ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានធ្លាក់ចុះ២ត្រីមាសជាប់ៗគ្នានៅចុងឆ្នាំ២០២៣ ដែលបណ្តាលឱ្យប្រទេសនេះមានសេដ្ឋកិច្ចថមថយ ហើយបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីបីនៅលើពិភពលោកទៅឱ្យអាល្លឺម៉ង់។
ទិន្នន័យផ្លូវការដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានកើនឡើង ១,៩ភាគរយក្នុងឆ្នាំ ២០២៣ ដោយគិតជាតម្លៃទំហំ ៤,២១ទ្រីលានដុល្លារ។ យ៉ាងណាមិញ ចំនួននេះនៅទាបជាងអាល្លឺម៉ង់ដែលមានចំនួន ៤,៤៦ទ្រីលានដុល្លារ ដែលធ្វើឱ្យជប៉ុនបាត់បង់តំណែងនៃសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោក ទៅឱ្យប្រទេសអឺរ៉ុប។ នេះបើតាមសារព័ត៌មាន Kyodo ។
GDP របស់ជប៉ុនក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានធ្លាក់ចុះ ០,១ភាគរយបើធៀបនឹងត្រីមាសទី៣។ ជប៉ុនមានកំណើនសេដ្ឋកិច្ចអវិជ្ជមានរយៈពេល ២ត្រីមាសជាប់គ្នាបណ្តាលឱ្យប្រទេសនេះមានសេដ្ឋកិច្ចថមថយ។
ទន្ទឹមនេះ ការប្រើប្រាស់របស់ប្រជាជនដែលរួមចំណែកច្រើនជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបបានថយចុះ ០,២ភាគរយនៅក្នុងត្រីមាសទី៤ បើធៀបទៅនឹងត្រីមាសទី៣ ។ ការចំណាយមូលធន ដែលជាកត្តាជំរុញដ៏សំខាន់នៃវិស័យឯកជនបានធ្លាក់ចុះ ០,១ភាគរយ ។
ក្រាហ្វិក Reuters
មូលហេតុចម្បងនៃការធ្លាក់ចុះ GDP របស់ជប៉ុន ដោយសារតែការធ្លាក់ថ្លៃខ្លាំងនៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណនេះបានធ្លាក់ចុះជិត ២០ភាគរយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
ហេតុផលសម្រាប់ការធ្លាក់ចុះនៃប្រាក់យ៉េនគឺថា ធនាគារកណ្តាលជប៉ុន (BOJ) បានរក្សាគោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ដែលផ្ទុយទៅនិងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដទៃទៀតព្យាយាមដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណា។ នេះបណ្តាលឱ្យវិនិយោគិនបានបោះបង់ប្រាក់យ៉េន ដើម្បីស្វែងរករូបិយប័ណ្ណផ្សេងដើម្បីទទួលបានផលចំណេញ។
សេដ្ឋកិច្ចជប៉ុនពឹងផ្អែកខ្លាំងលើការនាំចេញ ជាពិសេសរថយន្ត។ ប្រាក់យ៉េនទន់ខ្សោយនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុននាំចេញ។ យ៉ាងណាមិញ ប្រទេសនេះកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មដោយសារការធ្លាក់ចុះចំនួនប្រជាជន និងអត្រាកំណើតទាប។
ជប៉ុនបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោក បន្ទាប់ពីអាម៉េរិក ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ ក្នុងអំឡុងពេលនៃការរីកចម្រើនខ្លាំងនៃទសវត្សរ៍ទី ៧០ និង៨០ ប្រទេសនេះក៏ត្រូវបានព្យាករថានឹងក្លាយទៅជាកំពូលមហាអំណាចសេដ្ឋកិច្ចកំពូលលើពិភពលោកដែរ។
ទោះជាយ៉ាងណាក៏ដោយ តម្លៃទ្រព្យសកម្មបានផ្ទុះឡើងនៅដើមទសវត្សរ៍ទី៩០ ដោយជំរុញឱ្យប្រទេសនេះចូលវិបត្តិដែលមានការជាប់គាំងសេដ្ឋកិច្ច និងបរិត្តផរណាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ នៅឆ្នាំ២០១០ ជប៉ុនបានបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី២ លើលោកទៅឱ្យចិន៕