កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី Erick ជឿជាក់គ្រូកូរ៉េខាងត្បូង ជួយក្រុមបាល់ទាត់ឥណ្ឌូណេស៊ី ទៅអូឡាំពិកប៉ារីស
× ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Erick Thohir មានទំនុកចិត្តលើគ្រូបង្វឹក លោក Shin Tae-yong ក្នុងការនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្រោមអាយុ២៣ឆ្នាំ U23 ឈានដល់វគ្គជម្រុះអូឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។
ការប្រកួតពានរង្វាន់ U23 Asian Cup ឆ្នាំ ២០២៤ ក៏ជាការប្រកួតវគ្គជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ ក្រុងប៉ារីសផងដែរ។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ដល់ទី៣ មានសិទ្ធិទៅកាន់ប្រទេសបារាំងដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៤ នឹងត្រូវជួបក្រុមអាហ្រ្វិកក្នុងការប្រកួតជម្រុះសម្រាប់សំបុត្រ១កៅអី។
ឥណ្ឌូណេស៊ី ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ហ្សកដានី អូស្ត្រាលី និងម្ចាស់ផ្ទះកាតា។ ដ្បិតនេះជាពូលដ៏តានតឹងដែលសុទ្ធសឹងតែជាក្រុមកំពូលនៅអាស៊ី ប៉ុន្តឥណ្ឌូណេស៊ី នៅតែមានក្តីសង្ឃឹមបញ្ចប់ក្នុងចំណោម៤ក្រុមចុងក្រោយ U23 Asian Cup ដែលនឹងចាប់ផ្តើមការប្រកួតប្រជែងពីថ្ងៃទី១៥ ខែមេសា តទៅ។
លោកមហាសេដ្ឋី Thohirm ដែលជាប្រធាន PSSI បង្ហាញការជឿជាក់លើគ្រូកូរ៉េខាងត្បូងលោក លោក Shin Tae-yong សម្រាប់ភារកិច្ចដ៏លំបាកនេះ។ «ប្រសិនបើយើងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup វាពិតជាអស្ចារ្យណាស់។ ប្រសិនបើយើងឈានដល់កំពូលទាំងបី យើងនឹងចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ ។ នេះជាអ្វីដែលខ្ញុំចាត់ទុកថាវាពិបាកក្លាយជាការពិត ប៉ុន្តែខ្ញុំនៅតែសង្ឈឹម»។ នេះជាការអះអាងរបស់លោក Thohirm។
ស្របពេលលោក Shin Tae Yong ដាក់គោលដៅដឹកនាំឥណ្ឌូណេស៊ីឆ្លងផុតវគ្គចែកពូល លោក Thohirm បានសារទរ។ ប៉ុន្តែមហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះ ចង់ឱ្យលោក Shin នាំក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អតីតម្ចាស់ក្លិប Inter Milan នៃលីគកំពូលអ៊ីតាលី វ័យ៥៤ឆ្នាំ លើកឡើងថា ឥណ្ឌូណេស៊ីក៏ប្រើកីឡាករ ១១ នាក់ដូចក្រុមផ្សេងទៀតដែរ ដូច្នេះកីឡាករក្រុមដទៃអាចធ្វើបាន ឥណ្ឌូណេស៊ី ក៏អាចធ្វើបានដូចគ្នា។
ឥណ្ឌូណេស៊ី ដែលទើបឈ្នះវៀតណាមក្នុងវគ្គជម្រុះ FIFA World Cup ទាំងពីរជើង បានប្រកាសសមាជិកកីឡាករ U23 ២៤នាក់រួចរាល់ហើយទៅកាន់ប្រកួត U23 Asian Cup។
ចំណោម២៤នាក់ មានកីឡាករលើសពី១១នាក់ ដែលត្រូវបានជ្រើសយកពីក្រុមឈុតធំ ដែលកំពុងបង្ហាញទម្រង់លេងល្អ និងភាគច្រើនជាកីឡករចូលសញ្ជាតិ។
ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមយុទ្ធនាការ U23 Asian Cup ឆ្នាំ ២០២៤ របស់ខ្លួន ដោយត្រូវតទល់ ម្ចាស់ផ្ទះកាតា នៅថ្ងៃទី១៥ ខែមេសា មុនជួបអូស្ត្រាលី និងចុក្រោយ ជាមួយហ្សកដានី នៅថ្ងៃទី ២១ ខែមេសា៕
Tag:
U23 Asian Cup
Erick Thohir
© រក្សាសិទ្ធិដោយ thmeythmey.com