អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទោះមានក្ដីក្ដាំជុំខ្លួន លោក ត្រាំ នៅតែអាចឈ្នះការបោះឆ្នោតបឋមបក្សសាធារណរដ្ឋនៅ Iowa
16, Jan 2024 , 7:59 pm        
រូបភាព
អតីតប្រធានាធិបតីអាម៉េរិក ដូណាល់​ ត្រាំ ថ្លែងក្នុងព្រឹត្តិកាណ៍មួយនៅទីក្រុង Des Moines រដ្ឋ Iowa នៅថ្ងៃទី១៥ ខែមករា ។ រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក ដូណាល់​ ត្រាំ ថ្លែងក្នុងព្រឹត្តិកាណ៍មួយនៅទីក្រុង Des Moines រដ្ឋ Iowa នៅថ្ងៃទី១៥ ខែមករា ។ រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ​ បាននាំមុខគូប្រជែងក្នុងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងប្រធានាធិបតីនៅរដ្ឋ Iowa កាលពីល្ងាចថ្ងៃទី១៥ ខែមករា ដោយមានសំឡេងគាំទ្រជាង ៥០ភាគរយ។

 
ការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងប្រធានាធិបតីអាម៉េរិករបស់បក្សសាធារណរដ្្ឋចាប់ផ្តើមពីរដ្ឋ Iowa។ បេក្ខជនតំណាងមកពីគណបក្សសាធារណរដ្ឋនៅរដ្ឋនេះមានលោក ដូណាល់ ត្រាំ និងគូប្រជែងសំខាន់២ រូបទៀតគឺលោកស្រី Nikki Haley អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ និងជាអតីតអភិបាលរដ្ឋ South Carolina ព្រមតាំងលោក Ron DeSantis អភិបាលរដ្ឋ Florida ។ 
 
ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកដូចជាទូរទស្សន៍ CNN បានរាយការណ៍ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតប្រហែល ៩៩ភាគរយដែលបង្ហាញថាលោក ត្រាំ បច្ចុប្បន្នកំពុងនាំមុខគេដោយមានសំឡេងគាំទ្រប្រហែល ៥១ភាគរយ។ តាមពីក្រោយដោយលោក Ron DeSantis ទទួលបានសំឡេងប្រហែល ២១ភាគរយ និងលោកស្រី Nikki Haley ប្រហែល ១៩ភាគរយ។ 
 
ជ័យជម្នះដ៏លើសលប់របស់លោក ត្រាំ មិនលើសពីការព្យាករពីមុនដែលធ្វើឡើងដោយ NBC News, Des Moines Register និង Mediacom នោះទេ។ លទ្ធផលនៃការស្ទង់មតិរបស់អង្គភាពទាំងនេះបង្ហាញថា អតីតប្រធានាធិបតី ត្រាំ អាចទទួលបានការគាំទ្រជាង៤៨ភាគរយនៅក្នុងរដ្ឋមួយនេះ។ 
 
ទន្ទឹមនេះ បេក្ខជនលំដាប់ទី៤ ដែលជាមហាសេដ្ឋី Vivek Ramaswamy បានប្រកាសពីការចាកចេញពីការប្រជែងសម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។
 
នៅលើបណ្តាញសង្គម X លោកប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃទី១៦ ខែមករា បានសរសេរថា ៖« វាហាក់ដូចជាថា ដូណាល់ ត្រាំ បានឈ្នះរដ្ឋ Iowa  ដែលបច្ចប្បន្ន លោក ត្រាំ ជាបេក្ខជននាំមុខគេនៃគណបក្សសាធារណរដ្ឋ»។ 
 
សាស្ត្រាចារ្យ Julian E. Zelizer ឯកទេសផ្នែកស្រាវជ្រាវទំនាក់ទំនងសាធារណៈនៅសាកលវិទ្យាល័យ Princeton របស់អាម៉េរិកបាននិយាយថា លោក ត្រាំ ជាបេក្ខជននាំមុខគេនៃគណបក្សសាធារណរដ្ឋ ហើយការបោះឆ្នោតដំបូងនៅរដ្ឋ Iowa បានបញ្ជាក់ឲ្យឃើញបែបនេះ។
 
រដ្ឋ Iowa ជារដ្ឋដំបូងគេរបស់អាមេរិកដែលរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។ រដ្ឋ New Hampshire គឺជារដ្ឋទី២ ដែលការបោះឆ្នោតជ្រើសរើសតំណាងរបស់គណបក្សសាធារណរដ្ឋនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមករា។ បន្ទាប់មក គណបក្សសាធារណៈរដ្ឋនឹងរៀបចំបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ក្នុងរដ្ឋ Nevada មុនពេលរៀបចំការបោះឆ្នោត នៅរដ្ឋ South Carolina នៅថ្ងៃទី២៤ ខែកុម្ភៈ។
 
យោងតាមកាសែត Wall Street Journal ខណៈពេលដែលលោក ត្រាំ ឈ្នះលើសលប់នៅក្នុងរដ្ឋ Iowa លោកស្រី Haley ហាក់ទទួលបានការសន្ទុះគាំទ្រនៅរដ្ឋ New Hampshire។ អតីតអភិបាលរដ្ឋ South Carolina រូបនេះមិនបានធ្វើយុទ្ធនាការខ្លាំងនៅរដ្ឋ Iowa ទេ ដោយដាក់ក្តីសង្ឃឹមលើរដ្ឋ New Hampshire ។ 
 
ចំណែកខាងគណបក្សប្រជាធិបតេយ្យ កាលវិភាគសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋនីមួយៗ នឹងប្រព្រឹត្តទៅជាលើកដំបូងនៅក្នុងរដ្ឋដែលមានភាពចម្រុះផ្នែកវប្បធម៌ និងចំនួនប្រជាជន មុនពេលដែលធ្វើឡើងនៅរដ្ឋ Iowa។ លើសពីនេះ ការបោះឆ្នោតក្នុងរដ្ឋ Iowa នៅឆ្នាំនេះ គណបក្សប្រជាធិបតេយ្យបានប្តូរពីការបោះឆ្នោតតាមសំបុត្រ ទៅបោះឆ្នោតតាមអ៊ីនធឺណិត។ លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Iowa នឹង​ត្រូវ​ប្រកាស​នៅ​ខែ​មីនា ឆ្នាំ​២០២៤។
 
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមលទ្ធផលនៃការស្ទង់មតិកន្លងមកដែលធ្វើឡើងដោយ Bloomberg News និង Morning Consult កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ បង្ហាញថា លោក ត្រាំ បាននាំមុខប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃឌិន នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន។ ក្នុងនោះ ត្រាំ បាននាំមុខលោក បៃឌិន ៤ភាគរយ (៤៧ភាគរយទល់នឹង ៤៣ភាគរយ) ក្នុងចំណោមអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Arizona, Georgia, Michigan, Nevada, North Carolina, Pennsylvania និង Wisconsin ៕ 

Tag:
 អាម៉េរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com