អន្តរជាតិ
ទីក្រុងនៅបូស្ន៊ីជាប់លំដាប់ជាក្រុងបំពុលខ្លាំងលើពិភពលោក ដោយសារប្រជាជនប្រើឥន្ធនៈរឹងច្រើន
17, Dec 2023 , 8:29 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ទីក្រុងមួយចំនួនរបស់បូស្ន៊ីត្រូវបានចាត់ក្នុងតារាងនៃទីក្រុងដែលមានការបំពុលបរិយាកាសខ្លាំង ចាប់តាំងពីសប្ដាហ៍មុន ខណៈរដ្ឋធានីសារ៉ាយ៉េវ៉ូ បានចេញព្រមានពីគុណភាពខ្យល់។ បើតាមអ្នកវិទ្យាសាស្រ្ត មូលហេតុដែលបណ្ដាឱ្យមានការបំពុលកើនឡើងបែបនេះ គឺបណ្តាលមកពីការដុតឥន្ធនៈរឹងតាមផ្ទះប្រជាជនក្នុងរដូវរងា ព្រមទាំងថាមពលសម្រាប់មធ្យោបាយ ធ្វើដំណើរផងដែរ។

 
តាមធនាគារពិភពលោក បូស្ន៊ីជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការបំពុលដោយភាគល្អិតល្អិត ២,5 (PM2.5) ខ្ពស់បំផុតនៅអឺរ៉ុប ដែលការដុតឥន្ធនៈរឹងសម្រាប់កំដៅផ្ទះចំនួន ៥០ភាគរយ និងវិស័យដឹកជញ្ជូនបានរួមចំណែកប្រហែល២០ ភាគរយ។ ប្រទេសមួយនេះ និងរដ្ឋធានីសារ៉ាយេវ៉ូ បានទទួលរងនូវ គុណភាពខ្យល់មិនល្អ អស់ជាច្រើនទសវត្សរ៍មកហើយ។
 
ទោះបីជាអាជ្ញាធរក្រុងសារ៉ាយ៉េវ៉ូ បានប្តេជ្ញាក្នុងការធ្វើឱ្យទីក្រុងគ្មានការបញ្ចេញឧស្ម័នកាបូន ត្រឹមឆ្នាំ ២០៣៥ ក្ដី វិបត្តិតម្លៃ និងចំណាយសម្រាប់ការរស់នៅ បានបង្ខំឱ្យប្រជាជនជ្រើសរើសឥន្ធនៈរឹងសម្រាប់កំដៅផ្ទះ និងព្រមទាំងបន្តប្រើរថយន្តចាស់ៗដែលបំភាយជាតិពុលខ្ពស់ទៅកាន់ខ្យល់។ ម្យ៉ាងទៀត តាមទិន្នន័យ ការប្រើប្រាស់ឧស្ម័ននៅក្នុងទីក្រុងនេះ បានធ្លាក់ចុះប្រមាណ ១៨ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងតម្លៃឧស្ម័ន។
 
ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកបរិស្ថាននៅវិទ្យាស្ថាន Hydro-Meteorological នៃសហព័ន្ធស្វ័យភាពបូស្ន៊ី-ក្រូអាត នៅថ្ងៃទី១២ ខែធ្នូ លោក Enis Krecinic បានមានប្រសាសន៍ថា មនុស្សភាគច្រើនអាចប្រើ ប្រាស់ឥន្ធនៈអេកូឡូស៊ីច្រើន ប៉ុន្តែពួកគេជ្រើសរើសប្រើប្រាស់អ្វី ដែលពួកគេមានលទ្ធភាព។
 
«ទិដ្ឋភាពសង្គមមានឥទ្ធិពលលើអ្វីដែលមនុស្សនឹងប្រើដើម្បីកំដៅផ្ទះរបស់ពួកគេ។ តើរថយន្ត អ្វីដែលពួកគេនឹងបើកបរ? ប្រេងឥន្ធនៈអ្វីដែលពួកគេនឹងជ្រើសរើស?»។ លោក Krecinic  សង្កត់ធ្ងន់បែបនេះដោយចង់សំដៅលើភាពតានតឹងក្នុងការចំណាយលើថាមពលដល់មិនបង្ក ឱ្យប៉ះពាល់ដល់បរិស្ថាន ដែលភាពច្រើននៅមានតម្លៃថ្លៃ។
 
ទន្ទឹមនេះ វេជ្ជបណ្ឌិតមួយចំនួនសម្គាល់ថា ការប៉ះពាល់ នឹងភាគល្អិតល្អិត អាចបង្កហានិភ័យ ដល់សុខភាពធ្ងន់ធ្ងរដែលនាំឱ្យឆ្លងមេរោគផ្លូវដង្ហើម មហារីក ជំងឺសរសៃឈាមបេះដូង និងការស្លាប់មុនអាយុ។ បន្ថែមពីនេះ អ្នកជំនាញផ្នែកសួត វេជ្ជបណ្ឌិត លោក Teufik Hadziosmanovic បានបញ្ជាក់ថា វានាំមកនូវការផ្លាស់ប្តូរ និងបញ្ហាសុខភាព ដូចជាជំងឺរលាកសួត សម្រាប់ទាំងក្មេង និងមនុស្សចាស់ផងដែរ៕

Tag:
 បូស្ន៊ី
  ទីក្រុងបំពុលខ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com