RFI
អន្តរជាតិ
១០០ថ្ងៃ​នៃ​សង្គ្រាម​ហ្កាហ្សា អុីស្រាអែលប្តេជ្ញា​មិន​បញ្ឈប់​ការ​វាយប្រហារ​លើ​ពួកហាម៉ាស
15, Jan 2024 , 9:59 pm        
រូបភាព
ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​រង​ការ​គ្រាប់​អុីស្រាអែល ថ្ងៃទី ១៤​មករា​២០២៤ AFP
ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​រង​ការ​គ្រាប់​អុីស្រាអែល ថ្ងៃទី ១៤​មករា​២០២៤ AFP
ដោយ៖អៀង សុខម៉ិញ
 
សង្គ្រាម​នៅ​ហ្កាហ្សា​រវាង​អ៊ីស្រាអែល​និង​ចលនាហាម៉ាសប៉ាឡេស្ទីន បាន​ចូល​ដល់​ថ្ងៃ​ទី​១០០ហើយ នៅ​ថ្ងៃអាទិត្យ​ទី​១៤​មករា​នេះ។ ស្ថានភាព​មនុស្សធម៌​នៅ​ហ្កាហ្សា​កាន់​តែ​អាក្រក់​ឡើង។ សម្រាប់​អង្គការ​សហប្រជាជាតិ ជម្លោះ​មរណៈ​១០០​ថ្ងៃ​បានប្រលាក់​ប្រលូល​ដល់​​មនុស្សជាតិ​រួម​។​ ប៉ុន្តែ​បើ​ទោះ​បី​ជា​មានការ​អំពាវនាវ​ឱ្យ​ឈប់​​បាញ់​យ៉ាងណា​ក៏​ដោយ​ ក៏​អ៊ីស្រាអែល​បាន​បញ្ជាក់​យ៉ាង​ដាច់ណាត់​បន្ត​ធ្វើ​សង្គ្រាម​រហូត​សម្រេច​កម្មវត្ថុ​កម្ចាត់​អស់​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា។​

 
“ថ្ងៃ​នេះជា​គម្រប់ខួប​១០០​ថ្ងៃ​គត់​ដែល​សង្គ្រាម​នៅហ្កាហ្សា​បាន​ចាប់​ផ្តើម​ បង្ហិន​បង្ហោច សម្លាប់ជីវិត​​មនុស្ស និង​បង្ខំ​មនុស្ស​ឱ្យភៀសខ្លួន​​ធ្វើ​បំលាស់​ទី ជួប​គ្រោះ​អត់​ឃ្លាន​ និងការ​បាត់​បង់​។

១០០​ថ្ងៃ​ហើយចំណាប់​ខ្មាំង​និង​ក្រុម​​គ្រួសារបាន​រស់​ក្នុង​កង្វល់​​រង​ទុក្ខព្រួយ។ ១០០​ថ្ងៃចុងក្រោយ​​នេះ​បាន​ក្លាយ​ស្នាម​ខ្មៅ​ប្រលាក់​ប្រលូស​ដក់​ជាប់​ក្នុង​ស្រទាប់​មនុស្សជាតិ​រួម​”។ នេះ​ជា​ប្រសាសន៍​របស់Philippe Lazzarini ​នាយក​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​ (UNRWA) ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ហ្កាហ្សា។ សម្រាប់តំណាង​​អង្គការ​សហប្រជាជាតិ​រូប​នេះ សង្គ្រាម​ហ្កាហ្សា​បាន​ធ្វើ​ឱ្យ​ក្មេង​មួយ​ជំនាន់​តែ​ម្តងត្រូវ​​រស់​ក្នុង​ភាព​បាក់​ស្បាត ប្រឈម​នឹង​ជំងឺដែល​បន្ត​រីក​រាលដាល​ ហើយ​ត្រូវ​ប្រឈម​នឹង​គ្រោះ​អត់​ឃ្លាន។ ១លាន​៩​សែន​នាក់​ពោល​គឺ​៨៥%​នៃពលរដ្ឋ​ហ្កាហ្សា​បានបង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង។
 
នៅ​១០០​ថ្ងៃ​សង្គ្រាមដែល​​បង្ក​ឡើងដោយ​ការ​វាយ​ឆ្មក់​របស់​ពួក​ហាម៉ាស​មក​លើ​ប្រជាពលរដ្ឋ​អ៊ីស្រាអែល​​​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​ជា​ថ្មី​ថា គ្មានអ្វី​អាចមក​​បញ្ឈប់សង្គ្រាម​​អ៊ីស្រាអែលប្រឆាំង​នឹង​ពួក​ហាម៉ាស​បាន​ជា​ដាច់​ខាត។ តុលាការយុត្តិធម៌​ក្រុង​ឡាអេ ការ​ចោទ​ប្រកាន់​របស់​​​អាហ្វ្រិកខាង​ត្បូង​ថា​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​តំបន់ហ្កាហ្សា ឬ​នរណា​ផ្សេង​ទៀត​ក៏​ដោយ ក៏​មិន​អាច​រារាំង​អ៊ីស្រាអែល​បាន​ដែរ បើ​ដរាបណា​អ៊ីស្រាអែល​មិន​ទាន់​សម្រេច​កម្មវត្ថុកម្ចាត់ពួក​ហាម៉ាស​ឱ្យ​ខ្ទេច​ទេ​នោះ​។ ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី នាយ​អគ្គសេនាធិការ​យោធា​អ៊ីស្រាអែល​បាន​ធានា​ថា អ៊ីស្រាអែល​ដឹកនាំ​ធ្វើ​សង្គ្រាម​​នៅ​ហ្កាហ្សា ដ៏​​ត្រឹម​ត្រូវ ដើម្បី​ការពារ​ខ្លួន​និង​សិទ្ធិ​រស់​ដោយ​ សុខ​សុវត្ថិភាព។
 
ក្រោយ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ហាម៉ាស​នៅ​ថ្ងៃ​ទី​៧​តុលា​មក អ៊ីស្រាអែលបាន​ប្តេជ្ញា​កម្ចាត់​ពួកហាម៉ាស​នេះ​ឱ្យ​ខ្ទេច​អស់​ពីទឹក​ដីហ្កាហ្សា តាមរយៈ​ការ​បិទ​ខ្ទ​ប់​តំបន់​ហ្កាហ្សា​ទាំងស្រុង​និង​បើក​ប្រតិបត្តិការ​វាយប្រហារ​បាញ់​ផ្លោង​ផង​ វាយលុក​លើ​ដី​ផង។ ​​នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ​នេះ​ទៀត ទាហាន​អ៊ីស្រាអែល​បាន​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​តំបន់​ហ្កាហ្សា​ បង្ក​ឱ្យ​មាន​ស្លាប់​រាប់​សិប​នាក់ បើ​តាម​ក្រុមហាម៉ាស។ តាំងពី​ថ្ងៃ​សុក្រ​មក ជម្លោះ​បាន​រាល​ដាលឆ្លង​​ដល់​យេម៉ែន​ ដោយ​អាមេរិក​និង​អង់គ្លេស​បាន​បើក​ការ​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី​ដែលដើម្បី​បង្ហាញ​សាមគ្គី​ភាព​ជាមួយ​ហ្កាហ្សា​​បាន​​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​ប្រឆាំង​នឹង​​នាវា​ដឹក​ទំនិញ​នៅ​សមុទ្ទ​ក្រហម។​ សង្គ្រាម​ហ្កាហ្សា​ក៏​បាន​បញ្ឆេះ​ឱ្យ​មាន​អំពើ​ហិង្សាប្រយុទ្ធ​គ្នា​ជាមួយ​ពួក​ហេសបូឡា​​នៅ​តាម​ព្រំដែនអ៊ីស្រាអែល​ជាមួយ​លីបង់​ និង​អំពើ​ហិង្សា​ប្រឆាំង​ផល​ប្រយោជន៍​អាមេរិក​កាន់​តែ​ច្រើនឡើងៗ​នៅ​ស៊ីហ្សកដានី និង​នៅ​ស៊ីរីឬអ៊ីរាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com