ជាតិ
រដ្ឋមន្រ្តីកសិកម្ម ពិភាក្សាគម្រោងបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិភាក្សាអំពី គម្រោងកែលម្អសន្តិសុខទឹក នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៨ ខែមេសា។ រូបពីក្រសួងកសិកម្ម
× ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាអំពីគម្រោងកែលម្អសន្តិសុខទឹក ឬហៅថា Water Security Improvement។ គម្រោងនេះ មានទិសដៅបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេ ដោយរួមបញ្ចូលទាំងយន្តការឆ្លើយតបបន្ទាន់សម្រាប់វិបត្តិផ្សេងៗ ជាពិសេសក្នុងបរិបទបម្រែបម្រួលអាកាសធាតុ។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែមេសា លោក ឌិត ទីណា បានគូសបញ្ជាក់ថា «គម្រោងកែលម្អសន្តិសុខទឹក» នឹងអាចជួយកាត់បន្ថយថ្លៃដើម ដែលធ្វើឱ្យកសិករទទួលបានផលចំណេញ ដោយមិនបន្ថែមបន្ទុកចំណាយដល់កសិករលើសេវាប្រើប្រាស់ទឹកឡើយ។
គម្រោងនេះ ទាមទារឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយ និងត្រូវពិនិត្យឱ្យបានស៊ីជម្រៅទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ពិសេសស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាល។ ចំណែក ថវិកាវិញ ត្រូវប្រើប្រាស់ឱ្យចំទិសដៅ ដោយមិនត្រូវបង្កើតបញ្ហាណាមួយឡើយ។ នេះជាការណែនាំរបស់ លោក ឌិត ទីណា ដោយបង្ហើបថា «គម្រោងកែលម្អសន្តិសុខទឹក»នេះអាចចាប់ផ្ដើមពីក្រចេះ និងមណ្ឌលគិរី មុននឹងឈានទៅអនុវត្តជំហានបន្ទាប់នៅខេត្តកំពង់ធំ និងព្រះវិហារ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមពី គោលនយោបាយកសិកម្ម គឺជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍ ដើម្បីឈានទៅលើកកម្ពស់ជីវភាពពលរដ្ឋ៕
Tag:
ឌិត ទីណា
ក្រសួងកសិកម្ម
សន្តិសុខទឹក
© រក្សាសិទ្ធិដោយ thmeythmey.com