សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សាច់គោឥណ្ឌានាំចូលវៀតណាម ថោកជាងពាក់កណ្តាលនៃទីផ្សារក្នុងស្រុក
15, Dec 2023 , 5:01 pm        
រូបភាព
រូបភាព ៖ Vietnambiz
រូបភាព ៖ Vietnambiz
តម្លៃនៃការនាំចូលផលិតផលសាច់របស់ឥណ្ឌាទៅកាន់វៀតណាម មានតម្លៃទាបជាងពាក់កណ្តាលទីផ្សារក្នុងស្រុក ។ សាច់គោឥណ្ឌាលក់បានត្រឹមតម្លៃ ២,៤៧ ដល់៤,១២ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈតម្លៃសាច់គោវៀតណាម មានតម្លៃពី ១០,៣១ដុល្លារទៅ ១១,៥៤ដុល្លារក្នុងមួយគីឡូក្រាម។

 
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ប្រទេសនេះបាននាំចូលសាច់ និងផលិតផលសាច់ពីទីផ្សារចំនួន ៤៤ ជុំវិញពិភពលោក។ រយៈពេល ១០ខែឆ្នាំនេះ ឥណ្ឌាដែលជាទីផ្សារដ៏ធំបំផុតក្នុងការផ្គត់ផ្គង់សាច់ និងផលិតផលសាច់ទៅវៀតណាមមានចំនួន ១២៧ពាន់តោន ស្មើនឹង ២២,២ភាគរយនៃចំណែកទីផ្សារសរុប។
 
ទន្ទឹមនេះ តម្លៃជាមធ្យមនៃសាច់នាំចូលពីឥណ្ឌាទៅវៀតណាមបានធ្លាក់ចុះ ៦,៨ភាគរយ ធៀបគ្រាដូចគ្នានៅឆ្នាំ ២០២២ មកនៅត្រឹម ២,៩ដុល្លារក្នុងមួយគីឡូក្រាម។ កំណត់ត្រានៅលើទីផ្សារអនឡាញបង្ហាញថា សាច់គោ និងក្របីឥណ្ឌាលក់នៅវៀតណាមមានតម្លៃចាប់ពី ៦ម៉ឺនដុងទៅ១០ម៉ឺនដុងក្នុងមួយគីឡូក្រាម (២​,៤៧ដុល្លារ ដល់៤,១២ដុល្លារ) ។ 
 
សារព័ត៌មាន VnExpress បានដកស្រង់សម្តីលោកស្រី អញ (Oanh) ដែលជាម្ចាស់រោងចក្រសាច់នាំចូលមួយកន្លែងនៅខណ្ឌ តិន ប៊ីញ ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ៖« តម្លៃសាច់គោឥណ្ឌាមិនដែលថោកដូចឆ្នាំនេះទេ។ បច្ចុប្បន្ន​តម្លៃ​សាច់ក្របី និង​សាច់គោ​របស់ឥណ្ឌា ​មាន​ត្រឹមតែ​ពាក់កណ្តាល​នៃ​ផលិតផល​វៀតណាម​ប៉ុណ្ណោះ»​។ ​ 
 
បច្ចុប្បន្ន សាច់គោវៀតណាមមានតម្លៃ ២៥ម៉ឺនដុងទៅ ២៨ម៉ឺនដុងក្នុងមួយគីឡូក្រាម (១០,៣១ដុល្លារទៅ ១១,៥៤ដុល្លារ) ខណៈសាច់គោអាម៉េរិក និងអូស្ត្រាលីលក់លើទីផ្សារវៀតណាមឡើងដល់ ៣៥ម៉ឺនដុងដល់ ៤៥ម៉ឺនដុងក្នុងមួយគីឡូក្រាម (១៤,៤៣ដុល្លារទៅ១៨,៥៥ដុល្លារ) ។
 
ចំណែកលោក ទាន់ (Toàn) ម្ចាស់រោងចក្រនាំចូលសាច់ក្លាសេនៅខណ្ឌទី៧ ទីក្រុងហូជីមិញបានឲ្យដឹងថា សាច់ក្របី និងសាច់គោដែលនាំចូលពីឥណ្ឌាក្នុងឆ្នាំនេះមានគ្រប់ប្រភេទ។ ផលិតផលនេះ ពេញនិយមសម្រាប់កន្លែងកែច្នៃ និងភោជនីយដ្ឋាន ដោយសារតម្លៃថោក ហើយគុណភាពសាច់មិនទាបជាងប្រទេសដទៃ។ លោកបញ្ជាក់ថា ៖« តម្លៃថោក ប៉ុន្តែពួកគេ (ឥណ្ឌា) ត្រូវបាននាំចូលជាផ្លូវការ និងវេចខ្ចប់ទៅវៀតណាមដោយធានាសុវត្ថិភាពចំណីអាហារ»។
 
តម្លៃសាច់គោនាំចូលពីឥណ្ឌាទៅវៀតណាមថោក ដោយសារមានការផ្គត់ផ្គង់ច្រើននៅឆ្នាំនេះ។ ឥណ្ឌាជាប្រទេសដែលចិញ្ចឹមក្របី និងគោច្រើនស្មើនឹង ៦០ភាគរយនៃផលិតកម្មសត្វក្របី និងគោរបស់ពិភពលោក។ ប៉ុន្តែប្រជាជននៅប្រទេសនេះភាគច្រើនមិនបរិភោគសាច់គោទេ ដូច្នេះវាត្រូវបាននាំចេញទៅជុំវិញពិភពលោក។
 
២ឆ្នាំចុងក្រោយនេះ វិបត្តិសេដ្ឋកិច្ចបានកាត់បន្ថយតម្រូវការអ្នកប្រើប្រាស់នៅក្នុងប្រទេសជាច្រើន។ អ្នកបរិភោគសាច់គោមុនៗ មានទំនោរងាកទៅរកការហូបបួសកាន់តែច្រើន ដែលធ្វើឱ្យមានអតិរេកនៃការផ្គត់ផ្គង់សាច់គោ ក្របីរបស់ឥណ្ឌាធ្លាក់ថ្លៃ។ 
 
លើសពីនេះ យោងតាមសមាគមបសុសត្វវៀតណាម ការកើនឡើងយ៉ាងខ្លាំងនៃទំនិញរត់ពន្ធក៏ជាមូលហេតុ មួយដែរ។ ស្ថិតិរបស់អាជ្ញាធរបង្ហាញថា ៩ខែឆ្នាំនេះ ករណីនៃការរត់ពន្ធសត្វ និងផលិតផលបសុបក្សីចំនួន១៣១ករណីចូលទៅវៀតណាមត្រូវបានរកឃើញ។ ចំនួននេះកើនឡើង ១៤,៥ដងបើធៀបនឹងឆ្នាំ ២០២២៕ 

Tag:
 វៀតណាម​
  ឥណ្ឌា
  សាច់គោ
© រក្សាសិទ្ធិដោយ thmeythmey.com