ដោយ៖ម៉ម ពិសី/RFI
ថ្ងៃទី២៤កុម្ភៈ គឺជាថ្ងៃគម្រប់ខួប២ឆ្នាំ នៃសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានដុតបញ្ឆេះឡើង កាលពីថ្ងៃទី២៤កុម្ភៈ២០២២។ សង្គ្រាមដែលមិនត្រឹមតែបានបំផ្លិចបំផ្លាញខ្ទិចខ្ទីរ ដល់សំណង់អគារផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែវាបានធ្វើឲ្យប្រជាជនអ៊ុយក្រែនត្រូវបែកខ្ញែករត់ផ្លាស់ទីប្រសេកប្រសាច។ ២ឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែន ចំនួន១៤លាននាក់ ត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ខ្លះភៀសខ្លួនក្នុងស្រុក ខ្លះទៀត ភៀសខ្លួនទៅបរទេស។ នេះបើផ្អែកតាមរបាយការណ៍បូកសរុប របស់អង្គការអន្តរជាតិដើម្បីអន្តោប្រវេសន៍។
សង្គ្រាម២ឆ្នាំមកនេះ បានបណ្តាលឲ្យប្រជាជនអ៊ុយក្រែន ចំនួន១៤លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ ពោលគឺ ១ភាគ៣នៃប្រជាជនអ៊ុយក្រែនទូទាំងប្រទេស ដែលត្រូវបង្ខំចិត្តភៀសខ្លួន។ នេះបើផ្អែកតាមតួលេខបូកសរុប ដោយអង្គការអន្តរជាតិដើម្បីអន្តោប្រវេសន៍ OIM ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ។
ក្នុងចំណោមអ្នកភៀសខ្លួនទាំងនេះ គឺមានយ៉ាងហោច ៦,៥លាននាក់ ដែលបានភៀសខ្លួនទៅបរទេស និងមាន ៣,៧លាននាក់ ដែលបានភៀសខ្លួននៅក្នុងអ៊ុយក្រែន។ គិតត្រឹមពេលនេះ មានប្រជាជនអ៊ុយក្រែន ប្រមាណ៤,៥លាននាក់ ដែលបានត្រលប់ទៅផ្ទះវិញហើយ ដោយរាប់ទាំងអ្នកដែលទៅពីបរទេស និងទៅពីតំបន់ផ្សេងទៀតក្នុងទឹកដីអ៊ុយក្រែន។
លោកស្រី Amy Pope អគ្គនាយិកាអង្គការអន្តរជាតិដើម្បីអន្តោប្រវេសន៍ បានលើកឡើងថា សង្គ្រាម២ឆ្នាំមកនេះ បានធ្វើឲ្យអ៊ុយក្រែនខូចខាតយ៉ាងដំណំ ចំណែកប្រជាជនអ៊ុយក្រែនវិញ បានជួបទុក្ខលំបាកជាពន់ពេក។ លោកស្រីបានកោតសរសើរ ចំពោះភាពអំណត់ និងការតស៊ូរបស់ប្រជាជនអ៊ុយក្រែន។ ឆ្លៀតក្នុងឱកាសធ្វើបទបង្ហាញរបាយការណ៍ លោកស្រីអគ្គនាយិកាអង្គការអន្តរជាតិដើម្បីអន្តោប្រវេសន៍ បានអរគុណចំពោះការប្រឹងប្រែងជួយចិត្តទុកដាក់ ពីសំណាក់បណ្តាប្រទេសអឺរ៉ុបក្បែរខាងអ៊ុយក្រែន ដែលបានជួយទទួលយកជនភៀសខ្លួនអ៊ុយក្រែន យ៉ាងយកចិត្តទុកដាក់។
អង្គការអន្តរជាតិដើម្បីអន្តោប្រវេសន៍ បានជួយទំនុកបម្រុងជនភៀសខ្លួនអ៊ុយក្រែន ចំនួន៦,៥លាននាក់ ទាំងក្នុងអ៊ុយក្រែន និងនៅតាមប្រទេសអឺរ៉ុបខាងកើត ចំនួន១១ប្រទេស។ លោកស្រី Amy Pope បានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំមកនេះ ស្ថាប័នលោកស្រី បានទទួលថវិកាជំនួយសប្បុរស សរុបចំនួន៩៥៧លានដុល្លារ។ ក៏ប៉ុន្តែ សង្គ្រាមនៅតែអូសបន្លាយ ដែលតម្រូវឲ្យស្ថាប័នលោកស្រី ត្រូវតែបន្តស្វះស្វែងរកថវិកាមកបន្តការងារ ជួយជនភៀសខ្លួនអ៊ុយក្រែនបន្តទៀត។
សូមបញ្ជាក់ថា សង្គ្រាមឈ្លានពានដែលរុស្ស៊ីបានធ្វើទៅលើអ៊ុយក្រែន គឺបង្កើតឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប បើគិតចាប់ពីក្រោយសង្គ្រាមលោកលើកទី២មក។ អង្គការសហប្រជាជាតិ បានសន្និដ្ឋានថា យ៉ាងហោចណាស់ គេត្រូវការប្រាក់ចំនួន៤២០០លានដុល្លារ ដើម្បីជួយផ្នែកមនុស្សធម៌ដល់អ៊ុយក្រែន ក្នុងឆ្នាំ២០២៤នេះ។
លោក Soda Federico នាយកកម្មវិធីមនុស្សធម៌របស់អង្គការដើម្បីអន្តោប្រវេសន៍ បានបញ្ជាក់ថា ប្រជាជនអ៊ុយក្រែន ភាគច្រើនដែលបានត្រលប់ទៅផ្ទះវិញ តែពួកគេប្រឈមនឹងបញ្ហាលំបាកខ្លាំងមួយចំនួន ក្នុងនោះគឺបញ្ហាអសន្តិសុខជាប្រចាំ បញ្ហាគ្មានមធ្យោបាយចិញ្ចឹមជីវិត ផ្ទះសំបែកត្រូវខ្ទេចខ្ទីទាំងស្រុង ឬមួយផ្នែក បូកបន្ថែមជាមួយហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទឹកភ្លើងបណ្តាញផ្លូវថ្នល់ជាដើម ត្រូវខូចខាតលែងដំណើរការ។ លោកបានគូសបញ្ជាក់ថា គេត្រូវផ្តោតការយកចិត្តទុកដាក់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដើម្បីអាចជួយជីវភាពប្រជាជនអ៊ុយក្រែនបាន៕