បញ្ហាសុខភាពមាត់ធ្មេញជាបញ្ហាមួយសំខាន់ ដែលយើងតែងជួបប្រទះជាញឹកញាប់ ជាពិសេសនោះគឺបញ្ហារលាកអញ្ចាញធ្មេញ។ ការរលាកអញ្ចាញធ្មេញ ដែលធ្វើឱ្យអញ្ចាញធ្មេញឡើងក្រហម និងហើមនោះ ក៏ជាកត្តាមួយអាចឱ្យយើងមានបញ្ហាក្លិនមាត់ដែរ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនសម្រាប់ព្យាបាលបញ្ហារលាកអញ្ចាញធ្មេញនេះ៖
១. សម្អាតធ្មេញឱ្យបានទៀងទាត់៖ ការថែទាំធ្មេញមិនមែនសំដៅទៅលើការដុសធ្មេញមួយថ្ងៃ ២ដងតែមួយមុខនោះទេ។ វាត្រូវបានណែនាំឱ្យមានការប្រើសរសៃអំបោះទាក់ធ្មេញ (Dental Floss) សម្រាប់ទាក់នូវកាកសំណល់ដែលអាចនឹងនៅសល់ក្នុងចន្លោះធ្មេញបន្ទាប់ពីដុសធ្មេញរួច។
២. ការប្រើប្រាស់ច្រាសដុសធ្មេញ៖ យើងត្រូវប្ដូរមកប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ ជាជាងការប្រើច្រាសដែលមានសរសៃរឹងដែលអាចឱ្យយើងងាយនឹងកើតបញ្ហារលាកអញ្ចាញធ្មេញញឹកញាប់។ លើសពីនេះទៀតសោត យើងត្រូវធ្វើការផ្លាស់ប្ដូរច្រាសដុសធ្មេញរៀងរាល់ ៣ ទៅ ៤ខែម្ដង ដើម្បីចៀសវាងនូវការប្រើសរសៃច្រាសដែលសឹករេចរិល។
៣. ប្រើប្រាស់ទឹកអំបិល ឬទឹកខ្ពុរមាត់មានមុខងារសម្លាប់មេរោគ ឬមានសារធាតុក្លរិចស៊ីឌីន (Chlorhexidine)៖ ដើម្បីជួយព្យាបាលការរលាកបានឆាប់រហ័ស និងកាត់បន្ថយការឈឺចាប់ យើងអាចប្រើប្រាស់នូវទឹកអំបិល ឬទឹកខ្ពុរមាត់សម្រាប់សម្លាប់មេរោគនៅក្នុងមាត់ ក៏ដូចជាជួយបន្ថយបញ្ហារលាក និងហើមនៃអញ្ចាញធ្មេញ។
៤. សម្អាតនូវកំណកកំបោរធ្មេញ៖ កំណកកំបោរ ដែលឡើងក្ដាំងនៅចន្លោះធ្មេញគឺកើតឡើងពីកម្ទេចកាកសំណល់ចំណីដែលយើងសម្អាតមិនបានស្អាត រួមជាមួយនឹងបាក់តេរីនៅក្នុងមាត់។ យើងត្រូវតែជួបជាមួយទន្ដពេទ្យដើម្បីសម្អាតនូវកំណកកំបោរនេះ។ ប្រសិនបើយើងមិនសម្អាតវាយូរ វានឹងបង្កជាការរំខានដល់អញ្ចាញធ្មេញដែលនៅជិតនោះ ធ្វើឱ្យអ្នកឧស្សាហ៍រលាកអញ្ចាញធ្មេញ។
៥. ចៀសវាងការជក់បារី៖ ការជក់បារីធ្វើឱ្យប្រព័ន្ធការពាររាងកាយប្រឆាំងនឹងការបង្ករោគថយចុះ ក៏អាចធ្វើឱ្យការជាសះស្បើយនៃជំងឺរលាកអញ្ចាញធ្មេញមានរយៈពេលយូរផងដែរ។ អ្នកដែលជក់បារីងាយនឹងប្រឈមទៅនឹងការរលាកអញ្ចាញធ្មេញជាងអ្នកដែលមិនជក់បារី។
៦. ជម្រើសនៃការទទួលទានអាហារ៖ កំឡុងពេលដែលមានបញ្ហារលាកអញ្ចាញធ្មេញ អ្នកគួរតែចៀសវាងនូវអាហាររឹង អាហារដែលស្អិត និងអាហារដែលមានជាតិផ្អែមដូចជា នំបង្អែម ស្ករគ្រាប់ ភេសជ្ជៈ គ្រឿងកំប៉ុងជាដើម។ ហើយអ្នកត្រូវបរិភោគនូវបន្លែ ផ្លែឈើឱ្យបានច្រើន ជាពិសេសអាហារដែលសម្បូរទៅដោយជាតិវីតាមីន C ដូចជាម្ទេសប្លោក និងបន្លែពណ៌បៃតង ដើម្បីជំរុញប្រព័ន្ធភាពស៊ាំ និងអាហារដែលមានជាតិខ្លាញ់អូមេហ្គា ៣ (Omega-3) ដូចជាត្រីសាម៉ុន ស៊ុត គ្រាប់ធញ្ញជាតិ ផ្លែបឺរ ដើម្បីបន្ថយនូវការរលាកផងដែរ។
ប្រភព៖
សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង លីណ្ណា ជិញជិញ