ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោសលោក គង់ សភា
24, Apr 2024 , 10:32 pm        
រូបភាព
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ សភា ដែលកំពុងរស់នៅប្រទេសកាណាដា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ សភា ដែលកំពុងរស់នៅប្រទេសកាណាដា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
លោក គង់ សភា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោស តាមសំណើរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។


 
លោក គង់ សភា ដែលកំពុងរស់នៅប្រទេសកាណាដា បានស្នើទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ទូលថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ផ្ដល់សេចក្តីសណ្ដោស និងប្រោសប្រទានលើកលែងទោស និងរួចផុតពីបទចោទទាំងឡាយ ដែលមានជាធរមាន។ អតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ បានផ្ញើលិខិតជូនប្រមុខរដ្ឋាភិបាល កាលពីថ្ងៃទី៩ កុម្ភៈ ២០២៤ យ៉ាងដូច្នេះ៖«ខ្ញុំបាទមានក្តីសង្ឃឹមជឿជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្រ្តី នឹងជួយអន្តរាគមន៍ឱ្យខ្ញុំបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើ់ម្បីអាចវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្ដាយចាស់ជរាដោយក្តីមេត្តាបំផុត»។
 
សម្ដេច ហ៊ុន ម៉ាណែត ក៏យល់ព្រមតាមសំណើរបស់អតីតមន្ត្រីគណបក្សប្រឆាំងរូបនេះ ដោយអនុវត្តតាមនិតិវិធីច្បាប់ នឹងទូលថ្វាយទៅកាន់ព្រះមហាក្សត្រ ។
 
កាលពីថ្ងៃទី១៧ កក្កដា ២០២៣ លោក គង់ សភា និងមនុស្ស១៦នាក់ទៀត ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះបោះឆ្នោត២០ឆ្នាំ ។ ការសម្រេចនេះ ក្រោយពេលលោក គង់ សភា ធ្វើសកម្មភាពញុះញង់ពីក្រៅប្រទេស ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងចំណោមអ្នកទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទញុះញង់ ផងដែរ៕
 

Tag:
 ហ៊ុន ម៉ាណែត
  គង់ សភា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com