អន្តរជាតិ
UN៖ Hacker និងឧក្រិដ្ឋជនកូរ៉េខាងជើងចែករំលែកបណ្ដាញលាងលុយនៅអាស៊ីអាគ្នេយ៍ រូបភាព AFP
× តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនាថ្ងៃទី១៥ ខែមករា អ្នកលួចទិន្នន័យ កូរ៉េខាងជើង (Hacker) កំពុងតែចែករំលែកបណ្ដាញលាងលុយ បណ្ដាញ ធនាគារក្រៅផ្លូវការជាមួយអ្នកបោកប្រាស់ និងអ្នកជួញដូរគ្រឿងញៀននៅអាស៊ីអាគ្នេយ៍។ កាស៊ីណូ និងការប្តូរប្រាក់គ្រីបតូ ជាមធ្យោបាយសំខាន់ៗក្នុងការសម្រេចបានអំពីឧក្រិដ្ឋកម្ម។
ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានអះអាងថា ពួកគេបានតាមដានឧទាហរណ៍មួយចំនួននៃការចែករំលែកបណ្ដាញលាងលុយនៅតំបន់មេគង្គដែលរួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ និងកម្ពុជា ដោយក្រុម hacker មួយចំនួនរួមទាំងក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតកូរ៉េខាងជើង Lazarus។ ការិយាល័យ UNODC បានបង្ហាញថា ខ្លួនបានកំណត់សកម្មភាពតាមរយៈការវិភាគព័ត៌មានករណី និងទិន្នន័យនៃប្រព័ន្ធកត់ត្រាប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ។
យ៉ាងណមិញ ខណៈទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅមន្ត្រីសម្រាប់បេសកកម្មកូរ៉េខាងជើងនៅ UN ក្នុងទីក្រុងហ្សឺណែវ បុគ្គលម្នាក់បញ្ជាក់ថា លោកមិនបានដឹងអំពីបញ្ហានេះឡើយ ខណៈរបាយការណ៍មុនអំពីក្រុម Lazarus ជាការសន្និដ្ឋានដោយគ្មានព័ស្តុតាងច្បាស់លាស់ និងព័ត៌មានមិនពិតទាំងអស់។
របាយការណ៍ខាងលើបង្ហាញផងដែរថា កាស៊ីណូ និង ល្បែងស៊ីសង Junket ដែលជួយសម្រួលដល់ការលេងល្បែងដោយអ្នកមានទ្រព្យសម្បត្តិច្រើនក៏ដូចជាការផ្លាស់ប្តូរ រូបិយប័ណ្ណគ្រីបតូដែលមិនមានការគ្រប់គ្រងបានក្លាយទៅជាមូលដ្ឋានគ្រឹះនៃការលាងលុយ ប្រើប្រាស់ដោយឧក្រិដ្ឋកម្មក្នុងតំបន់។ បន្ថែមពីនេះវិស័យនេះបានជ្រៀតចូលដោយឧក្រិដ្ឋកម្ម រៀបចំសម្រាប់ការលាងលុយក្នុងទ្រង់ទ្រាយឧស្សាហកម្ម និងប្រតិបត្តិការធនាគារ ក្រៅប្រព័ន្ធ ផ្លូវការជាមួយនឹងទំនាក់ទំនងទៅនឹងការជួញដូរគ្រឿងញៀន និងការក្លែងបន្លំ តាមអ៊ីនធឺណិត ។
ឯកសារខាងលើរកឃើញផងដែរថា កាស៊ីណូដែលមានអាជ្ញាប័ណ្ណ និងប្រតិបត្តិករ Junket នៅហ្វីលីពីនបានជួយលាងលុយប្រហែល ៨១ លានដុល្លារដែលត្រូវបានលួចនៅក្នុងការ វាយប្រហារតាមអ៊ីនធឺណិតលើធនាគារកណ្តាលរបស់បង់ក្លាដែសក្នុងឆ្នាំ ២០១៦ ដែលត្រូវ បានសន្មត់ថាជាក្រុម Lazarus។
«វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលអ្នកគំរាមកំហែងដ៏ជំនាញនឹងសម្លឹងមើលការប្រើប្រាស់ ប្រព័ន្ធធនាគារក្រៅផ្លូវការ និងអ្នកផ្តល់សេវាដូចគ្នា»។ តំណាងប្រចាំតំបន់របស់ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក Jeremy Douglas ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះដោយបញ្ជាក់ផងដែរថា ការរីកសាយភាយនៃកាស៊ីណូ និងគ្រីបតូបានដាក់ បន្ទុកលើក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំនៅអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ក្រុម hacker Lazarus ដែលអាម៉េរិកបានអះអាងថាត្រូវបានគ្រប់គ្រងដោយ ការិយាល័យចារកម្មចម្បងរបស់កូរ៉េខាងជើងត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងខ្សែសង្វាក់នៃការវាយប្រហារតាមអ៊ីនធឺណិត និងការបញ្ចូលមេរោគទៅទិន្នន័យជនរងគ្រោះ ដើម្បីទាមទារយកប្រាក់ (ransomware)។ មូលនិធិដែលត្រូវបានលួចដោយពួក hacker កូរ៉េខាង ជើងគឺជាប្រភពមូលនិធិដ៏សំខាន់សម្រាប់ទីក្រុងព្យុងយ៉ាង និងកម្មវិធីអាវុធរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com