កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ វៀតណាម មានប្រៀបជាង ឥណ្ឌូណេស៊ី សម្រាប់កៅអីជម្រុះអូឡាំពិកប៉ារីស
× ពីតំបន់អាស៊ីអាគ្នេយ៍ មានតែវឿតណាម និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលអាចបន្តទៅវគ្គ៨ក្រុមចុងក្រោយ U-23 AFC Asian Cup ស្របពេលថៃ និងម៉ាឡេស៊ី ត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់វគ្គចែកពូល។ វគ្គ១/៤ ផ្តាច់ព្រ័ត្រ វៀតណាម ជួបអ៊ីរ៉ាក់ ឯឥណ្ឌូណេស៊ី ប៉ះកូរ៉េខាងត្បូង។
ក្រោយការប្រកួតវគ្គសន្សំពិន្ទុពី A ដល់ D រួចរាល់ គេបានរកឃើញ៨ក្រុម ឡើងទៅវគ្គខ្វែង ក្នុងនោះមានម្ចាស់ផ្ទះកាតា ជប៉ុន អ៊ីរ៉ាក់ វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន និងម្ចាស់ការពារតំណែងជើងឯកអារ៉ាប៊ីសាអូឌីត។
ឈានដល់វគ្គ៨ក្រុម U23 វៀតណាម ត្រូវជួបអ៊ីរ៉ាក់ ស្របពេលឥណ្ឌូណេស៊ី ប៉ះក្រុមខ្លាំងកូរ៉េខាងត្បូង។ ចំណោមពីក្រុមនេះ វៀតណាម ហាក់មានប្រៀបជាងឥណ្ឌូណេស៊ី ក្នុងការបន្តទៅកាន់វគ្គ៤ក្រុមចុងក្រោយ Asian Cup ដែលជាតំបន់ត្រូវទទួលបានកៅអីជម្រុះទៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤។
ដោយមើលលើស្តិតិការប្រកួតនៅវគ្គចែកពូល វៀតណាម ឈ្នះ២ និងចាញ់មួយ ដូចគ្នានឹងអ៊ីរ៉ាក់ដែរ។ ប៉ុន្តែបើមើលលើទម្រង់លេង អ៊ីរ៉ាក់ បានចាញ់ថៃ ដែលជាក្រុមមានកម្រិតប្រហាក់ប្រហែលវៀតណាមដែរ។ ដូច្នេះ វៀតណាម ក៏ទំនងអាចយកឈ្នះអ៊ីរ៉ាក់បានដូចគ្នា។
ចំណែកឥណ្ឌូណេស៊ី ដែលបានកោះហៅកីឡាករចូលសញ្ជាតិច្រើន ពិតជាបង្ហាញភាពខ្លាំងរបស់ខ្លួនមែន បើទោះចាញ់ផ្ទះកាតា នៅជំនួបបើកឆាកតាមពូល ប៉ុន្តែពួកគេបានយកឈ្នះក្រុមខ្លាំងដូចជាអូស្ត្រាលី និងហ្សកដានី ដើម្បីឈានទៅវគ្គ៨ក្រុម។ នៅវគ្គ៨ក្រុម ឥណ្ឌូណេស៊ី ទំនងជាពិបាកនឹងរកឱកាសបន្តទៅវគ្គ៤ក្រុម ដ្បិតជួបក្រុមខ្លាំងកូរ៉េខាងត្បូង ដែលឈ្នះទាំង៣ប្រកួត នៅវគ្គចែកពូល ក្នុងនោះឈ្នះទាំងជប៉ុនថែមទៀត។
៨ក្រុមដែលត្រូវជួបគ្នានៅវគ្គខ្វែង ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៥ ខែមេសា៖
- កាតា ជួប ជប៉ុន
- អ៊ីរ៉ាក់ ជួប វៀតណាម
- កូរ៉េខាងត្បូង ជួប ឥណ្ឌូណេស៊ី
- អ៊ូសបេគីស្ថាន ជួប អារ៉ាប៊ីសាអូឌីត៕
© រក្សាសិទ្ធិដោយ thmeythmey.com