សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃគ្រោងចេញទិដ្ឋាការរយៈពេល៩០ថ្ងៃ ដល់ភ្ញៀវទេសចរដែលចង់រៀន Muay Thai
15, Jan 2024 , 7:39 pm        
រូបភាព
កីឡាករ Buakaw  បង្ហាត់ Muay Thai ដល់ជនបរទេស ។ រូបភាព ៖ khaosodenglish
កីឡាករ Buakaw បង្ហាត់ Muay Thai ដល់ជនបរទេស ។ រូបភាព ៖ khaosodenglish
​ថៃ​គ្រោងនឹង​ចេញ​ទិដ្ឋាការ​ពិសេសមួយ ​ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរអាច​ស្នាក់​នៅ​រយៈពេល ៩០ថ្ងៃ ដើម្បី​ចូល​រួម​ក្នុង​វគ្គ​សិក្សា ក្បាច់គុន Muay Thai

 
Muay Thai ជាគុនប្រដាល់ដ៏ល្បីមួយនៅស្រុកថៃ។ លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអនុគណៈកម្មការសកម្មភាពទាក់ទងវិស័យកីឡាបានប្រាប់កាសែត Bangkok Post ថា កិច្ចប្រជុំរបស់អនុគណៈកម្មការនៅថ្ងៃទី១២ ខែមករា បានសម្រេចឯកភាពលើកកម្ពស់ Muay Thai តាមរយៈវិធីសាស្រ្តទន់ភ្លន់។  
 
ដើម្បីសម្រេចបាននូវគោលដៅនេះ ថៃគ្រោងនឹងចេញទិដ្ឋាការទេសចរពិសេសមួយដោយអនុញ្ញាតឱ្យជនបរទេសស្នាក់នៅរយៈពេល ៩០ថ្ងៃដើម្បីសិក្សាពីក្បាច់គុន Muay Thai។ ជាមួយនឹងទិដ្ឋាការទេសចរនាពេលបច្ចុប្បន្ន ភ្ញៀវទេសចរអាចស្នាក់នៅថៃបានត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ។ យ៉ាងណាមិញ លោក Pimol Srivikorn មិន​បានបញ្ជាក់ថា តើ​ពេល​ណា​គោលនយោបាយ​ទិដ្ឋាការ​ថ្មី​នឹង​ត្រូវ​អនុវត្ត​នោះ​ទេ។
 
បើតាមលោក Pimol Srivikhorn រដ្ឋាភិបាលនឹងកំណត់ស្តង់ដារសម្រាប់កន្លែងហាត់គុណ និងបញ្ជាក់គ្រូដែលនឹងត្រូវបង្ហាត់។ ប្រទេស​នេះ​ក៏​បាន​បង្កើត​គេហទំព័រ Now Muay Thai ដោយ​ជួយ​ឲ្យជនបរទេស​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ក្បាច់​គុន​នេះ អាច​ជ្រើសរើស​វគ្គ​សិក្សា​ដែលសមស្របនៅ​ទូទាំង​ប្រទេស។
 
ទន្ទឹមនេះ អ្នកបង្ហាត់ Muay Thai ក៏នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលផងដែរ ប្រសិនបើពួកគេចង់បង្រៀននៅបរទេស។
 
គិតត្រឹមខែមេសា ឆ្នាំ២០២៣ មានមជ្ឈមណ្ឌលហ្វឹកហ្វឺន Muay Thai ប្រហែល ៤ពាន់កន្លែងនៅលើពិភពលោក ហើយមានជនបរទេសប្រហែលពី ៦-៧ម៉ឺននាក់មកដែលមករៀនក្បាច់គុននេះនៅប្រទេសថៃ។ ទន្ទឹមនេះ បច្ចុប្បន្នមានអ្នក​ប្រដាល់ Muay Thai ដែលជាជនបរទេសជាច្រើនរូបបាន​ចូលរួម​ប្រកួត​នៅថៃ។ 
 
កាលពីខែតុលា ឆ្នាំ២០២៣ មានស្ត្រីជនជាតិចិនម្នាក់បានជិះកង់ចម្ងាយ ៤ពាន់គីឡូម៉ែត្រពីខេត្តស៊ីឈួនរបស់ចិន ទៅឈៀងម៉ៃនៅភាគខាងជើងថៃ ដើម្បីអាចហាត់ Muay Thai ជាមួយម្ចាស់ជើងឯក Sombat Banchemek ដែលត្រូវបានគេស្គាល់ដោយរហស្សនាមថា Buakaw ជាអ្នកប្រដាល់អាជីពថៃដ៏ល្បីឈ្មោះ៕ 

Tag:
 ថៃ
  ទិដ្ឋាការ
  Muay Thai
© រក្សាសិទ្ធិដោយ thmeythmey.com