RFI
ព័ត៍មានសុខភាព
អន្តរជាតិ
តើបញ្ញាសិប្បនិម្មិត​ នឹង​មក​​ជំនួស​គ្រូពេទ្យ​ឬ ?
16, Dec 2023 , 10:29 am        
រូបភាព
ដោយ អៀង សុខម៉ិញ/RFI
 
នៅក្នុង​វិស័យ​ខ្លះ បញ្ញាសិប្បនិម្មិត បាន​មក​ជំនួស​ការងារ​មនុស្សជា​បណ្តើរៗស្រេច​ទៅ​​ហើយ។ នៅក្នុង​វិស័យ​សុខាភិបាលវិញ បញ្ញាសិប្បនិម្មិត បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ចាំបាច់​សម្រាប់​វិភាគ​រូប​ នៃ​ការ​ថតឆ្លុះ ហើយ​បាន​ប្រឡងជាប់​ដោយជោគជ័យ​ជា​មួយ​និស្សិត​ពេទ្យ​ទៀត​ផង។ ឧបករណ៍​វេជ្ជសាស្ត្រ​មាន​បំពាក់​កម្មវិធី​បញ្ញាសិប្បនិម្មិត​មួយ មាន​សមត្ថភាព​អាចទិន្នន័យ​សុខភាព​ដូ​ចគ្រូពេទ្យ និង​អាច​ព្យាករ ហានិភ័យ​ស្លាប់ ហានិភ័យ​ឈឺ ហានិភ័យ​ផ្សេងៗ​របស់​អ្នក​ជំងឺ​បាន​យ៉ាង​ប្រាកដ។ ដូច្នេះ​​តើ​វា​អាច​ទៅ​រួច​ទេ ដែល​ថា​អនាគត​ទៅយើង​អាច​ពិគ្រោះ​ជំងឺ​ជា​មួយ​ បញ្ញាសិប្បនិម្មិត ? ឬ​ក៏​ បញ្ញាសិប្បនិម្មិត​​នឹងមក​ជំនួសគ្រូពេទ្យ ?

បញ្ញាសិប្បនិម្មិត្តក្នុង​វិស័យវេជ្ជសាស្ត្រ​ គឺ​ជាគំរូ​បច្ចេកវិទ្យា​សិក្សាជា​​ស្វ័យប្រវត្តិដើម្បី​ស្វែង​រក​ទិន្នន័យ​សុខភាព​និងបាន​​​ព័ត៌មាន​សម្រាប់វិនិច្ឆ័យលទ្ធផលសុខភាពឱ្យបាន​កាន់​តែ​ប្រសើរ​ឡើង និង​ជាប​ទពិសោធ​ន៍​សម្រាប់​អ្នក​ជំងឺ​ផ្ទាល់​ផង។ ដោយសារ​តែ​ភាព​ជឿនលឿន​ផ្នែក​ព័ត៌មាន​វិទ្យា​និង​វិទ្យាសាស្ត្រ​ព័ត៌មាន បញ្ញាសិប្បនិម្មិត មាន​ចំណែក​ យ៉ាង​ពេញ​លេញ​ក្នុង​វិស័យ​​ថែទាំ​សុខភាព​សម័យ​ទំនើប។ គំរូ និង​កម្មវិធី​របស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត្ត ត្រូវ​បាន​យក​មក​ប្រើ​សម្រាប់​ជួយ​អ្នក​​ជំនាញ​សុខាភិបាល ទាំង​ក្នុង​ផ្នែក​វិភាគអាការៈរោគ​(គ្លីនិក) ក៏​ដូច​ជា​ក្នុង​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ។



 
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត​ត្រូវ​បាន​ប្រើ​ (ដើរតួនាទី) ច្រើនខ្លាំង​ក្នុងវិស័យ​សុខាភិបាល​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​បែបគ្លីនិក និង​វិភាគ​រូបភាព។ ជំនួយ​​បែប​គ្លីនិក នឹង​ជួយក្រុមគ្រូពេទ្យ​នៅពេល​ត្រូវ​សម្រេចអំពី​ការព្យាបាល ការផ្តល់​ថ្នាំ អំពី សុខភាព​ខួរក្បាល និង​តម្រូវការ​របស់​អ្នក​ជំងឺ​ដោយ​ផ្តល់​ព័ត៌មាន​បាន​លឿន ឬ​របស់​អ្នក​ស្រាវជ្រាវ​ដើម្បីប្រយោជន៍​របស់​អ្នក​ជំងឺ។ ខាង​វិភាគ​រូបភាព បញ្ញា​សិប្បនិម្មិត ជា​បច្ចេកវិទ្យា​ដែល​គេ​ប្រើ​សម្រាប់​វិភាគ​រូបភាព​ ថតឆ្លុះដោយ​វិទ្យុសកម្ម ដោយ​MRI ដោយ​វិធីផ្សេងៗ រក​ដំបៅ​ ឬ​សញ្ញាណា​ដែល​អ្នក​ជំនាញ​ ជា​មនុស្ស​មិន​អាច​មើល​ឃើញ។​
 
ជំងឺ​រាតត្បាត​សកលកូវីដ​១៩ បាន​ផ្តល់​មេរៀន​និង​ជំរុញ​ឱ្យ​អង្គការ​ស្ថាប័ន​សុខាភិបាល​ជាំ​ច្រើន​នៅ លើ​ពិភពលោក​​ មានឱកាស​ចាប់​ផ្តើម​សាកល្បងបច្ចេកវិទ្យា​ថ្មី​ដោយ​មានបញ្ចូល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ដូច​ជា​កម្មវិធី​តាមដាន​អ្នក​ជំងឺ ឬ​កម្មវិធី​វែក​រក​អ្នក​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ។ល។ ការសិក្សា​និង​លទ្ធផល​នៃ​ការសាកល្បង​នេះ មិន​ទាន់​ចប់​ទេ។ ហើយ គេក៏​កំពុង​រៀបចំ​កំណត់​បទដ្ឋាន​ទូទៅ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ដែរ។ ប៉ុន្តែ​ ទាំងអ្នកស្រាវជ្រាវ ក៏​ដូច​ជា​គ្រូពេទ្យ និង​អ្នក​ជំងឺ​ផ្ទាល់ ត្រូវការ​បញ្ញាសិប្បនិម្មិត កាន់​តែ​ខ្លាំងឡើងៗ ជា​លំដាប់។ ចង់​ឬមិន​ចង់ បញ្ញាសិប្បនិម្មិត​នឹងក្លាយ​ជា​ឧបករណ៍​ស្នូល​នៃ​ប្រព័ន្ធ​សុខាភិបាល​ឌីជីថល​របស់​វេជ្ជសាស្ត្រសម័យ​ទំនើប។
 
តើ​បញ្ញាសិប្បនិម្មិត្ត​ពិត​ជា​អាច​ជួយ​បង្ការ​ហានិភ័យ​នានា និង​អាច​ជួយ​​ដល់​ក្រុមគ្រូពេទ្យ​​យ៉ាងណា​ខ្លះ ?

លោក​វេជ្ជបណ្ឌិត Damien Mascretសម្រាប់​ពេលនេះ បញ្ញាសិប្បនិម្មិត្ត មិនទាន់​អាច​មាន​សមត្ថភាព​ធ្វើ​ល្អ ដូចអ្វី​ដែល​​ក្រុមគ្រូពេទ្យ​​វះកាត់ចង់​បាន​​ទេ។ ប៉ុន្តែគេ​កំពុង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​សម្រេច​​កម្មវត្ថុ​នេះ ព្រោះឥលូវ​ បញ្ញាសិប្បនិម្មិត្ត​កំពុង​មានភាព​ជឿនលឿនខ្លាំង​សម្បើមណាស់។ នៅប្រទេស​បារាំង នៅក្នុងផ្នែក​ថត​ឆ្លុះ​​ បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ពេទ្យ​ អាចមាន​សមត្ថភាព​​វែក​រក​ឃើញ​ករណី​ដាច់​ហូរឈាម​​ក្នុង​ខួរក្បាល ដ៏​តូច។ បញ្ញាសិប្បនិម្មិត​អាច​មាន​សមត្ថភាព​ចាប់​បានដុំ​ពក​ក្នុង​សួត។ បញ្ញាសិប្បនិម្មិត​អាច​មាន​សមត្ថភាព​វិភាគក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី ដឹង​ភ្លាម​ថា​ក្នុង​ចំណោម​រូបភាព​រាប់​ពាន់ រូបភាព​ថតកៀប​សុដន់​មួយ​ណាមានភាព​មិនប្រក្រតី​អាច​ឈាន​ទៅ​កើត​រោគ​ ​មហារីក​សុដន់។ ​ បញ្ញាសិប្បនិម្មិត ស្ទើរ​ជា​ភ្នែក​ទិព្វ​អាច​មើល​ឃើញ​ស្នាម​បាក់ប្រេះ​លើ​ឆ្អឹង​ដែល​ភ្នែក​មនុស្ស​​មើល​មិន​ឃើញ។
 
តើ​បញ្ញាសិប្បនិម្មិត នឹង​មក​ជំនួស​គ្រូពេទ្យ​នៅថ្ងៃ​អនាគតឬ ?

ទោះបី​​គ្រប់គ្នា​ទទួលស្គាល់​ថា​ បញ្ញាសិប្បនិម្មិតកំពុង​លូតលាស់​ខ្លាំង និង​ជា​តម្រូវការ​សម្រាប់ស្ទើរ​គ្រប់​វិស័យ រាប់​ទាំង​វិស័យ​វេជ្ជសាស្ត្រផង ដោយ​អាច​ដើរតួនាទី​ ​ ជាជំនួយការ​​ដ៏​ប្រពៃ​របស់គ្រូពេទ្យក៏ដោយមែន ប៉ុន្តែ​ បញ្ញាសិប្បនិម្មិត ​មិនមែន​ជា​គ្រូពេទ្យ​ទេ និង​មិន​អាច​ជំនួស​គ្រួពេទ្យ​បាន​ឡើយ សម្រាប់​ពេល​នេះ​ និង​នៅអនាគត។ ហេតុអ្វី ?​
 
តាំងពី​ប៉ុន្មាន​ខែ​ចុងក្រោយ​មក​នេះ គ្មានសប្តាហ៍​​ណា ថ្ងៃ​ណា ដែល​គេ​មិន​ឮពាក្យ​បញ្ញាសិប្បនិម្មិត​ទេ ឧទាហរណ៍​​កម្មវិធីបញ្ញាសិប្បនិម្មិត​ ChatGPT។ ជា​បញ្ញាសិប្បនិម្មិត​ដែល​គេ​អាច​និយាយ​ឆ្លើយឆ្លង​បាន​ដោយផ្ទាល់​មាត់ និង​សួរ​បាន​គ្រប់​រឿង។ កម្មវិធី​នេះ​អាច​ប្រឌិត​​កំណាព្យតាម​សំណូមពរ​អ្នក​ ឬ​អាច​ផ្តល់​ព័ត៌មាន​ស្តីពីកម្មវិធី​ដ៏​ពេញនិយម ក្នុង​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​អាច​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​តាម​ការ​រៀប​រាប់​របស់​អ្នក​ឆាត​បាន​ទៀតផង។
 
ប្រសិនបើ​អ្នក​សរសេរ​ថា ក្តៅ​ខ្លួន ហៀរសំបោរ ឈឺបំពង់ក បញ្ញាសិប្បនិម្មិត​បានឆ្លើយភ្លាម​ថា នេះ​ជា​រោគសញ្ញា​នៃ​អាការៈ​ផ្តាសាយ​ ឬ​មានការបង្ករោគ​នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ។ បញ្ញាសិប្បនិម្មិតក៏​​បាន​បញ្ជាក់​ដែរ​​ថា រោគសញ្ញា​នេះ​ក៏​អាច​ជា​ការ​បង្ករោគ​នៅកន្លែង​ផ្សេង និងបាន​ផ្តល់ការណែនាំ​ឱ្យ​វាស់​កម្តៅ​សីតុណ្ហភាព និង​ទៅ​ពិគ្រោះ​ជាមួយគ្រូពេទ្យ តែ​ក៏​បាន​ណែនាំ​ ​ឱ្យ​ទៅ​រកថ្នាំ​លេប​ បំបាត់ការឈឺចាប់ ពពួក Ibuprofène ឬ​acétaminophène។ ក្នុងការ​សាកល្បង​ទីពីរ យើង​សរសេរ​ថា​ ឈឺពោះ និង​រក​កលចង់ក្អួត កម្មវិធី​បញ្ញាសិប្បនិម្មិត​ ឆ្លើយ​បែបទូទៅ​ខ្លាំងមែនទែន ថា ទំនង​ជា​មាន​បញ្ហា​នៅពោះវៀន នៅថ្លើម មានការបង្ករោគ ឬ​មកពី ស្ត្រេស ... លើកនេះ​បញ្ញាសិប្បនិម្មិត មិន​អាច​អារកាត់ ថា​ជា​រោគសញ្ញា​អ្វី​ឱ្យ​បាន​ច្បាស់លាស់ទេ។ ជា​សរុ​ប​ទៅ ​លោក​គ្រូពេទ្យ​ផ្នែក​ជំងឺ​ទូទៅ នៅបារាំង​លោក​វេជ្ជបណ្ឌិត Matthieu Calafiore មិនយល់​ស្រប​នឹង​ការណែនាំ​របស់​បញ្ញាសិប្បនិម្មិតនេះទេ។
 
Dr Matthieu Calafiore ៖ “អ្វី​ដែល​ល្អ​គឺ​ត្រូវ​ទៅជួប​ពិគ្រោះជំងឺ​ជាមួយគ្រូពេទ្យ នៅពេល​ក្តៅ​ខ្លួន​ ដើម្បី​លោក​អាចវិនិច្ឆ័យ​បាន​ថាមិនមែន​ជា​ការ​បង្ករោគ​ដោយ​វីរុស ឬ​ដោយ​បាក់តេរី។ ឱ្យ​លេប​ថ្នាំ​ពពួក​acétominophène ដែល​ជា​ក្រុមថ្នាំ​ប៉ារ៉ាសេតាម៉ុល មិនជា​បញ្ហា​ទេ តែការ​លេប​ថ្នាំក្រុម ibuprofène ដែល​ជា​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​ការ​រោលរលាក មិនល្អ​ឡើយ ព្រោះ​ប្រសិនបើ​មាន​ការ​បង្ករោគ ថ្នាំ​នេះ​នឹង​ទៅ​បញ្ចុះ​ប្រសិទ្ធភាព​ការពារ​ខ្លួន​របស់​គ្រាប់​ឈាម​ស។ មិនគួរប្រើ​ថ្នាំ​នេះ​ទេ នៅពេល​ក្តៅខ្លួន។ ខ្ញុំ​មិន​យល់​ស្រប​តាមកម្មវិធីបញ្ញាសិប្បនិម្មិត ឡើយ។ ក្នុង​ករណី​ឈឺពោះ ការ​ពិគ្រោះ​ដោយ​សួរ​បញ្ញាសិប្បនិម្មិត និង​ដោយ​​ពិគ្រោះ​ ​ជាមួយគ្រូពេទ្យ​ពីចម្ងាយ​ ពិត​ជា​មិន​អាច​កំណត់​រោគសញ្ញាបាន​ដោយច្បាស់លាស់ឡើយ បើគ្មាន​​ការ​ស្ទាប​ចុច​លើ​ពោះ​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ដៃ​របស់​គ្រូពេទ្យ​ទេនោះ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា ក្នុង​អនាគត​ដ៏​ខ្លី​នេះ​ គេមិន​អាច​យក​បញ្ញា​សិប្បនិម្មិត​មកជំនួសគ្រូពេទ្យ​បាន​ដោយភ្លាមៗទេ។”
 
សម្រាប់សាស្ត្រាចារ្យ​ផ្នែក​បញ្ញាសិប្បនិម្មិត​នៅ​សាកលវិទ្យាល័យ​ប៉ារីសស័រប៊ន Paris-Sorbonne គេ​ត្រូវ​តែ​គ្រប់គ្រង​​ការ​ប្រើប្រាស់​កម្មវិធី​ បញ្ញាសិប្បនិម្មិត ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ឱ្យត្រឹម​ត្រូវ។​​ អ្នកស្រី​ Laurence Devillers ក៏​មិន​គាំទ្រ​ទាំងស្រុង​គំនិត​ឱ្យ​បញ្ញា​សិប្បនិម្មិត​មក​សម្រេចចិត្ត​ជំនួសមនុស្ស​ដែរ ដោយ​ពន្យល់​ថា មាន​ផ្ទុក​ទិន្នន័យ យោបល់ ចំណេះដឹង ទ្រឹស្តី ព័ត៌មាន​មិនពិត ​រាប់​ពាន់​លាន​ ដូច្នេះ​គួរ​តែ​បង្កើត​សហគមន៍វេជ្ជសាស្ត្រ​  មាន​សមត្ថភាព​ផ្តោះប្តូរ​ចំណេះ​ដឹង​ជាមួយ​ម៉ាស៊ីន ដើម្បី​ផ្ទៀងផ្ទាត់​នូវ​អ្វី​ដែល​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត​​និយាយ។ ការ​សួរនាំ​បញ្ញាសិប្បនិម្មិត​ម្តងម្កាល​ អាច​ជា​រឿង​ល្អ តែ​ត្រូវ​ឱ្យ​មនុស្ស​ជា​អ្នក​សម្រេច​ ទើប​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍។ អ្នក​ជំនាញ​សុខភាព​ខ្លះ​ទៀត បាន​ច្បិច​យក​គុណប្រយោជន៍​​នៃ​បញ្ញាសិប្បនិម្មិត ត្រង់​វា​អាច​ជួយ​ធ្វើ​សំយោគ​​ទិន្នន័យ -ឯកសារ​សុខភាព ឯកសារ​រដ្ឋបាល​​របស់​អ្នក​ជំងឺ​។ តែនៅពេល​យើង​ចោទ​សួរ​​កម្មវិធី​បញ្ញាសិប្បនិម្មិត​ ChatGPT ដោយផ្ទាល់ ​ថា​គេ​អាច​ជំនួសគ្រូពេទ្យ​បាន​ដែរ​ឬ​អត់ ចម្លើយមាន​តែ​មួយ​ដូច​គ្នា​សម្រាប់ពេល​នេះ គឺ ទេ !
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com