អន្តរជាតិ
វេទិកា UN ប្រមូលបានថវិកាច្រើនជាង ២,២ ពាន់លានដុល្លារសម្រាប់វិបត្តិជនភៀសខ្លួន សកល
16, Dec 2023 , 8:59 pm        
រូបភាព
ប្រទេស និងធុរកិច្ចនៅក្នុងវេទិកាធំមួយរបស់អង្គការសហប្រជាជាតិ (UN) ស្ដីពីជនភៀសខ្លួន​ សកលនាថ្ងៃទី ១៥ ខែធ្នូបានសន្យាជំនួយជាង ២,២ ពាន់លានដុល្លារសម្រាប់ការដោះស្រាយ​ វិបត្តិផ្លាស់ទីលំនៅសកល ហើយបានសន្យាការងារសម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ដែល កំពុងជួបផលលំបាក និងស្ថិតឆ្ងាយពីកន្លែងកំណើតរបស់ពួកកគេ។

 
មនុស្សរាប់ពាន់នាក់មកពីទីភ្នាក់ងារផ្តល់ជំនួយ ធុរកិច្ច និងសង្គមស៊ីវិល ព្រមទាំងជនភៀសខ្លួន បានចូលរួមក្នុងព្រឹត្តិការណ៍ទីក្រុងហ្សឺណែវ ខណៈដែលចំនួនជនភៀសខ្លួននៅទូទាំងពិភព លោកកើនលើសពីកំណត់ត្រា ១១៤ លាននាក់ ចំពេលមានជម្លោះ ភាពក្រីក្រ និងការប្រែប្រួល អាកាសធាតុ។
 
ឧត្តមស្នងការ UN ទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi មានប្រសាសន៍ ថា លោកមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពចំពោះលទ្ធផលដែលកើតមាន ឡើងនៅពេលដែលទីភ្នាក់ងារ UN ប្រឈមមុខនឹងការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ និងព្យាយាម ប្រឆាំងនឹងការការយល់ឃើញរបស់បណ្ដាប្រទេសលោកខាងលិចមួយចំនួនដែលចាត់ទុកថា ជនភៀសខ្លួនគឺជាការគំរាមកំហែងមួយដល់ខ្លួន។
 
«ការងារនេះគឺចាំបាច់សម្រាប់ពិភពលោក ដូចដែលអ្នកបានដឹងហើយថា (ពួកយើង) បន្ត​ ប្រឈមមុខនឹងពេលវេលាដ៏លំបាកបំផុត»។ លោក Grandi បានប្រាប់វេទិកាក្នុងការ ថ្លែងសុន្ទរកថាបិទបែបនេះដោយបន្តថា ស្ថានភាពនៃពិភពលោកទាមទារឱ្យមានការចាប់ ផ្តើមឡើងវិញនៃមនុស្សជាតិ និងថាមពលដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៅចំពោះមុខពួក យើងដែលរួមទាំងការផ្លាស់ទីលំនៅដោយបង្ខំ។
 
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសញ្ញាមួយនៃបញ្ហាប្រឈមរបស់ UNHCR លោក Grandi បានរិះគន់អ្នកដែលព្យាយាមរារាំងសកម្មភាពមនុស្សធម៌ពហុភាគីសម្រាប់ហេតុផលនយោ បាយដែលជាការច្រានចោលជាក់ស្តែងចំពោះរដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto ដែលបានជំរុញឱ្យមានការទប់ស្កាត់ព្រំដែនកាន់តែខ្លាំងសម្រាប់ជនចំណាកស្រុកនៅក្នុងវេទិកានេះ។
 
លោក Grandi សម្គាល់ផងដែរថា ក្នុងអំឡុងពេលព្រឹត្តិការណ៍បីថ្ងៃ មនុស្សប្រាំពីរលាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះដ៏ក្ដៅគគុករបស់ស៊ូដង់ ហើយលោកបានអំពាវនាវឱ្យ មានវិធានការដើម្បីជៀសវាងវិបត្តិជនភៀសខ្លួននៅតំបន់កាហ្សាផងដែរ។
 
ទន្ទឹមនឹងការសន្យាហិរញ្ញវត្ថុ ប្រទេសនានាក៏បានសន្យាទទួលយកជនភៀសខ្លួន ១ លាននាក់ ពីប្រទេសទីបីនៅឆ្នាំ២០៣០។ ក្រុមហ៊ុននានារួមទាំងម្ចាស់ក្រុមហ៊ុន IKEA Ingka Group បានអះអាងថា ពួកគេនឹងជួយជនភៀសខ្លួន ១០ ម៉ឺននាក់ឱ្យស្វែងរកការងារធ្វើ។
 
ឯ អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គោតេ៉រេសបាននិយាយនៅក្នុងសុន្ទរកថាបិទ បន្ទាប់ពីបានលើកឡើងពីវិបត្តិមនុស្សធម៌នៅក្នុងមីយ៉ាន់ម៉ា យេម៉ែន សូម៉ាលី និងកាហ្សាថា វេទិកានេះកំពុងជួយទប់ស្កាត់ជំនោរនៃទុក្ខវេទនាដែលផ្តល់ក្តីសង្ឃឹមអំពីការយល់ស្របជាសកលដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួនតែម្ដង។
គួរបញ្ជាក់ថា UNHCR រៀបចំវេទិកាជនភៀសខ្លួនសកលរៀងរាល់បួនឆ្នាំម្តង ក្រោមក្រប ខណ្ឌមួយដើម្បីចែករំលែកទំនួលខុសត្រូវសម្រាប់ជនភៀសខ្លួនដោយស្មើភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com