្រួល។​ ហើយ​សកម្មភាព​នេះ កំពុង​តែ​វាយ​បក​មក​លើ​សុខភាព​របស់​មនុស្ស​វិញ​។ តើ​ការ​ប្រែប្រួល​អាកាសធាតុ​ជះ​ឥទ្ធិពល​យ៉ាងណា​ខ្លះ ដល់​សុខភាព ?

 
ក្រុម​អ្នក​ជំនាញអន្តររដ្ឋាភិបាល​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ (Giec) បាន​ទាញសញ្ញាអាសន្ន​ តាម​រយៈ​របាយការណ៍​ជា​បន្ត​បន្ទាប់ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។


 
 
ផ្ទាំង​ទឹកកក​រលាយ ទឹកមហាសមុទ្ទ​ឡើង​កម្ពស់ គំរាម​ត្របាក់​​តំបន់​ឆ្នេរទំនាប ព្យុះភ្លៀង​កំណាចលែង​មាន​រដូវ ទឹកជំនន់​កាន់​តែ​ធំ ភាពរាំងស្ងួតកាន់​តែ​ញឹកញយ សីតុណ្ហភាព​​ឡើងក្តៅ​ហួសហេតុ កំហែង​ជីវិត​ជីវចម្រុះឱ្យ​ប្រឈម​នឹង​ការ​ផុត​រលត់​ ... ទាំង​នេះ​ជា​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បើ​តាម​អ្នក​ជំនាញ​បណ្តាលមក​ពី​​កំណើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​ក្នុង​​​​បរិយាកាស ​បញ្ចេញដោយ​ស្នាដៃ​មនុស្ស​តាម​រយៈ​ការ​ប្រើ​ចំហេះ​ផូស៊ីល​ (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត ...)។
 
ការឡើង​កម្តៅ​​អាកាសធាតុ​នេះ បាន​ធ្វើ​ឱ្យ​បរិស្ថាន​ប្រែប្រួល យ៉ាង​ខ្លាំង និង​​អាច​​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរនិង​ដោយផ្ទាល់​លើ​សុខភាព​របស់មនុស្ស។ ហើយ​គឺតំបន់​ដែលពុំ​សូវ​បាន​ចូល​រួម​ធ្វើ​ឱ្យ​អាកាសធាតុ​ប្រែប្រួល ដែល​​​ក្រុមមនុស្សរស់​នៅ​​ក្នុង​តំបន់​នោះ​ងាយ​រងគ្រោះ​នឹង​ជំងឺ ​​​លេច​ឡើង​ដោយការ​ឡើង​កម្តៅ​អាកាសធាតុ ហើយ​​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​អាកាសធាតុ​កើនឡើង​​លឿនខ្លាំង​។ តំបន់​មាន​ហានិភ័យខ្ពស់​ជាងគេ​​​គឺ តំបន់​ទំនាប​ជុំ​វិញ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក មហាសមុទ្ទ​ឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការ​សុខភាព​ពិភពលោក ការប្រែប្រួល​អាកាសធាតុ​ជា​ភ្នាក់ងារ​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​១៥ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំៗ និង​ឡើង​ដល់​ទ្វេដង​នៅ​ឆ្នាំ​២០៣០។
 
តើ​ការ​ប្រែប្រួលអាកាសធាតុ​ប៉ះពាល់ដល់​សុខភាព​យ៉ាង​ណា ?
អ្នក​ស្រី​វេជ្ជបណ្ឌិត Lucile Sesé គ្រូពេទ្យ​ជំនាញ​សួត នៅមន្ទីរពេទ្យ​Avicennes ជាយ​ទីក្រុង​ប៉ារីស ៖ “ឥទ្ធិពល​នៃ​ការប្រែប្រួលអាកាសធាតុចំពោះ​សុខភាពមានច្រើន។ យើង​អាច​រាប់​ ជា​ឧទាហរណ៍ ទាក់ទង​នឹង​ជំងឺ​ផ្លូវដង្ហើម ការ​ឡើង​កម្តៅខ្លាំងនឹង​ធ្វើ​ឱ្យ​អ្នក​មានជំងឺ​ផ្លូវដង្ហើម​​ស្រាប់​ត្រូវ​ការ​ទៅ​រកការ​ព្យាបាល​ពី​​គ្រូពេទ្យ​កាន់​តែ​ញាប់ និង​មាន​ហានិភ័យមរណៈ​កាន់​តែ​ខ្ពស់ ដោយហេតុ​តែ​មាន​បញ្ហា​សរសៃឈាម។ ទាក់ទងនឹង​ការ​ឡើងកម្តៅ​ខ្លាំងដែរ នៅពេល​សីតុណ្ហភាព​ឡើងខ្ពស់​ ភាពប្រឈម​នឹង​​អូហ្សូនក៏​កាន់​តែ​ខ្លាំ​ង អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ហឺត រលាក​សួតរ៉ាំរ៉ៃ កាន់​តែ​ពិបាក​រក​ដង្ហើម​ថែមទៀត។ 
 
អាកាសធាតុ​ប្រែប្រួល មេឃកាន់​តែ​ក្តៅ រដូវ​​លែងទៀង រយៈពេល​រុក្ខជាតិ​ចេញផ្កា សាយ​លម្អង អូស​បន្លាយ​ និង​កាន់​តែ​វែង មនុស្ស​ងាយ​កើត​អាល់ឡែកហ្ស៊ី កាន់​តែច្រើន ជំងឺ​ទាក់ទង​នឹង​អាល់ឡែកហ្ស៊ី កាន់​តែធ្ងន់ធ្ងរ ។ ឥលូវនេះ មានមនុស្ស​ប្រមាណ ៣០% មានបញ្ហា​រលាក​ច្រមុះ​ដោយ​អាល់ឡែកហ្ស៊ី តែ​ថ្ងៃ​មុខ​នឹង​ចំនួន​អ្នក​ជំងឺប្រភេទ​នឹង​មានកើន​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ។”
 
ការប្រែប្រួលអាកាសធាតុ​ជះឥទ្ធិពល​អាក្រក់ខ្លាំងណាស់ លើ​សុខភាពទូទៅ​របស់​មនុស្ស តែ​នៅពេលគេ​និយាយ​អំពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួលអាកាសធាតុ​ចំពោះ​សុខភាព គេ​តែង​ភ្ជាប់ និងនឹក​​គិត​ឃើញ​ភ្លាមស្ទើរ​ជា​ស្វ័យប្រវត្តិ​ដល់​ បញ្ហា​គុណភាព​ខ្យល់​​ក្នុង​បរិយាកាស ដល់​ផលវិបាក​នៃ​ខ្យល់​ពុល។
 
អ្នក​ស្រី​វេជ្ជបណ្ឌិត Sesé  ៖ « សព្វថ្ងៃ​នេះ យើង​- គ្រូពេទ្យ​ផ្នែក​សួត- យើង​ប្រឹង​ប្រែង​ពន្យល់អំពី​បញ្ហា​ខ្យល់​ពុល ​ប្រាប់​ទៅ​អ្នក​ជំងឺ​ ជា​ញឹកញយ​ ដូច​យើងបញ្ជៀប​​អំពីផលវិបាក​នៃ​ការ​ជក់​បារី​ដែរ ព្រោះយើង​ដឹង​ថា ខ្យល់​ពុល​ជាអ្នក​ផ្តួចផ្តើម​ឱ្យលេច​​មាន​ជំងឺ​ខ្លះ មាន​ជាអាទិ៍​ជំងឺ​ហឺត​លើ​កុមារ មហារីក​លើ​អ្នក​មិន​ជក់​បារី ... នេះ​ជា​ឧទាហរណ៍​ជាក់​ស្តែង ដែល​មានការ​សិក្សា​បញ្ជាក់​ត្រឹម​ត្រូវ។ បន្ទាប់​មក​ទៀត ខ្យល់​ពុល​សម្រួល​ ឱ្យ​​ជំងឺ​កាន់​តែ​ឆាប់​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺ​ក្រិន​ថ្លើម ហឺត រលាក​ទងសួត។ ដូច្នេះអ្នក​ជំងឺ​ត្រូវ​ស្វែង​យល់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​គុណភាព​ខ្យល់ និង​ឆាប់​រួសរាន់​រក​ជំនួយ​ពីគ្រូពេទ្យ​នៅពេល​ឃើញ​មាន​រោគ​សញ្ញា​ចាប់​ធ្លាក់​ដុនដាប។ ហើយ​យើង​ក៏បង្រៀន​អ្នក​ជំងឺ​ឱ្យ​យល់​ដឹង​និង​ប្រុងប្រយ័ត្ន​ចំពោះ​គុណភាព​ខ្យល់​ក្នុង​ផ្ទះ​ទៀត។”
 
​ការ​ប្រែប្រួល​អាកាសធាតុ​ ជា​​ដើមហេតុបង្ក​ឱ្យលេច​​ជំងឺ​ថ្មីៗ ?
 
ការ​ប្រែប្រួល​​អាកាសធាតុ​ ជំរុញ​ឱ្យ​មាន​ការ​ប្រែប្រួល​ជា​ខ្សែ​បន្តបន្ទាប់​គ្នា តាំងពី​ការលេច​ពូជ​សត្វ​រុក្ខជាតិ​ថ្មី ទៅ​ការ​ប្តូរ​ផ្លាស់​ឥរិយាបថ​ ដែល​នាំ​ផល​រំខាន​ ដោយ​មិន​ផ្ទាល់​ដល់​មនុស្ស​គ្រប់រូប។

ជាក់​ស្តែង​ការ​ឡើង​កម្តៅ​អាកាសធាតុ អាច​សម្រួល​ឱ្យ​មាន​លេច​និងការ​​រីកសាយភាយពពួក​មីក្រុប រុក្ខជាតិ និង​សត្វ ចង្រៃ ដែល​អាច​ជា​ប្រភព​នាំ​ឱ្យ​មាន​ជំងឺអាឡែកហ្ស៊ី ជំងឺពុល ឬ​ជំងឺ​ឆ្លង។
 
អ្នក​ស្រី​វេជ្ជបណ្ឌិត Sesé ៖ “ការ​ប្រែប្រួល​អាកាសធាតុ ច្បាស់​ណាស់​ថា​ជា​កត្តា​នាំ​ជំងឺ​កាន់​ងាយ​ធ្ងន់​ធ្ងរ តែ​វា​ក៏​ជា​កត្តា​ដើម​ហេតុ​នាំ​​កើត​មានជំងឺថ្មី។ គេ​ដឹង​ថា ខ្យល់ពុល​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ធ្លាក់​ខ្លួន​កើត​អាល់ឡែកហ្ស៊ី​កាន់​តែ​ច្រើន និង​កាន់​តែធ្ងន់ធ្ងរ ហើយ​គេ​ដឹង​ទៀតថា ខ្យល់ពុល​អាច​បង្កើន​កម្លាំង​វីរុស បង្កើន​សមត្ថភាព​ចម្លង​របស់​វីរុស។ ដូច្នេះ កត្តា​បរិស្ថាន ខ្លះ ជា​ដើម​ហេតុ​នាំ​ឱ្យ​លេច​ឡើង​នូវ​ជំងឺ​ថ្មី។”
 
ក្នុង​បរិបទ​នៃការ​ប្រែប្រួលអាកាសធាតុ ​ជំងឺ​ឆ្លង​ដែល​មាន​ភ្នាក់ងារ​ចម្លង​ជា​សត្វ​ កំពុង​ស្ថិត​ក្នុងការ​តាមដាន​ជា​ពិសេស។ ពីមុន​មក គេ​តែង​ទម្លាក់​កំហុស​ ទៅលើ​ការ​​ដឹកជញ្ជូន និងការ​ធ្វើ​ដំណើរ កាន់​តែ​លឿន​កាន់ច្រើន ថា​ជា​ដឹក​ជញ្ជូនភ្នាក់ងារ​ចម្លង​មេរោគ ​ឆ្លង ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ប៉ុន្តែ​តាំង​ពី​ថ្មីៗ​នេះ​មក អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រាប់ឥទ្ធិពល​នៃ​​​ការ​ប្រែប្រួល​អាកាសធាតុថា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺបង្ក​ឡើង​ដោយ​មេរោគ​ ​​ដែរ ព្រោះ​ការ​ឡើង​កម្តៅ​អាកាសធាតុ សម្រួលនិង​ពន្លឿន​ការ​លូតលាស់របស់​ភ្នាក់ងារ​បង្ក​ជំងឺ ឧទាហរណ៍សត្វមូសខ្លា ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុនឈាម គ្រុនឈីក និង​ហ្ស៊ីកា។
 
បើ​តាម​អង្គការ​សុខភាពពិភពលោក ការ​ឡើង​កម្តៅអាកាសធាតុ​ ២ទៅ៣​អង្សា នឹង​បង្កើន​អត្រា​មនុស្ស​កើត​ជំងឺ​គ្រុន​ចាញ់​៥% ហើយ​មនុស្ស​យ៉ាង​ហោច​២ពាន់​លាន​នាក់​ត្រូវ​រស់​ប្រឈម​នឹង​គ្រោះកើត​ជំងឺ​គ្រុន​ឈាម នៅ​ឆ្នាំ​២០៨០។
 
ការ​ឡើង​កម្តៅ​ខ្យល់​បរិយាកាស ជះ​ឥទ្ធិពល​ដោយផ្ទាល់​ទៅ​លើ​សុខភាព​មនុស្ស ដោយ​ត្រូវ​ប្រឈម​នឹង​ជំងឺ​ក្តៅ​ខ្លួន​ញយៗ និង​ជំងឺ​សរសៃឈាម​បេះ​ដូង​ ឬ​ផ្លូវ​ដង្ហើម ដែល​អាច​ជំរុញ​ឱ្យ​អត្រា​មរណៈ​ឡើង​ខ្ពស់​លើស​ធម្មតា។ ការ​សិក្សា​របស់​អាជ្ញាធរ​សុខាភិបាល​បារាំង​ទើប​បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​បញ្ជាក់​អំពី​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​នៃអត្រា​មរណៈដោយ​ហេតុ​អាកាសធាតុ​ក្តៅ​ខ្លាំង៕

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com