កីឡាជាតិ
ជាតិ
គុនល្បុក្កតោ និងសាវលីញ សម្ដែងរួមគ្នា ដើម្បីទាក់ទាញទេសចរ នៅខេត្តសៀមរាប
24, Apr 2024 , 8:29 am        
រូបភាព
ការសម្តែងគុនល្បុក្កតោ និងសៅលីញ ធ្វើឡើងក្នុងបរិវេណខាងជើងនៃប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤មេសានេះ។
ការសម្តែងគុនល្បុក្កតោ និងសៅលីញ ធ្វើឡើងក្នុងបរិវេណខាងជើងនៃប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤មេសានេះ។
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តហឺណាន នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍«When Shaolin Meets Bokator At Angkor» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន។ តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺណាន និងខេត្តសៀមរាប។



ដើម្បីជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណាន នៃប្រទេសចិន ប្រារព្ធព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor។ 



 សម្រាប់ការបង្ហាញពីវប្បធម៌របស់កម្ពុជា និងវប្បធម៌ចិននេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំការបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ ដែលជាក្បាច់គុនអត្ដសញ្ញាណរបស់ប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅម៉ោង ៧:៣០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន ដោយមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធជាង ៥០០នាក់។
 
គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួម នៅខេត្តសៀមរាប ជាពិសេសទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនចិន ឲ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
 


អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារ៉ា យល់ថា នេះ គឺជាឱកាសល្អសម្រាប់ផ្សព្វផ្សាយគុនល្បុក្កតោ ទៅកាន់ប្រទេសចិន និងពិភពលោក។ «គឺយើងអាចបង្ហាញពីអ្វី ដែលយើងមាន និងអ្វីដែលជារបស់ខ្មែរ តាមរយៈការបង្ហាញក្បាច់គុនរួមគ្នា។ ក្បាច់គុនសៅលីញ និងគុនល្បុក្កតោ សុទ្ធតែជាក្បាច់គុនមានប្រវត្តិដ៏យូលង់។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៕

Tag:
 ល្បុក្កតោ
  សៅលីញ
© រក្សាសិទ្ធិដោយ thmeythmey.com