វេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៤ នឹងផ្តោតសំខាន់លើស្ដារឡើងវិញនូវទំនុកចិត្តស្របពេលមានបញ្ហាប្រឈមជាសកល ចាប់ពីជម្លោះភូមិសាស្ត្រនយោបាយ វិបត្តិការងារ ការប្រែប្រួលអាកាសធាតុ និងភាពជឿនលឿននៃបច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មតិ (AI) ជាដើម។
សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ ២០២៤ នៅទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី ១៥-១៩ខែមករា នឹងរៀបចំក្រោមមូលបទ «ការកសាងទំនុកចិត្តឡើងវិញ»។
វេទិការបស់ WEF នៅឆ្នាំនេះ ផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមជាសាកលរួមទាំងជម្លោះភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងភាពជឿនលឿននៃបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត។
យោងតាមសេចក្តីប្រកាសរបស់ WEF សន្និសីទឆ្នាំនេះនឹងមានប្រធានបទសំខាន់ចំនួន ៤។ ទីមួយគឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលងាយនឹងបង្កជាហេតុ ដោយផ្តល់អាទិភាពលើការពិភាក្សាអំពីដំណោះស្រាយចំពោះវិបត្តិនាពេលបច្ចុប្បន្នដូចជា ការវាយតម្លៃអំពីវិធីដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលបែកបាក់នៅតាមតំបន់នានាជុំវិញពិភពលោក។
លោក Bob Sternfels មន្ត្រីជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សា McKinsey & Company បាននិយាយថា៖ «ជាអកុសល អ្វីដែលយើងឃើញក្រោយពីការរាលដាលជងឺកូវីដ-១៩ រួមមានបញ្ហាភូមិសាស្ត្រនយោបាយ ដូចជាជម្លោះនៅអ៊ុយក្រែន បន្ទាប់មកមជ្ឈិមបូព៌ា និងកន្លែងជាច្រើនទៀតជុំវិញពិភពលោក។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ជាបញ្ហាសំខាន់បំផុតដែលត្រូវពិភាក្សានៅពេលនេះ។ ប្រសិនបើយើងមិនអាចរកដំណោះស្រាយបានទេ យើងនឹងប្រឈមមុខនឹងហានិភ័យពិតប្រាកដនៃការបរាជ័យ»។
ទន្ទឹមនេះ ប្រធានបទទីពីរនៃកិច្ចពិភាក្សានេះ គឺផ្តោតលើការបង្កើតការងារ និងការរីកចម្រើនបន្ថែមទៀតសម្រាប់យុគសម័យថ្មី។ WEF រំពឹងថានឹងអាចវាយតម្លៃឡើងវិញនូវយន្តការសេដ្ឋកិច្ចដើម្បីលើកកម្ពស់កំណើន និងបង្កើតការងារដោយផ្តោតសំខាន់លើកម្មករ ជាមួយនឹងហានិភ័យនៃកំណើនទាប។
បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏ពិភាក្សាជុំវិញបញ្ហានៃការគ្រប់គ្រងការរីចម្រើនបច្ចេកវិទ្យាថ្មីៗ។ បច្ចុប្បន្ន AI កំពុងត្រូវបានចាត់ទុកជាកម្លាំងចលករមួយសំខាន់សម្រាប់ជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ដូច្នេះហើយ គោលនយោបាយត្រួតពិនិត្យលើការប្រើប្រាស់ AI សម្រាប់ផលប្រយោជន៍សង្គម ស្របពេលមានការគ្រប់គ្រងបញ្ហាប្រឈមផ្នែកច្បាប់ និងការជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងផ្នែកផ្សេងទៀតដូចជា 5G, 6G និងកង់ទិចកុំព្យូរទ័រ។
លើសពីនេះ យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់វិស័យថាមពល ធម្មជាតិ និងអាកាសធាតុដែលផ្តោតសំខាន់សម្រាប់ពិភពលោកដែលគ្មានឧស្ម័នកាបូនិកនៅឆ្នាំ២០៥០ ក៏ត្រូវលើកឡើងដែរ។
ឆ្លើយតបនឹងសារព័ត៌មានមុនសន្និសីទចាប់ផ្តើម ប្រធាន WEF លោក Borge Brende បានទទួលស្គាល់ថា ព្រឹត្តិការណ៍ឆ្នាំនេះបានកើតឡើងក្នុងបរិបទនៃការវិវត្តិភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញជាច្រើន។ លោកក៏បានលើកឡើងពីបញ្ហាប្រឈមជាបន្តបន្ទាប់ដែលពិភពលោកកំពុងជួបប្រទះ ជុំវិញការផ្លាស់ប្តូរគោលនយោបាយអត្រាការប្រាក់ និងប្រឈមមុខនឹងការជំពាក់បំណុល។
លោក Borge Brende សង្កត់ធ្ងន់ថា ៖« យើងចង់ធានាថា សន្និសីទដែលបានអញ្ជើញមេដឹកនាំដែលមានសំឡេងរួមគ្នា ក្នុងការសម្រេចចិត្តស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងជួបប្រទះ»។
យោងតាមព័ត៌មានពី WEF តំណាងរដ្ឋាភិបាលជាង១០០ ព្រមទាំងអង្គការអន្តរជាតិធំៗ និងក្រុមហ៊ុនដៃគូចំនួន១០០០ ត្រូវបានរំពឹងថានឹងចូលរួមជាមួយអ្នកដឹកនាំសង្គម អ្នកជំនាញ សកម្មជន យុវជន សហគ្រិន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ៕