ក្រោយលោកសាស្រ្តាចារ្យទទួលមរណភាព ប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា បានផ្សាយបទសម្ភាស និងសម្ដីរបស់លោកឡើងវិញយ៉ាងច្រើន។ ជាពិសេស អ្នកសារព័ត៌មាននានា ដែលបានសម្ភាសលោក បានបង្ហាញអារម្មណ៍សោកសង្រេងខ្លាំង និងស្រណោះលោកបណ្ឌិត។
ទោះបីជាអ្នកសារព័ត៌មាន ដែលមិនបានសម្ភាសលោកសាស្រ្តាចារ្យ ក៏ពួកគាត់ បានបង្ហាញអារម្មណ៍ស្រណោះខ្លាំង និងផ្ដល់គុណតម្លៃចំពោះលោកបណ្ឌិត សំបូរ មាណ្ណារ៉ា។ អ្នកសារព័ត៌មានក្នុងប្រទេស និងក្រៅប្រទេស ដែលជាជនជាតិខ្មែរ យល់ថា លោកសាស្រ្តាចារ្យ ពិតជាបណ្ឌិតខ្មែរមួយរូប ដែលមានសេចក្ដីក្លាហាន បញ្ចេញយោបល់លើប្រព័ន្ធផ្សព្វផ្សាយ។
បណ្ឌិតក្នុងបេះដូងប្រជាជនខ្មែរគ្រប់លំដាប់ថ្នាក់
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាព បានបង្ហាញសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងមរណភាពរបស់សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។ សម្ដេច ហ៊ុន សែន ចាត់ទុកមរណភាពរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។
«មរណភាពរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។» សម្ដេច ហ៊ុន សែន បង្ហាញអារម្មណ៍ចំពោះលោកបណ្ឌិតដូច្នេះ។
ព្រះសង្ឃខ្មែរមួយអង្គ ដែលមានឈ្មោះដ៏ល្បីល្បាញខាងអប់រំផ្លូវចិត្ត ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានចូលរួមរំលែកទុក្ខ និងសូមឱ្យលោក សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព។ ព្រះអង្គមានសង្ឃដីកាដូច្នេះ៖ «យើងបានបាត់បង់បង់ធនធានមនុស្សដ៏ល្អកម្ររកបានលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកប្រវត្តិសាស្ត្រ អ្នកដាស់តឿនយុវជនឱ្យមានស្មារតីស្រលាញ់ជាតិ។»
លោក រៀម ចំរើន អ្នកសារព័ត៌មាន និងជាអតីតសិស្សរបស់លោកសាស្រ្តាចារ្យ រៀបរាប់លើបណ្ដាញសង្គមដូច្នេះ៖ «ជាតិនេះ មានសំណាងណាស់ដែលបានជាសិស្សរបស់បណ្ឌិតមួយរូប។ យើងបានរៀនចង់ដឹងពីប្រវត្តិសាស្រ្តដោយសារគ្រូ។ លោកគ្រូបង្រៀនដោយប្រើក្តៅ។ ព្រោះក្តៅ ទើបពួកយើងប្រឹង។»
មន្រ្តីរាជការ សាស្រ្តាចារ្យ អតីតសិស្សនិស្សិត និងសាធារណៈជនជាច្រើន បានចូលរួមពិធីបុណ្យសពរបស់លោកសាស្រ្តាចារ្យ។ ជាមួយគ្នានេះ សារធារណៈជនទូទៅច្រើនរាប់មិនអស់ បានបង្ហាញអារម្មណ៍សោកស្ដាយស្រណោះលោកសាស្រ្តាចារ្យលើបណ្ដាញសង្គម។
ប្រសាសន៍របស់បញ្ញវន្តខ្មែររូបនេះ នឹងបន្តដាស់តឿនស្មារតី និងផ្ដល់ជាពុទ្ធិដល់ប្រជាជនខ្មែររហូតលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា៕