សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី៖ គ្មានដបទឹកសុទ្ធក្នុងកិច្ចប្រជុំ និងបិទជណ្តើរយន្តក្រៅម៉ោងធ្វើការ​ ដើម្បីក្លាយជាប្រទេសបៃតង
15, Dec 2023 , 8:19 pm        
រូបភាព
រូបភាព​ ៖ Xinhua
រូបភាព​ ៖ Xinhua
គ្មានទឹកដបនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល និងការបិទជណ្តើរយន្តក្រៅម៉ោងធ្វើការ ជាអ្វីដែលបានរៀបរាប់នៅក្នុងរបាយការណ៍ New GreenGov.sg។ របាយការណ៍នេះ លើកឡើងពីបៀបដែលវិស័យសាធារណៈសិង្ហបុរីបានដំណើរការនៅក្នុងកិច្ចខិតខំប្រឹងប្រែងបៃតង ដើម្បីសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។

 
ការបិទជណ្តើរយន្តនៅតាមក្រសួងនានាអំឡុងក្រៅម៉ោងធ្វើការ និងផ្អាកយកទឹកដបដាក់ក្នុងកិច្ចប្រជុំរបស់ស្ថាប័នរដ្ឋ គឺជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមដែលរដ្ឋាភិបាលសិង្ហបុរីបានកំពុងអនុវត្តដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។
 
របាយការណ៍របស់ GreenGov.SG ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ដោយក្រសួងនិរន្តរភាព និងបរិស្ថាន (MSE) ក៏បានរៀបរាប់លម្អិតអំពីកម្រិតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដូចជាការប្រើប្រាស់ថាមពល និងទឹករបស់វិស័យសាធារណៈដែរ។
 
នៅឆ្នាំ ២០៣០ វិស័យសាធារណៈត្រូវកាត់បន្ថយការប្រើប្រាស់ថាមពល និងទឹកឲ្យបានចំនួន ១០ភាគរយហើយកាត់បន្ថយភាពខ្ជះខ្ជាយឲ្យបាន ៣០ភាគរយរៀងគ្នា។ នេះគោលដៅត្រូវបានប្រកាសជាលើកដំបូងដោយរដ្ឋាភិបាលសិង្ហបុរីក្នុងឆ្នាំ២០២១។  
 
អគារទ្រព្យសម្បត្តិរដ្ឋសំខាន់ៗដែលបានអនុវត្តផែនការនេះរួមមាន អគារការិយាល័យ កន្លែងថែទាំសុខភាព សាលារៀន ការដំឡើងឧបករណ៍ប្រើប្រាស់សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ និងយានជំនិះជាដើម។ 
 
បើតាមរបាយ​ការណ៍​ខាងលើ នេះ​ជា​លើក​ដំបូង​នៅ​អាស៊ី​អាគ្នេយ៍​ដែលទីភ្នាក់ងាររដ្ឋាភិបាល និងស្ថាប័នរដ្ឋរបស់សិង្ហបុរីដែលដាក់ចេញនូវការអនុវត្តនិរន្តរភាពបរិស្ថាននៅក្នុងវិស័យសាធារណៈ ដោយកាត់បន្ថយការបំភាយឧស្ម័នទៅបរិយាកាស។ 
 
ជាមួយនឹងបម្រែបម្រួលអាកាសធាតុកំពុងបន្តគំរាមកំហែងដល់សិង្ហបុរី របាយការណ៍ GreenGov.SG  អាចជួយឲ្យប្រទេសនេះសម្រេចបាននូវផែនការបៃតង២០៣០ ដែលជាចលនាជាតិជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ 
 
សិង្ហបុរីមានគោលបំណងសម្រេចឲ្យបានការបំភាយឧស្ម័នផ្ទះកញ្ជក់សូន្យនៅឆ្នាំ ២០៥០។ គំនិតផ្តួចផ្តើមរបស់ GreenGov.SG ចង់ឱ្យវិស័យសាធារណៈសម្រេចបាននូវគោលដៅនេះ មុន ៥ឆ្នាំគឺត្រឹមឆ្នាំ ២០៤៥៕ 

Tag:
 សិង្ហបុរី
  វិស័យសារធាណៈ
© រក្សាសិទ្ធិដោយ thmeythmey.com