អន្តរជាតិ
លោក Putin ថា គោល​បំណង​របស់​លោក​នៅ​អ៊ុយក្រែន​នៅ​ដដែល
16, Dec 2023 , 8:29 am        
រូបភាព
ដោយ: VOA
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចាប់ផ្ដើម​សន្និសីទ​កាសែត​ដំណាច់​ឆ្នាំ​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​នេះ ​ដោយ​សន្យា​ថា​គោល​បំណងរ​បស់​លោក​នៅ​អ៊ុយក្រែន​គឺ​នៅ​ដដែល ​និង​ថា​សន្តិភាព​នឹង​មិន​កើតឡើង​នោះ​ទេ​រហូត​ទាល់តែ​ដល់​ពេល​ដែល​លោក​សម្រេច​បាន​គោល​បំណង​ទាំង​អស់​នោះ។

 
លោក Putin ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជិត ២៤ ឆ្នាំ​កន្លង​មក​និង​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ម្ដង​ទៀត ត្រូវ​បាន​ស្វាគមន៍​ដោយ​ការទះដៃ​នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ក្នុង​សាល​សន្និសីទ​កាសែត​នៅ​កណ្ដាល​ទីក្រុង​មូស្គូ។
 
នៅ​ឆ្នាំ​នេះ ពលរដ្ឋ​សាមញ្ញ​មាន​ឱកាស​ទូរស័ព្ទ​សួរ​សំណួរ​រួម​ជាមួយ​នឹង​សំណួរ​ដែល​អ្នក​កាសែត​សួរ។ ពលរដ្ឋ​រុស្ស៊ី​បាន​ផ្ញើ​សំណួរ​ឱ្យ​លោក Putin អស់​រយៈពេល​ពីរ​សប្ដាហ៍​មក​ហើយ។ វា​ជា​លើក​ដំបូង​បង្អស់​ដែល​លោក Putin ​ដែល​មាន​ការ​ទាក់ទង​តិចតួច​បំផុត​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស នឹង​អាច​ប្រឈម​នឹង​សំណួរ​ជា​ច្រើន​ពី​អ្នក​កាសែត​បស្ចិម​ប្រទេស​តាំងពី​មុន​ពេល​ដែល​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ចាប់ផ្ដើម​ទៅ​ទៀត។
 
លោក Putin បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​​ថា ​គោល​បំណង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​លុប​បំបាត់​ណាហ្ស៊ី​នីយកម្ម ការ​លុប​បំបាត់​យោធា​នីយកម្ម និង​ឋានៈ​អព្យាក្រឹត្យ» នៃ​ប្រទេស​អ៊ុយក្រែន ​គឺ​នៅតែ​ដដែល។
 
លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​គោល​បំណង​ទាំង​នេះ​នៅ​ថ្ងៃ​ដែល​លោក​បាន​បញ្ជូន​ទាហាន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០២២។
 
លោក Putin ក៏​បាន​ទាមទារ​ផង​ដែរ​ឱ្យ​អ៊ុយក្រែន​នៅ​អព្យាក្រឹត្យ ​ហើយ​មិន​ចូលរួម​ជាមួយ​នឹង​អង្គការ​អូតង់៕

© រក្សាសិទ្ធិដោយ thmeythmey.com