អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុងអ៊ុន ៖ កូរ៉េខាងត្បូងហ៊ានរំលោភទឹកដីសូម្បី០,០០១មីលីម៉ែត្រ ក៏អាចផ្ទុះសង្គ្រាមឡើង
16, Jan 2024 , 4:59 pm        
រូបភាព
លោក​ គីម ជុងអ៊ុន ថ្លែងនៅរដ្ឋសភាកូរ៉េខាងជើងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ។ រូបភា​ព ៖ KCNA
លោក​ គីម ជុងអ៊ុន ថ្លែងនៅរដ្ឋសភាកូរ៉េខាងជើងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ។ រូបភា​ព ៖ KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើគំរាមទៅកូរ៉េខាងត្បូងជាថ្មី ជាមួយការបញ្ជាក់ដដែលៗថា ទីក្រុងសេអ៊ូលជាសត្រូវលេខ១ របស់ព្យុងយ៉ាង។ លោក គីម ក៏គំរាមកម្ទេចកូរ៉េខាងត្បូង បើហ៊ានរំលោភបំពានសូម្បីតែ ០,០០១មីលីម៉ែត្រ។ ពីសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូង ក៏ដាក់បញ្ជាឱ្យកម្ទេចកូរ៉េខាងជើងដែរក្នុងករណីបំពាន។

 
អំឡុងកិច្ចប្រជុំសភានៅថ្ងៃទី១៥ ខែមករា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវជួរមុខ ហើយក៏ព្រមានពីលទ្ធភាពនៃបង្កសង្រ្គាមកាន់តែខ្ពស់ ប្រសិនបើទីក្រុងសេអ៊ូលហ៊ានរំលោភអធិយតេយ្យខ្លួន។ 
 
«ព្រំដែនភាគខាងត្បូងរបស់កូរ៉េខាងជើងត្រូវបានគូរយ៉ាងច្បាស់ ហើយខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េភាគខាងជើងដែលខុសច្បាប់ និងព្រំដែនផ្សេងទៀតនឹងមិនអាចទទួលយកបានទេ។ ប្រសិនបើកូរ៉េខាងត្បូងហ៊ានបំពានសូម្បីតែ០,០០១មីលីម៉ែត្រនៃទឹកដី ដែនទឹក និងដែនអាកាសរបស់យើង នោះនឹងត្រូវចាត់ទុកថាជាទង្វើបង្កហេតុនៃសង្គ្រាម»។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ស្រង់សម្តីលោក គីម ដែលនិយាយនៅក្នុងកិច្ចប្រជុំសភា។
 
ខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េភាគខាងខាងជើង (NLL) ត្រូវបានចាត់ទុកថាជាខ្សែកំណត់ព្រំដែនទឹកនៃទឹកដីកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលគូសដោយអង្គការសហប្រជាជាតិបន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ប៉ុន្តែទីក្រុងព្យុងយ៉ាងតែងតែបដិសេធចំពោះអត្ថិភាពនៃខ្សែព្រំដែននេះ។
 
លើសពីនោះ លោក គីម  ក៏បានអំពាវនាវឱ្យមានវិធានការផ្លូវច្បាប់ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ជាមួយការកំណត់ទីក្រុងសេអ៊ូលជាសត្រូវចម្បង។
 
យោងតាម ​​KCNA ដើម្បីអនុវត្តតាមនិយមន័យថ្មីនៃទំនាក់ទំនងនេះ កូរ៉េខាងជើងបានសម្រេចបញ្ឈប់សកម្មភាពរបស់ទីភ្នាក់ងារចំនួន៣ ដែលទទួលបន្ទុកលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង។ ទីភ្នាក់ងារ KCNA បានបន្ថែមថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភា។
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ក៏បានប្រកាសនៅថ្ងៃទី១៦ ខែមករាថា ប្រសិនបើកូរ៉េខាងជើងធ្វើសកម្មភាពបង្កហេតុនោះ ទីក្រុងសេអ៊ូលនឹងឆ្លើយតបយ៉ាងខ្លាំងក្លារាប់សិបដង។
 
ភាពតានតឹងរវាងកូរ៉េទាំងពីរនៅលើឧបទ្វីបកូរ៉េនាពេលថ្មីៗនេះបានឡើងកម្តៅខ្លាំង ខណៈដែលទីក្រុងព្យុងយ៉ាងបានបន្តបាញ់សាកល្បងមីស៊ីល ហើយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានបង្កើនកិច្ចសហប្រតិបត្តិការយោធា៕ 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com