អន្តរជាតិ
អាម៉េរិក​អនុម័ត​ជំនួយ​៣០០​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ព័ត៌មាន​យុទ្ធសាស្ត្រ​​តៃវ៉ាន់
16, Dec 2023 , 3:59 pm        
រូបភាព
មន្ទីរបញ្ចកោណនាថ្ងៃទី១៥ ខែធ្នូបានលើកឡើងថា ក្រសួងការបរទេសអាម៉េរិកបាន អនុម័តការលក់ឧបករណ៍ក្នុងតម្លៃ ៣០០ លានដុល្លារដើម្បីជួយរក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រ របស់តៃវ៉ាន់ដែលជាការផ្ដល់ឱ្យចុងក្រោយបំផុតក្នុងពេលថ្មីៗនេះរបស់អាម៉េរិកសម្រាប់ការពារ កោះមួយនេះ។

 
តាមការកំណត់ដោយច្បាប់ អាម៉េរិក​អាចផ្ដល់​ឱ្យ​តៃវ៉ាន់នូវ​មធ្យោបាយ​ការពារ​ខ្លួន ហើយ​ការ​ លក់​អាវុធ​គឺជា​ប្រភព​នៃ​ភាព​តានតឹងដ៏​ញឹកញាប់​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ប៉េកាំង។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបង្ហាញថា ការលក់ នេះគឺ សម្រាប់ការគាំទ្រការបន្តទៅមុខ ដើម្បីរក្សាសមត្ថភាពបញ្ជាការ (Command) ការគ្រប់គ្រង (Control) ទំនាក់ទំនង (Communications) និងកុំព្យូទ័រ (Computers) របស់តៃវ៉ាន់ ឬ ហៅកាត់ថា C4។
 
មន្ទីបញ្ចកោណបន្ថែមផងដែរថា ជំនួយថ្មីនេះនឹងធ្វើឱ្យសមត្ថភាពរបស់តៃវ៉ាន់ក្នុងការឆ្លើយ តបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតកាន់តែប្រសើឡើងដោយបង្កើនការ ត្រៀមខ្លួនប្រតិបត្តិការ និងរក្សាសមត្ថភាព C4 ដែលមានស្រាប់ដែលផ្តល់លំហូរសុវត្ថិភាព នៃព័ត៌មានយុទ្ធសាស្ត្រ។ ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់សម្គាល់ថា ការទទួលបាននេះនឹងជួយរក្សាប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជា និងគ្រប់គ្រងការប្រយុទ្ធរួមគ្នា ហើយនឹងអាចធ្វើឱ្យការយល់ដឹងពីសមរភូមិមានភាពប្រសើរឡើង។
 
«ប្រតិបត្តិការយោធារបស់ចិនកុម្មុយនិស្តជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់បង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពួកយើង»។ ក្រសួងការពារជាតិតៃវ៉ាន់ សង្កត់ធ្ងន់បែបនេះដោយរំពឹងថា ការលក់ប្រព័ន្ធខាងលើនឹងសម្រេចបានក្នុងរយៈពេលមួយខែ ហើយលោកអរគុណដល់ អាម៉េរិកសម្រាប់ការលក់ប្រព័ន្ធមួយនេះ។ 
 
សភាអាម៉េរិកនឹងត្រូវបានជូនដំណឹងចំពោះការអនុម័តជាផ្លូវការ ដែលប្រតិបត្តិការនៃការលក់ ប្រព័ន្ធទំនងបន្តទៅមុខ។ 
 
ជុំវិញការគំរាមកំហែងរបស់ក្រុងប៉េកាំង ក្រសួងការពារជាតិតៃវ៉ាន់នា ថ្ងៃទី១៦ ខែធ្នូអះអាង ថាក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងមុននេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៩ គ្រឿងឆ្លងកាត់ខ្សែបន្ទាត់មធ្យមដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់។ ខ្សែបន្ទាត់នោះធ្លាប់ធ្វើជារបាំង ផ្លូវមិនអាចឆ្លងកាត់បានក្រៅផ្លូវការរវាងកងទ័ពទាំងពីរ ប៉ុន្តែពេល នេះកងកម្លាំងទ័ពអាកាស ចិនបានបញ្ជូនយន្តហោះរបស់ខ្លួនឆ្លងកាត់វាជាប្រចាំទោះបីជា​ពួកគេមិនបានហោះហើរចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ក៏ដោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com