សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនរថយន្តអគ្គិសនីអាម៉េរិក Fisker កំពុងប្រឈមការក្ស័យធន នាយកប្រតិបត្តិក្រុមហ៊ុន Fisker លោក Henrik Fisker សម្ពោធរថយន្ត Fisker Ocean នៅរដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ២០២១ ។ រូបភាព ៖ Reuters
× Fisker ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អ្នករចនារថយន្តដ៏ល្បីល្បាញ Henrik Fisker កំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុជាច្រើន ហើយកំពុងពិចារណាក្នុងការ ដាក់ ពាក្យក្ស័យធន។
ថ្មីៗនេះ ក្រុមហ៊ុនរថយន្តអគ្គិសនី Fisker បានជួលអ្នកប្រឹក្សារៀបចំរចនាសម្ព័ន្ធឡើងវិញ ពី ក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ FTI Consulting និងក្រុមហ៊ុនច្បាប់ Davis Polk ដើម្បីគាំទ្រ ក្រុម ហ៊ុនក្នុងករណីដែលខ្លួនដាក់ឯកសារក្ស័យធន។ នេះបើតាមសារព័ត៌មាន Reuters នៅថ្ងៃ ទី១៤ ខែមីនា។
កាលពីដើមខែមីនា ក្រុមហ៊ុន Fisker ធ្លាប់បានព្រមានថា ខ្លួនមិនមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ដំណើរការនៅឆ្នាំក្រោយ។ ការណ៍នេះ បានធ្វើឲ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិក ចំនួន១៥ភាគរយ និងផ្អាកការវិនិយោគលើគម្រោងថ្មីៗ ដោយរង់ចាំដំណើរការចរចា ជា មួយដៃគូមកពីជប៉ុនដែលនឹងត្រូវបានបញ្ចប់ឆាប់ៗ។
ព័ត៌មានអំពីលទ្ធភាពនៃការក្ស័យធននេះ បានបណ្តាលឱ្យភាគហ៊ុនរបស់ Fisker ធ្លាក់ចុះ ជាង៤០ភាគរយនៅក្នុងការជួញដូរក្រោយម៉ោងបិទបញ្ចប់។ នៅចុងបញ្ចប់នៃវគ្គជួញដូរនៅ ថ្ងៃទី១៣ ខែមីនា តម្លៃភាគហ៊ុនរបស់ Fisker មានត្រឹមតែ ០,៣២ដុល្លារប៉ុណ្ណោះ ដែលធ្លាក់ ចុះ៨០ភាគរយ បើធៀបនឹងដើមឆ្នាំនេះ។
នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២៣ Fisker បានរាយការណ៍ពីការខាតបង់ចំនួន ៤៦៣,៦លានដុល្លារ ខណៈដែលប្រាក់ចំណូលមានត្រឹមចំនួន ២០០លានដុល្លារ។ រហូត មកដល់ពេលនេះ ក្រុមហ៊ុនរថយន្តនេះមិនទាន់បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ របស់ខ្លួននៅឡើយទេ ព្រោះវាត្រូវការពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់។
Fisker ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយអ្នករចនារថយន្តដ៏ល្បីល្បាញ របស់ជន ជាតិដាណឺម៉ាក Henrik Fisker។ នៅឆ្នាំ២០២៣ Fisker គ្រោងផលិតរថយន្តអគ្គិសនីជាង ១០ ១០០គ្រឿង ប៉ុន្តែរហូតមកដល់ពេលនេះ នៅក្នុងស្តុកមានប្រហែលពាក់កណ្តាល នៃតួលេខប៉ុណ្ណោះ។
ការពិត អាជីវកម្មរថយន្តអគ្គិសនីមួយចំនួននៅអាម៉េរិក កំពុងប្រឈមការក្ស័យធន។ នៅឆ្នាំ ២០២៣ ភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត២៣ភាគរយ ចាប់តាំងពីដើមឆ្នាំមក ខណៈអ្នកវិនិយោគព្រួយបារម្ភអំពីសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ចិន និងលទ្ធភាពនៃការ លក់រថយន្តអគ្គិសនីសកលនឹងធ្លាក់ចុះ។ នៅចុងខែកុម្ភៈឆ្នាំ ២០២៤ ភាគហ៊ុនបានធ្លាក់ចុះដែលបណ្តាលឱ្យក្រុមហ៊ុនរថយន្តអគ្គិសនីនេះខាតបង់ ១៨៨ពាន់លានដុល្លារ៕
Tag:
អាម៉េរិក
ក្ស័យធន
រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com