ជាតិ
កូនឈើងាប់ផ្លូវជាតិលេខ៣៖ មន្ទីរសាធារណការកំពង់ស្ពឺ នឹងប្តូរដី និងកូនឈើថ្មី
24, Apr 2024 , 10:06 pm        
រូបភាព
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែមេសា បានប្រកាសថានឹងបន្ថែមរថយន្តស្រោចទឹក និងការផ្លាស់ប្តូរដី រួមទាំងកូនឈើថ្មី នៅតាមបណ្តោយផ្លូវជាតិលេខ ៣។



ការប្រកាសពីសំណាក់មន្ទីរទទួលបន្ទុក ធ្វើឡើងក្រោយមានការរិះគន់ខ្លាំងពីពលរដ្ឋទៅលើកូនឈើដែលបានងាប់ជាបន្តបន្ទាប់តាមផ្លូវជាតិលេខ ៣ ព្រោះធ្វើឱ្យបាត់សោភ័ណភាពតាមដងផ្លូវ និងកង្វះការមើលថែទាំ។ កូនឈើដែលងាប់ភាគច្រើនកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦ ត្រង់ចំណុចផ្សារដើមរការ រហូតដល់បង្គោលគីឡូម៉ែត្រលេខ ៦៦ ចំណុចស្ពានស្លាគូ។
 
កន្លងមកមន្ទីរសាធារណការខេត្តកំពង់ស្ពឺ ក៏បានលើកឡើងពីមូលហេតុដែលបណ្តាលឱ្យកូនឈើទាំងនោះបានងាប់ គឺមកពីបញ្ហាអាកាសធាតុឡើងកម្តៅខ្លាំង នារដូវប្រាំង ក៏ដូចជាបញ្ហាដីមិនអំណោយផលក្នុងការដាំកូនឈើ។
 
«ដោយស្ថានភាពដីដែលយកមកដាំកូនឈើតាមតំបន់មួយចំនួនមិនអំណោយផលដល់ការលូតលាស់របស់កូនឈើភាគច្រើនជាដីខ្សាច់ លាយល្បាយថ្ម។ ដើម្បីដោះស្រាយបញ្ហាខាងលើ មន្ទីរនឹងបន្ថែមរថយន្តស្រោចទឹកជាប្រចាំ និងផ្លាស់ប្តូរដាំកូនឈើឱ្យមានគុណភាពល្អ ស្រមទៅតាមទីតាំងសមស្រប »។ នេះបើតាមការបញ្ជាក់លើសេចក្តីប្រកាសរបស់មន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ។
 
ករណីកូនឈើងាប់នៅលើផ្លូវជាតិលេខ ៣ តែងតែកើតមានឡើងនៅតាមតំបន់មួយចំនួន ដោយបញ្ហាធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពតាមផ្លូវនេះ បានធ្វើឱ្យពលរដ្ឋជាច្រើនបានបញ្ចេញមតិរិះគន់ទៅកាន់អាជ្ញាធរគ្រប់គ្រងជារឿយ៕

អត្ថបទទាក់ទង

Tag:
 កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com