សៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានសម្រេចការជួសជុល និងអភិរក្សប្រាសាទតាសោម ប្រាសាទព្រះខ័ន និងចម្លាក់កូរសមុទ្រទឹកដោះ នៃប្រាសាទអង្គរវត្ត។ អង្គការ WMF បានចូលរួមជួសជុល និងអភិរក្ស អស់ពេល៣៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៨៩។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
អង្គការមូលនិធិប្រាសាទពិភពលោក បានប្រគល់ការដ្ឋានជួសជុលប្រាសាទទាំង៣ ដល់អាជ្ញាធរជាតិអប្សរាវិញ ស្របពេលប្រារព្ធខួបលើកទី៣៥របស់ខ្លួន ដែលបានមកជួយការងារប្រាសាទនៅកម្ពុជា។
អ្នកស្រី Benedicte De Montlaur នាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិក ថ្លែងថា បេសកកម្មរបស់អង្គការ លើការវាយតម្លៃស្ថានភាពនៃប្រាសាទ បានឆ្លើយតបតាមសំណើររបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ។
៣៥ឆ្នាំមកនេះ អង្គការ ក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាល ដោយជួយបំពេញបន្ថែម ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ និងវិចិត្រសិល្បៈ(RUFA)។
ពិធីប្រគល់ការដ្ឋានជួសជុលប្រាសាទទាំង៣ ដល់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ រូបភាពអាជ្ញាធរជាតិអប្សរា៕
ក្រៅពីប្រាសាទ និងចម្លាក់ខាងលើ បច្ចុប្បន្នអង្គការមូលនិធិប្រាសាទពិភពលោក ក៏កំពុងបន្តការជួសជុលរចនាសម្ព័ន្ធនៃប្រាសាទបាខែង។ តាមរយៈគម្រោងជួសជុលផ្នែកខូចខាតនៃប្រាសាទ អង្គការ ក៏នឹងជួសជុលប្រាសាទឥដ្ឋ នៅជុំវិញប្រាសាទ។ ប្រាសាទដែលត្រូវជួសជុលមានចំនួន៤៤ប្រាសាទ នាពេលអនាគត។
កន្លងមក លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF ក៏ធ្លាប់បង្ហើបប្រាប់សារព័ត៌មានថ្មីៗថា អង្គការខ្លួននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជួយជួសជុល និងអភិរក្សប្រាសាទដទៃទៀត។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា៖ កម្ពុជាក៏រង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក ក្នុងវិស័យទូលំទូលាយដូចជា ការផ្លាស់ប្តូរជំនាញស្តីពីការអភិរក្ស, វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ,ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធជាដើម»។
«អាជ្ញាធរជាតិអប្សរា នឹងបន្តថែរក្សាប្រាសាទទាំង៣នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូត ចំពោះការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោក ក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា»។ នេះបើតាមអាជ្ញាធរអប្សរា ដែលបានស្រង់សម្តីរដ្ឋមន្រ្តីវប្បធម៌។
កាលពីដើមខែធ្នូ ឆ្នាំ២០២៣ មូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង បានផ្ដល់ថវិកា៤៥ម៉ឺនដុល្លារ ដើម្បីជួសជុលរចនាសម្ព័ន្ធប្រាសាទបាខែងនេះ៕