កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន នឹងប្រើប្រព័ន្ធ ៣-៤-៣ ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់តារាកម្ពុជា ក្នុងជំនួបសប្បុរសធម៌
25, Apr 2024 , 11:09 am        
រូបភាព
រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នឹងប្រើប្រាស់ប្រព័ន្ធ ៣-៤-៣ ក្នុងនាមជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមកីឡាបាល់ទាត់តារាងកម្ពុជា (CFSS) ទល់នឹងក្រុមគុនខ្មែរ ក្នុងជំនួបសប្បុរសធម៌ ក្រោមមូល​បទ (រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។



ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម និងឈិន ឈឿន ជាគ្រូបង្វឹក បានស្នើ សម្តេច ហ៊ុន សែន ធ្វើជាគ្រូបង្វឹកកិត្តិយស សម្រាប់ការប្រកួតសប្បុរសធម៌ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែឧសភា នៅកីឡដ្ឋានជាតិអូឡាំពិក។ សម្តេច បានយល់ព្រមការអញ្ជើញនេះ និងបានកោះហៅសមាជិកក្រុមកីឡាករទាំងអស់បន្ទាន់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ដើម្បីរៀបចំការប្រកួត និងផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង របស់ក្រុមបាល់ទាត់ CFSS។
  


ក្នុងសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ ​សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថានឹងប្រើប្រព័ន្ធ ៣-៤-៣ ក្នុងការចូលរួមដឹកនាំការប្រកួត ជាមួយគ្រូបង្វឹកផ្លូវការ លោក ឈិន ឈឿន នៅស្តាតអូឡាំពិក ស្របពេលក្រុម CFSS នឹងត្រូវប៉ះក្រុមប្រដាល់គុនខ្មែរ ដែលមានកីឡាករល្បីៗប្រចាំប្រទេស។
 
ការប្រកួតសប្បុរសធម៌ ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។ សម្តេច និភរិយា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន២០០លានរៀលផងដែរ និងអំពាវនាវឱ្យសប្បុរសជន ជួយជាថវិកាដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាលកុមារកម្ពុជាដោយយឥតគិតថ្លៃ។
 
សម្តេច ក៏បានស្នើឱ្យអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com