អន្តរជាតិ
ជប៉ុន និងម៉ាឡេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខដែនសមុទ្រតម្លៃ ២,៨ លានដុល្លារ
17, Dec 2023 , 3:59 pm        
រូបភាព
ខណៈមានគោលគំនិតដូចគ្នាក្នុងការស្វែងរកការប្រឆាំងនឹងឥទ្ធិពល និងអំណាចចិនដែល កំពុងកើនឡើង ជប៉ុន និងម៉ាឡេស៊ីនាថ្ងៃទី១៦ ខែធ្នូ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជំនួយសន្តិសុខតម្លៃ ២,៨ លានដុល្លារដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់ម៉ាឡេស៊ី។

 
ក្រោមកិច្ចព្រមព្រៀងសន្តិសុខផ្លូវការ ២,៨ លានដុល្លារ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ការបរទេសនៃប្រទេសទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូក្នុងការរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជប៉ុនសន្យានឹងផ្តល់ ឧបករណ៍ដូចជាទូកជួយសង្គ្រោះ និងការផ្គត់ផ្គង់សម្ភារការពារផ្សេងៗសម្រាប់ម៉ាឡេស៊ី។ ការចុះហត្ថលេខានេះធ្វើឡើងក្រោយជំនួបរវាង នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
 
ក្រសួងការបរទេសជប៉ុនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំនេះ លោកគីស៊ីបានសម្តែងក្តីសង្ឃឹមអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលអាចត្រូវបានពង្រឹង ដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ ខណៈ ដែលលោក អាន់វ៉ា សម្គាល់អំពីតួនាទីរបស់ជប៉ុនក្នុងការធានាស្ថិរភាពនៅអាស៊ីដែលជាកត្តា សំខាន់ និងយុទ្ធសាស្ត្រសម្រាប់ម៉ាឡេស៊ី។
 
លោកគីស៊ីដាក៏បានស្វាគមន៍ចំពោះការកើនឡើងនៃទំនាក់ទំនងជប៉ុន-ម៉ាឡេស៊ីទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។ 
 
ការផ្តល់នេះនឹងត្រូវបានអនុវត្តក្រោមកម្មវិធីជំនួយសន្តិសុខផ្លូវការថ្មី (OAS) ដែលហ្វីលីពីន និងបង់ក្លាដែសជាផ្នែករួចមកហើយ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងតូក្យូក៏នឹងផ្តល់ជូន យន្តហោះដ្រូនបើកឃ្លាំមើលសម្រាប់ម៉ាឡេស៊ីទៀតផង។
 
នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរហូតដល់ថ្ងៃទី១៧ ខែធ្នូ ជប៉ុនកំពុងផ្តល់ការ គាំទ្រដល់ សមាជិកអាស៊ានដើម្បីបង្កើនជំហររបស់ពួកគេក្នុងនាមជាតួអង្គអន្តរជាតិ និងជួយពួកគេគ្រប់​ គ្រងទំនាក់ទំនងរបស់ជាមួយប្រទេសដទៃទៀត រួមទាំងចិនផងដែរ។
 
ក្រសួងការបរទេសជប៉ុនក៏បានបង្ហាញផងដែរថា មេដឹកនាំជប៉ុនក៏បានយល់ព្រមជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ក្នុងការផ្តល់នាវាល្បាតដ៏ធំមួយសម្រាប់ឆ្មាំឆ្នេរសមុទ្ររបស់ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងគាំទ្រដល់ការអភិវឌ្ឍនៃទីក្រុងថ្មីដែល​ បានគ្រោងទុកគឺ Nusantara នៅភាគខាងកើតកោះ Borneo ។ លើសពីនេះ លោកគីស៊ីដា និងនាយករដ្ឋ មន្ត្រីវៀតណាម លោក ផាម មិញជិញ បានសន្យាថានឹង ពង្រីកទំនាក់ទំនងរវាងកងកម្លាំងការ ពារជាតិរបស់ពួកគេ និងជំរុញកិច្ចសហប្រតិបត្តិការលើ ការផ្ទេរឧបករណ៍យោធានាពេល​ អនាគតទៀតផង។
 
នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានរំពឹងថានឹងជួបដាច់ដោយឡែកជាមួយមេដឹកនាំនៃសមាជិក​ អាស៊ានទាំងអស់ ដែលរួមមានកម្ពុជា សិង្ហបុរី ថៃ ឡាវ និងទីម័រខាងកើតផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com