កីឡាជាតិ
ជាតិ
កីឡាការិនី ចូលរួមប្រកួតគុនខ្មែរថ្នាក់ជាតិឆ្នាំ២០២៣ កើនឡើង ឯប្រាក់រង្វាន់ក៏កើន
24, Jan 2024 , 9:09 am        
រូបភាព
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
រូបពីហ្វេសប៊ុកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
កីឡាការិនីប្រដាល់គុនខ្មែរ ចុះឈ្មោះប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ច្រើនជាងឆ្នាំមុន។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំការប្រកួតថ្នាក់ជាតិនេះ ក្នុងស្រុកឧត្តង្គ ដោយយកព្រំប្រទល់ប្រសព្វនៃខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្ដាល ជាទីតាំងប្រកួត។ នេះជាការបញ្ជាក់របស់លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។



លោក ហេង សុខឃន បានបញ្ជាក់ថា ការប្រកួតនេះ ជាការចម្រាញ់យកធនធានកីឡាករ-កីឡាការិនី ចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា។ 
 
គិតត្រឹមថ្ងៃទី២៣ ខែមករា មានសមាគម-ក្លិបពីបណ្ដារាជធានីខេត្តសរុបចំនួន១៣ ក្នុងនោះមាន កីឡាករ ១៣០នាក់ និងកីឡាការិនី២០រូប។ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ ជឿថា ចំនួនកីឡាករ-កីឡាការិនី នឹងកើនឡើងទៀត ។ ជាពិសេសកីឡាការិនី។ កាលពីឆ្នាំ២០២២ មានកីឡាការិនី តែ១២នាក់ប៉ុណ្ណោះ ចូលរួមប្រកួតគុនខ្មែរ។ 
 
«ក្នុងឆ្នាំនេះ ចម្លែក ព្រោះកីឡាការិនី មានការកើនឡើងច្រើន ក្រោយចប់ស៊ីហ្គេម។ កីឡាការិនីជាច្រើបានដាក់ពាក្យចូលប្រកួត។ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កីឡាការិនី និងយុវតីមួយចំនួនចាប់អារម្មណ៍ ក្នុងការហាត់ប្រដាល់វិញ ព្រោះតែមានការផ្សព្វផ្សាយទូលំទូលាយទៅតាមបណ្ដាលខេត្តនានា។ ម្យ៉ាងវិញទៀត ដៃគូឧបត្ថម្ភ ទាំងស្ថាប័នរដ្ឋ និងឯកជន បានគាំទ្រជួយ ក្នុងតាមក្លិប និងសមាគមទាំងអស់ ជាពិសេសគឺជួយដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតនានា។»។ លោក ហេង សុខឃន បានប្រាប់សារព័ត៌មានថ្មីៗ ដោយបន្ថែមថា សហព័ន្ធឈប់ទទួលពាក្យប្រកួតនៅថ្ងៃទី២៧ មករា។
 
ដោយឡែក កីឡាករប្រដាល់ ដែលមានឈ្មោះល្បីៗភាគច្រើន មិនទាន់បានចុះឈ្មោះប្រកួតថ្នាក់ជាតិនេះ នៅឡើយទេ។ អគ្គលេខាធិការសហព័ន្ធរូបនេះ ក៏បានអំពាវនាវឲ្យកីឡាករទាំងនោះ ចូលរួមការប្រកួតនេះ។
 
លោក សុខឃន ក៏បានបង្ហើបដែរថា មេដាយមាសក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ នឹងទទួលបានថវិកា ៤លានរៀល, មេដាយប្រាក់ ២.៤លានរៀល, និងមេដាយសំរិទ្ធ ១.២លានរៀល។
 
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចយកព្រំប្រទល់ប្រសព្វគ្នារវាង ៣ខេត្ត (កំពង់ឆ្នាំង,កណ្ដាលនិងកំពង់ស្ពឺ) គឺស្រុកឧត្តុង ជាទីតាំងប្រកួត។ ចំពោះការប្រកួតថ្នាក់ជាតិមុនៗ សហព័ន្ធ បានរៀបចំធ្វើនៅស្ដាតចាស់។ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ ប្រាប់ថាគោលដៅក្នុងការរៀបចំការប្រកួតនៅទីនោះ ព្រោះចង់ផ្សព្វផ្សាយ និងឲ្យប្រជាជន នៅក្នុងតំបន់បានទស្សនាដោយផ្ទាល់។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ នឹងធ្វើចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ហេង សុខឃន
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com