បន្ទាយមានជ័យ៖ លោក ម៉ី ពិសិដ្ឋ មានពិការដៃ និងជើងម្ខាង តាំងពីកំណើត។ ទោះស្ថិតក្នុងស្ថានភាពលំបាកបែបណាក្ដី ក៏យុវជនរូបនេះមិនបានផ្តេកផ្តួល អស់សង្ឃឹមក្នុងជីវិតនោះឡើយ។ ផ្ទុយទៅវិញ លោកប្រឹងប្រែងងើបឈរដោយខ្លួនឯង និងអភិវឌ្ឍន៍សមត្ថភាពខ្លួនបានជោគជ័យជាបន្តបន្ទាប់។
ដៃស្ដាំ និងជើងស្ដាំរបស់យុវជន ម៉ី ពិសិដ្ឋ ស្វិតមិនអាចប្រើប្រាស់បាន ដោយសារមានជំងឺពីកំណើត។ ពិសិដ្ឋ ដំណាលថា ខ្លួនកើតមកមានសភាពដូច្នេះតាំងពីកំណើត ហើយទម្រាំចេះដើរបាន គឺនៅអាយុ៩ឆ្នាំ។ ពិសិដ្ឋត្រូវពឹងលើជើងជ័រ ដើម្បីទ្រជើងម្ខាងដែលស្វិត ខ្លី នៅពេលដើរម្ដងៗ។
ទោះបីពិការដៃជើង តែយុវជន ពិសិដ្ឋ ដែលមានវ័យ៣០ឆ្នាំ មិនពិការមនសិការឡើយ។ គេបានប្រើប្រាស់ដៃជើងដែលមាន ខំពុះពារ និងប្រឹងប្រែងរាល់ឧបសគ្គនៅចំពោះមុខ ដូចជាប្រឹងរៀនដើរ រៀនជិះម៉ូតូ បើកគោយន្ត និងអាចធ្វើការងារសឹងដូចមនុស្សធម្មតាដែរ។ បច្ចុប្បន្ន យុវជនរូបនេះមានគ្រួសារ និងកូន៣នាក់។ ពិសិដ្ឋ ក៏ជាកសិករគំរូមួយរូប ដែលជោគជ័យលើដំណាំឪឡឹកផងដែរ។
លើវាលស្រែឪឡឹកទំហំជាងមួយហិកតា នៅក្នុងស្រុកព្រះនេត្រព្រះ យុវជន ពិសិដ្ឋ ដែលមានវេហារ និងពោរពេញដោយស្នាមញញឹម ប្រាប់ថា គេមិនធ្លាប់អស់សង្ឃឹមនឹងខ្លួនឯងឡើយ។ ផ្ទុយទៅវិញ យុវជនពិការរូបនេះ តែងលួចមើលទង្វើរបស់អ្នកជិតខាងដែលគេអាចប្រើប្រាស់ និងប្រកបការងារផ្សេងៗ និងរំពឹងក្នុងចិត្តថា ថ្ងៃណាមួយខ្លួនគេក៏អាចធ្វើដូចគេបានដែរ។ ក្រោយមកការប្រឹងប្រែងរបស់ ពិសិដ្ឋ បានជោគជ័យ និងរហូតគេមានគ្រួសារ និងអាចធ្វើចម្ការច្រើនហិកតា ដូចមនុស្សធម្មតាដែរ។
ពិសិដ្ឋ រៀបរាប់ដូច្នេះថា៖«ការខិតខំប្រឹងប្រែងសម្រាប់ខ្ញុំ ទី១ ខ្ញុំតស៊ូរៀនដើររហូតអាយុ៨ឆ្នាំ ទើបខ្ញុំចេះដើរ មុននឹងខ្ញុំចេះដើរ ខ្ញុំត្រូវតែតស៊ូ ព្រោះខ្ញុំឃើញមិត្តភក្តិបងប្អូនគេដើរព្រាត គេ៨ឆ្នាំគេដើរបាន តែខ្ញុំដើរអត់រួច ខ្ញុំតូចចិត្តនិងគិតថា ថ្ងៃណាមួយនឹងខំដើរដើម្បីរត់លេងនឹងគេបាន ទីបំផុតដល់អាយុ៩ឆ្នាំខ្ញុំចេះដើរមែន»។
ដោយសារជារដូវធ្វើឪឡឹក ដូច្នេះពិសិដ្ឋ បានធ្វើរោងដេកនៅចម្ការតែម្ដង ដើម្បីងាយស្រួលថែទាំ ដាក់ថ្នាំ និងស្រោចទឹកឪឡឹក ដោយមិនបាច់ធ្វើដំណើរទៅមក ព្រោះចម្ការឆ្ងាយពីផ្ទះគ្រាន់ដែរ។ ឆ្នាំនេះ ពិសិដ្ឋ ជួលក្មួយឱ្យមកជួយកិច្ចការងារខ្លះនៅចម្ការ ដ្បិតចម្ការដល់ទៅ៣កន្លែង ហើយនៅឆ្ងាយពីគ្នា។ កសិកររូបនេះ ដើរជួលដីពីកសិករផ្សេងទៀតដែលមានដីស្រែទំនេរ ក្រោយពីច្រូតកាត់។
ជើងម្ខាងដៃម្ខាង ពិតជាមិនស្រួលដូចមនុស្សទូទៅឡើយ តែការលំបាកនេះមិនបានធ្វើឱ្យ ពិសិដ្ឋ រួញរាឡើយ។ ពិសិដ្ឋ លើកឡើងដូច្នេះថា៖«សម្រាប់ខ្ញុំនឿយហត់ដែរ នៅតែតស៊ូ ព្រោះជាអាជីពហើយ បើយើងលះបង់ទៀត យើងមិនដឹងធ្វើអី បើយើងទៅសុំទានគេខ្លះគេឱ្យខ្លះមិនឱ្យ ហើយក៏មិនឱ្យរាល់ថ្ងៃដែរ។ ខ្ញុំគិតថា គេធ្វើបានយើងក៏ធ្វើបាន គេមានដៃមានជើងគេធ្វើបាន ខ្ញុំដៃមួយជើងមួយនៅតែខំ ធ្វើឱ្យបានដូចគេ»។
សម្ដីច្បាស់ៗ និងពោរពេញដោយថាមពល ពិសិដ្ឋ បន្ថែមថា៖« ខ្ញុំយកគេធ្វើជាគំរូ បានខ្ញុំធ្វើខ្លួនឯងកើត ខ្ញុំអត់តូចចិត្ត នៅគិតថាគេឥឡូវគេជិះឡានបាន ប្រហែលថ្ងៃណាមួយខ្ញុំមានលុយទិញឡានហើយចេះបើកដូចគេដែរ ខ្ញុំមានចិត្តថា គេធ្វើបានខ្ញុំក៏ធ្វើបាន គ្រាន់តែមុននិងក្រោយ»។
ទោះបច្ចុប្បន្ន ពិសិដ្ឋ មិនទាន់មានលទ្ធភាពអ្វីច្រើនជួយគ្រួសារ តែគេមានគោលដៅឱ្យកូនៗទាំង៣របស់ខ្លួន រៀនសូត្របានខ្ពង់ខ្ពស់ មានអាជីពដ៏ល្អមួយនៅក្នុងសង្គម។ ក្នុងនាមជាអាណាព្យាបាលមួយរូប ពិសិដ្ឋ យល់ថា មានការតែអប់រំប៉ុណ្ណោះដែលអាចជួយកូនៗ មានការងារល្អ និងមិនសូវនឿយហត់ប្រើកម្លាំងពលកម្មដូចខ្លួនគេកំពុងធ្វើសព្វថ្ងៃ។
ក្រៅពីនេះ ក្នុងនាមអ្នកមានពិការភាពមួយរូប ពិសិដ្ឋ បានផ្ញើសារលើកទឹកចិត្តដល់អ្នកមានពិការភាពផ្សេងទៀត ដោយមិនត្រូវអន់ចិត្តឬតូចចិត្តនឹងខ្លួនឯងឡើយ។ ការតស៊ូ និងអត់ធ្មត់ ជួយឱ្យយើងមានក្ដីសង្ឃឹមឡើងវិញ។ ពិសិដ្ឋ បន្ថែមថា៖« យើងកុំនិយាយថា ធ្វើមិនកើត អត់មានអ្នករាប់រក យើងត្រូវលើកទឹកចិត្តខ្លួនឯង យ៉ាងតូចគិតថាយើងអាចធ្វើបាន»។
ពិសិដ្ឋ បន្ថែមថា៖« ខ្ញុំមានមោទកភាពដែរ ដែលគេដៃពីរជើងពីរគេធ្វើបាន១០០ភាគរយ ខ្ញុំជើងមួយដៃមួយធ្វើបានក្រោមគេ តែ៩៥ភាគរយ ហើយក៏លើអ្នកខ្លះដែលមានអវៈយវៈគ្រប់គ្រាន់ តែធ្វើក្រោមខ្ញុំទៅវិញ»៕