RFI
អន្តរជាតិ
RSF៖ ចំនួនអ្នកសារព័ត៌មានស្លាប់ក្នុងឆ្នាំ ២០២៣ បានថយចុះ RSF ថាចំនួនអ្នកសារព័ត៌មានស្លាប់ក្នុងឆ្នាំ ២០២៣ បានថយចុះ។ AP
×
ដោយ៖ទុយ ដានែល/RFI
ថ្ងៃព្រហស្បតិ៍ ទី១៤ ធ្នូ អង្គការអ្នកកាសែតគ្មានព្រំដែនហៅកាត់ជាភាសាបារាំង RSF បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពអ្នកកាសែតក្នុងលោក។ តាមរបាយការណ៍ មានអ្នកសារព័ត៌មានចំនួន ៤៥នាក់បានស្លាប់ បាត់បង់ជីវិត នៅក្នុងពេលបំពេញការងារយកព័ត៌មានគិតត្រឹមថ្ងៃទី១ ធ្នូ។
តាមRSF អ្នកកាសែតស្លាប់ក្នុងឆ្នាំ ២០២៣ មានចំនួនតិចជាងឆ្នាំ ២០២២ ដែលមានចំនួនរហូតដល់ទៅ ៦១នាក់។ គួររម្លឹកថា កាលពីជាង ២០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០០២ ចំនួនអ្នកកាសែតដែលបាត់បង់ជីវិតក្នុងពេលចុះបំពេញបេសកកម្មមានតែ ៣៣នាក់ប៉ុណ្ណោះ។ ថ្លែងប្រាប់ AFP អគ្គលេខាធិការ RSF លោក Christophe Deloire បានកត់សម្គាល់ឃើញពីការថយចុះជាបន្តបន្ទាប់ចំនួនអ្នកកាសែតស្លាប់ក្នុងពេលបំពេញការងារ។ ក្នុងឆ្នាំ ២០១២ មានស្លាប់អ្នកកាសែតដល់ទៅ ១៤០នាក់ ពិសេសក្នុងអំឡុងសង្រ្គាមនៅស៊ីរី និងបន្ទាប់មកក្នុងឆ្នាំ ២០១៣ នៅក្នុងសង្រ្គាមអ៊ីរ៉ាក់។
តាមអង្គការអ្នកកាសែតគ្មានព្រំដែន ចំនួនអ្នកកាសែតស្លាប់សរុបក្នុងឆ្នាំ ២០២៣ មិនបានរាប់បញ្ចូលចំនួនអ្នកស្លាប់នៅក្រៅពេលបំពេញបេសកកម្មទេ។ ដោយឡែក RSF បានស្រង់ចំនួនអ្នកកាសែតស្លាប់សរុប ៦៣នាក់នៅដើមបូព៌ា គិតចាប់តាំងពីពេលផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃទី០៧តុលា។ RSF បានលំអិតថា មានស្លាប់អ្នកសារព័ត៌មាន ចំនួន ១៣នាក់នៅក្រោមគ្រាប់កាំភ្លើងអ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ បន្ទាប់មក សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានបណ្តាលឲ្យស្លាប់អ្នកកាសែត ៣នាក់ដែលកំពុងបំពេញការងារនៅក្នុងប្រទេសលីបង់ និងស្លាប់អ្នកកាសែតម្នាក់ទៀតនៅអ៊ីស្រាអែលដោយពួកហាម៉ាស។
ដោយឡែក សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានសម្លាប់អ្នកកាសែតសរុបចំនួន ១១នាក់គិតតាំងពីខែកុម្ភៈ២០២២ ក្នុងនោះមាន ៣នាក់បានស្លាប់ក្នុងឆ្នាំ ២០២៣។ តាម RSF ដដែល ចំនួនអ្នកកាសែតស្លាប់នៅអាមេរិកឡាទីន បានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២៣ ដែលមានតែ ៦នាក់ ពោលតិចជាងឆ្ងាយក្នុងឆ្នាំ ២០២២ ដែលមានដល់ទៅ ២៦នាក់។ នៅប្រទេសម៉ិកស៊ិក អ្នកសារព័ត៌មានចំនួន ៤នាក់ បានស្លាប់ ពោលគឺតិចជាងឆ្នាំ ២០២២ ដែលមានស្លាប់ ១១នាក់។ ក្រៅពីការបាត់បង់ជីវិត RSF ក៏បានលើកឡើងពីចំនួនអ្នកកាសែតបាត់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលមានចំនួនសរុប ៨៤នាក់។ បន្ទាប់មក RSF បានបញ្ជាក់ពីចំនួនអ្នកកាសែតជាប់ឃុំក្នុងឆ្នាំ ២០២៣ ដែលមានចំនួនសរុប ៥២១នាក់ ពោលគឺតិចជាងឆ្នាំ ២០២២ ដែលមាន ចំនួន ៥៦៩នាក់។ បេឡារុសជាប្រទេសស្ថិតលេខរៀងទី៣ ដែលចាប់អ្នកកាសែតដាក់គុកច្រើនជាងគេ បន្ទាប់ពីប្រទេសចិន និងភូមា នេះបើតាម RSF៕
© រក្សាសិទ្ធិដោយ thmeythmey.com