ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
ទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលអន្តរជាតិ ឈ្មោះថា Fitch បានបញ្ចុះចំណាត់ថ្នាក់ប្រទេសចិនដល់កម្រិត«អវិជ្ជមាន» និងបានព្រមាន ចិន ថែមទៀត អំពីហានិយភ័យហិរញ្ញវត្ថុសាធារណៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នអន្តរជាតិ Fitch ដែលមានមូលដ្ឋាននៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។ ចំណែកថ្នាក់ដឹកនាំចិនសម្តែងក្តីសោកស្តាយ និងថា Fitch មិនបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ខ្លួន។
ក្នុងសប្តាហ៍នេះ ទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលអន្តរជាតិ Fitch បានបញ្ចុះចំណាត់ថ្នាក់ចិនដល់កម្រិតអវិជ្ជមាន និងបានព្រមានអំពីហានិភ័យហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសចិនទៀតផង។ នេះក៏ព្រោះតែ ឱនភាពថវិកានិងកម្រិតបំណុលសាធារណៈចិន កាន់តែឡើងខ្ពស់ទៅៗ នាប៉ុន្មានឆ្នាំចុងក្រោយ។ ទីភ្នាក់ងារអន្តរជាតិ Fitch វាយតម្លៃថា ក្នុងឆ្នាំនេះ ឱនភាពថវិកាជាតិចិន អាចនឹងឡើងដល់ ៧,១% អាក្រក់ខ្លាំងលើសឆ្នាំទៅមិញ ដែលមានត្រឹមតែ៥,៨%។ បើមិនគិតពីឆ្នាំ២០២០ដែលជួបបញ្ហាកូវីដខ្លាំង, ឱនភាពថវិកាចិនក្នុងឆ្នាំ២០២៤ អាក្រក់ជាងពេលណាៗទាំងអស់។
ការប្រមើលមើលអំពីទស្សនវិស័យសេដ្ឋកិច្ចចិនទៀតសោត ក៏បានឆ្លុះបញ្ចាំងរឹងរឹតកាន់តែច្បាស់អំពីវិបត្តិសន្ទុះកំណើនសេដ្ឋកិច្ចទាប ខណៈប្រទេសនេះកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ចក្នុងកម្រិតមួយពុំច្បាស់លាស់។
ក្រោយពីទទួលដំណឹងពីការវាយតម្លៃអវិជ្ជមានយ៉ាងដូច្នេះ ក្រសួងហិរញ្ញវត្ថុចិន បានចេញមុខប្រតិកម្មភ្លាមភ្លែត ដោយសម្តែងក្តីសោកស្តាយចំពោះចំណាត់ថ្នាក់របស់ទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលអន្តរជាតិ Fitch។ ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសនៅថ្ងៃពុធទី១០មេសាថា លទ្ធផលវាយតម្លៃ ហើយនិងរបៀបវិធីសាស្ត្រវាយតម្លៃរបស់ Fitch ពុំបានឆ្លុះបញ្ជាំងទាល់តែសោះ អំពីការខិតខំប្រឹងប្រែងដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលចិនក្នុងការលើកកម្ពស់វឌ្ឍនភាពសេដ្ឋកិច្ច។ រដ្ឋមន្ត្រីលំនៅដ្ឋានចិន លោក នី ហុង បានសន្យាក្នុងខែមីនា ថាកែសម្រួលការងារវិស័យអចលនទ្រព្យ និងនាំមកនូវស្ថិរភាពឡើងវិញ។ រដ្ឋាភិបាលចិន ប៉ុន្មានខែចុងក្រោយនេះ ក៏បានយកចិត្តទុកដាក់ទាក់ទាញអ្នកវិនិយោគទុនបរទេសសម្បើមណាស់។
ប្រទេសចិន ប្រឈមបញ្ហាសេដ្ឋកិច្ចដែលអូសបន្លាយដ៏រ៉ាំរៃ ពិសេសក្នុងវិស័យអចលនទ្រព្យដែលជាប់គាំងច្រើនខែឆ្នាំ, អត្រាយុវជនអត់ការងារធ្វើ ក៏ឡើងខ្ពស់ជាលំដាប់ ហើយនិង ការបញ្ជាទិញទំនិញចិនទាំងក្នុងនិងក្រៅប្រទេស ជួបកំណើនទាបមែនទែន។
ចំពោះឆ្នាំ២០២៤ ទីភ្នាក់ងារអន្តរជាតិខាងវាយតម្លៃហានិភ័យបំណុល Fitch ព្យាករថា ចិនអាចនឹងកើនសេដ្ឋកិច្ចត្រឹម ៤,៥% ចាញ់ឆ្នាំទៅមិញ ដែលបានដល់ ៥,២%។ ជាការប្រៀបធៀប អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI និង រដ្ឋាភិបាលក្រុងប៉េកាំងខ្លួនឯង បានព្យាករសេដ្ឋកិច្ចចិនថា អាចមានកំណើនប្រមាណ ៥ % ក្នុងឆ្នាំនេះ។
ចំពោះអ្នកជំនាញ, ដើម្បីអាចសម្រេចកម្មវត្ថុនេះបាន ថ្នាក់ដឹកនាំចិនត្រូវការខិតខំប្រឹងប្រែងខ្លាំងទៀត និងត្រូវចាំបាច់កែសម្រួលនយោបាយហិរញ្ញវត្ថុ។ ទីភ្នាក់ងារអន្តរជាតិ Fitch បានឲ្យយោបល់ចិន ថា ចំណូលពីការប្រមូលពន្ធដ៏មានប្រសិទ្ធភាព អាចនឹងជួយជ្រោមជ្រែងដល់វឌ្ឍនភាពសេដ្ឋកិច្ច នាប៉ុន្មានឆ្នាំទៅមុខ៕